អតីត Freshie Girls លេខ5 កាលពីឆ្នាំ 2013 ឃុន ចាន់មូណា បានឱ្យដឹងថា ពេលនេះបេះដូងរបស់នាងមិនទាន់មានម្ចាស់ថ្មីថ្នមថែទេ ក្រោយពេលដែលនាងបានចែកផ្លូវគ្នាជាមួយសង្សារចាស់ លោកសេង រតនៈ មក ព្រោះរកអ្នកថ្មីចេះតែមិនត្រូវចិត្ត។

យ៉ាងណា មូណា ថា មានគេតាមស្រលាញ់ច្រើនទាំងក្នុងនិងក្រៅស្រុក រួមទាំងអ្នកធំៗមួយចំនួនទៀតផងដែរ។ ប៉ុន្តែស្រីស្រស់មូណា ថា ទំនាក់ទំនងរវាងនាងនិងអតីតសង្សារ គឺប្រែមកជារាប់អានគ្នាធម្មតាមិនបានពាក់មុខយក្សដាក់គ្នាឡើយ។

ឃុន ចាន់មូណា វាចាថា “តាំងពីខ្ញុំបែកសង្សារមក ពួកយើងជួបគ្នារាប់អានគ្នាធម្មតាតើ មិនមែនសត្រូវគ្នាទេ។ ខ្ញុំមានអ្នកតាមស្រលាញ់ច្រើនដែរទាំងក្នុងនិងក្រៅស្រុក ហើយអ្នកធំៗក៏មានដែរ។ ប៉ុន្តែឥឡូវហ្នឹងអាចនិយាយបានថា ខ្ញុំនៅទំនេរទេ អត់ទាន់មានអ្នកថ្មី ព្រោះអ្នកស្រលាញ់យើងសុទ្ធតែមិនទាន់ច្បាស់លាស់។ សម្រាប់ខ្ញុំមិនមែនស្រលាញ់តែប្រុសក្មេងទេ គឺសំខាន់បុរសនោះស្រលាញ់ខ្ញុំស្មោះនិងស្រលាញ់គ្រួសារខ្ញុំដែរ អាហ្នឹងខ្ញុំអាចទទួលយកបានហើយ”។

ក្រោយចែកផ្លូវគ្នាជាមួយសង្សារនេះ ឃុន ចាន់មូណា ទៅណាតែម្នាក់ៗឯង ដែលខុសពីមុននាងតែងបណ្តើរគ្នាត្រសងជាមួយអតីត Freshie Boys លេខ1 សេង រតនៗ។

កញ្ញាមូណា ថា ពេលនេះអាជីពភាពយន្តរបស់នាងថតបានជាង10រឿងមកហើយ តែនៅថ្ងៃខាងមុខនាងចង់មានមុខរបរថ្មីមួយនៅក្រៅសិល្បៈ ប៉ុន្តែមិនបោះបង់ការសម្តែងទេ ព្រោះនាងស្រលាញ់សិល្បៈតាំងពីនៅតូចម៉្លេះ។

នាងថា សម្រាប់ឆ្នាំ2019នេះ ក្រៅពីថតរឿងឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ5 រឿង “មិត្តឫស្យា” និងរឿង “អន្ទាក់ស្នេហ៍” នេះ នាងក៏បានថតរឿងឱ្យប៉ុស្តិ៍បាយ័ន និងហង្សមាសផងដែរ ដែលត្រៀមចេញឆាប់ៗនេះហើយ។ ប៉ុន្តែរឿងស្នេហាថ្មីវិញ ចាន់មូណា ថា ឆ្នាំនេះនាងទើបអាយុ23ឆ្នាំ អ៊ីចឹងមិនប្រញាប់អន្ទះសារកអ្នកថ្មីភ្លាមៗទេ៕
