តារាចម្រៀងហង្សមាស លោករិន សាវ៉េត ហៅកម្សត់ បានភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មីជាអ្នកច្នៃកាបូប គឺអ្នកនាងលឹម គីមហ្គេច នៅព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ ដោយគ្រោងដឹកដៃគ្នារៀបការនៅឆ្នាំ២០២០ខាងមុខនេះហើយ។

ការរកប្រពន្ធថ្មីរបស់ម្ចាស់បទ “មើលចន្ទនឹកអូន” នៅពេលនេះ ក្រោយពេលដែលលោកបានរស់នៅជីវិតពោះម៉ាយជាង២ឆ្នាំមកហើយ បន្ទាប់ពីភរិយាទី១បានទទួលមរណភាពចោលទៅ ដោយបន្សល់ទុកកូនប្រុសម្នាក់អាយុជិត១០ឆ្នាំ។

រិន សាវ៉េត ថ្លែងថា “ខ្ញុំស្គាល់គាត់ជាង១ឆ្នាំមកហើយ ឥឡូវទើបបានភ្ជាប់ពាក្យជាមួយគ្នា។ ពួកយើងគ្រោងរៀបការនៅឆ្នាំ២០២០ខាងមុខនេះ ព្រោះបើការឆ្នាំហ្នឹងរៀបចំមិនទាន់ទេ។ ខ្ញុំសូមបញ្ជាក់ថា មូលហេតុដែលខ្ញុំត្រូវយកប្រពន្ធថ្មីនៅពេលនេះ ដោយសារតែពេលខ្ញុំចេញទៅច្រៀងសម្តែងនៅក្រៅប្រទេសអី ពិបាកគ្មានអ្នកណាមើលកូន អ៊ីចឹងមានប្រពន្ធទៅបានគាត់ជួយមើលកូន ពេលយើងចេញទៅច្រៀងនៅបរទេសម្តងៗ”។

រិន សាវ៉េត មានប្រពន្ធទី១ ឈ្មោះអ្នកស្រី គង់ សាវី ដែលមានជំងឺមហារីកនិងទទួលមរណភាព កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ក្នុងអាយុ៣៧ឆ្នាំ។ ក្រោយភរិយាស្លាប់ទៅ តារាហង្សមាសរូបនេះបានរស់នៅជាមួយកូនប្រុសក្នុងស្ថានភាពពោះម៉ាយហើយ បានដាក់ហ៊ុនចូលគ្នាជាមួយមិត្តភក្តិបើកហាង ផឹកស៊ី“វីរៈជន” តែបានសេងវិញ កាលពីពេល ថ្មីៗនេះ។

ដោយសារពោះម៉ាយហើយរស់នៅផ្ទះជួលទៀត ទើបមុននេះ រិន សាវ៉េត ទទួលបានផ្ទះមួយល្វែងពីសម្តេចតេជោ ហើយដើម្បីឱ្យជីវិតមានរស្មីឡើងវិញ ទើបពេលនេះតារាធ្លាប់មានប្រវត្តិកម្សត់ជិះម៉ូតូកញ្ចាស់កណ្តាល ភ្លៀងធ្លាក់មិនឆេះរូបនេះត្រូវតែយកប្រពន្ធថ្មី ហើយគ្រោងរៀបការនៅឆ្នាំក្រោយនេះ។

គេឃើញមានតារារួមអាជីពទៅអបអរសាទររិន សាវ៉េត ភ្ជាប់ពាក្យប្រពន្ធថ្មី ដូចជា លោកសាពូន មីដាដា, សុវណ្ណ មករា, ម៉ៃ សុគន្ធ ជាដើម ដែលពួកគេសុទ្ធតែសម្តែងការរីករាយ ព្រោះឃើញសាវ៉េត លែងរស់នៅរងាបេះដូងទៀតហើយ៕
