តារាចម្រៀងហង្សមាស ផន ស្រីខួច (ផន នីដា) ត្រៀមស្ពាយបង្វេចចេញទៅអាមេរិករយៈពេលជិត២ខែ នៅដើមខែសីហា នេះហើយ។ ប៉ុន្តែការទៅអាមេរិកលើកនេះរបស់នាងស្រីខួច មិនមែនដើម្បីច្រៀងសម្តែងរកលុយដូចតារាផ្សេងទេ គឺនាងទៅដើរលេងកម្សាន្តសុទ្ធតែម្តង។

អតីតតារាចម្រៀងរបស់ផលិតកម្ម Rock រូបនេះ ថ្លែងថា “ខ្ញុំទៅអាមេរិក នៅដើមខែហ្នឹង ហើយដែលអាចរយៈពេល១ខែកន្លះទៅ២ខែ។ នេះជាលើកទី២ហើយសម្រាប់ខ្ញុំក្នុងការទៅលេងនៅអាមេរិកហ្នឹង ហើយខ្ញុំទៅមិនទាក់ទងការច្រៀងសម្តែងអីទេ គឺខ្ញុំទៅដើរលេងសុទ្ធតែម្តង”។

ការចេញទៅលំហែអារម្មណ៍របស់ផន នីដា លើទឹកដីអាមេរិកនេះ ធ្វើឱ្យមានការសង្ស័យថា អ្នកចម្រៀងរូបនេះមានគូស្នេហ៍នៅក្រៅស្រុក ហើយនាងទៅដើរលេងជាមួយគូស្នេហ៍ដើម្បីរឹតចំណងស្នេហ៍។ ប៉ុន្តែស្រីខួច ឬនីដា ថា នាងគ្មានអ្នកពិសេសនៅអាមេរិកឡើយ ហើយការទៅលើកនេះគឺដើម្បីលំហែអារម្មណ៍ បន្ទាប់ពីមានការហត់នឿយច្រើនទាក់ទងការងារសិល្បៈពេញ១ឆ្នាំកន្លងមក។

យ៉ាងណា នៅពេលសួរដល់រឿងរៀបការ ឬជ្រើសយកប្រុសជាអនាគតស្វាមីនោះ ស្រីខួច ថានាងមិនអាចកំណត់ពេលវេលាជាក់លាក់នៃការរៀបការបានទេ ហើយក៏មិនអាចនិយាយបានថា ជ្រើសរើសយកបុរសក្នុងឬក្រៅស្រុកបានដែរ ព្រោះអ្វីៗសុទ្ធតែមិនអាចមើលដឹង។

ប៉ុន្តែអតីតតារាចម្រៀង Rock រូបនេះ ថានាងឃើញតារារួមអាជីពថ្មីៗនេះបានចូលរោងការច្រើន អ៊ីចឹងពិតជាមានអារម្មណ៍រំភើបជំនួសពួកគេដែលរកបានគ្រួសារ តែរូបនាងផ្ទាល់បានត្រឹមដើរញ៉ាំការគេប៉ុណ្ណោះ មិនដឹងថាថ្ងៃណាហៅគេមកញ៉ាំការវិញទេ។

ផន ស្រីខួច ទោះជាមានទឹកដមសំឡេងក្រអួនក្រអៅមែន ប៉ុន្តែនាងពិបាកប្រជែងតំណែងតារាស្រីជួរមុខរបស់ហង្សមាស ដូចជា ឱក សុគន្ធកញ្ញា និងពេជ្រ សោភា ជាដើម ទើបធ្វើឱ្យទីផ្សារចម្រៀងរបស់នាងនៅទ្រឹង។

យ៉ាងណាកន្លងមក ហង្សមាស ក៏បានរុញឱ្យនាងចូលថតកុនដែរតាមរយៈរឿង “កូនពស់កេងកង”ហើយពេលនេះ ស្រីខួច ថានាងមិនទាន់ត្រៀមថតរឿងថ្មីទេ ព្រោះចង់បុកចម្រៀងច្រើនជាងការថតកុន៕