Thursday, September 18, 2025
Homeតារាខ្មែរសួស វីសា-កែវ សីហា រៀបចំមង្គលការបុកគ្នា

សួស វីសា-កែវ សីហា រៀបចំមង្គលការបុកគ្នា

តារាចម្រៀងហង្សមាស កញ្ញាសួស វីសា នឹងដឹកដៃប្រុសក្មេងលោកប៊ុនថុល ប៊ុនថង ហៅថមមី រៀបការនៅខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះហើយ ក្រោយពេលដែលពួកគេបានភ្ជាប់ពាក្យកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នាជាង៥ឆ្នាំមក។

តារាចម្រៀងសួស វីសា បង្ហាញអារម្មណ៍ហាក់ស្ទាក់ស្ទើរចំពោះមង្គលការរបស់នាងថា តើក្រោយរៀបអាពាហ៍ពិពាហ៍ហើយ នាងនៅតែល្បីដូចមុនឬអត់នោះ? នាងបានប្រាប់ថា ចាំមើលសភាពជាក់ស្តែងជាមុនសិន ខណៈដែលមុនសម្រេចចិត្តកំណត់ពេលវេលារៀបការជាក់លាក់នេះ នាងនិយាយថា អាចប្រឈមការធ្លាក់ចុះការងារសិល្បៈ ទាំងរូបនាងនិងស្វាមីផងដែរ ព្រោះក្រោយរៀបការហើយមិនដូចមុនរៀបការទេ។

ប៉ុន្តែមូលហេតុដែលនាងមិនអាចអូសបន្លាយរឿងរៀបការតទៅទៀតបាន ដោយសារតែនាងត្រូវតែធ្វើពិធីនេះឡើងដើម្បីតម្រូវចាស់ទុំទាំងសងខាង ដែលពួកគាត់ចង់ឃើញនាងរៀបការឱ្យហើយ ពេលនេះគាត់ចាស់ៗអស់ទៅហើយ អ៊ីចឹងពន្យារពេលមិនកើតទៀតឡើយ។

គេកត់សម្គាល់ថា មង្គលការរបស់សួស វីសា នៅខែវិច្ឆិកាខាងមុខនេះ គឺបុកគ្នាជាមួយមង្គលការរបស់ពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញាកែវ សីហា ជាមួយលោកដុកទ័ររូបសង្ហាម្នាក់ដែរ ដែលពួកគេដេញពេលាទៅចំខែវិច្ឆិកា ដូចវីសា ដែរ។

ទោះជាយ៉ាងណា ពិធីរៀបអាពាហ៍របស់តារាល្បីទាំង២ដួង សួស វីសា និងកែវ សីហា នេះ គឺជាន់តែខែប៉ុណ្ណោះមិនជាន់ថ្ងៃគ្នាឡើយ ខណៈដែលអ្នកយកព័ត៌មានយើងធ្លាប់ព្យាយាមសួរតារាទាំង២ ពីថ្ងៃរៀបការជាក់លាក់ដែរ តែពួកគេព្យាយាមលាក់ ហើយនិយាយដូចគ្នាថា ដឹងតែខែវិច្ឆិកា ហ្នឹងទៅបានហើយ។

ដោយឡែកមហាជនវិញ បានលើកឡើងថា ទាំងសួស វីសា និង កែវ សីហា ដែលនឹងរៀបការបុកគ្នានេះ គឺតារាទាំង២ពិតជាភ្នែកមុតមែន ព្រោះរកបានអនាគតប្តីសុទ្ធតែសង្ហាមិនចាញ់គ្នាឡើយ។

វីសា រៀបការជាមួយលោកថមមី ជាតារាសម្តែងរូបសង្ហាម្នាក់មិនចាញ់អតីតសង្សាររបស់នាង លោកមាស សាឡី ឡើយ។ ចំណែក កែវ សីហា វិញ អនាគតប្តីនាងដែលជាគ្រូពេទ្យនោះជាប្រុសក្មេងរូបសង្ហា មិនចាញ់តារាទេ ហើយដៃគូនៅលើឆាកទាំង២របស់នាង ដែលធ្លាប់ស៊កសំដីលេបខាយដាក់សីហា គឺប៉ែន ចំរ៉ុង និងឌីជេ ហេរ៉ូ នោះ បនាត្រឹមតែឱបរឹតនៅលើឆាកប៉ុណ្ណោះ ព្រោះបេះដូងសីហា បានប្រគល់ទៅឱ្យលោកដុកទ័រ ឃុំគ្រងទាំងយប់ថ្ងៃទៅហើយ។

កញ្ញាកែវ សីហា

យ៉ាងណា ការបញ្ចប់ភាពនៅលីវរបស់តារាទាំង២ដួង សួស វីសា និងកែវ សីហា នេះ ប្រាកដជាធ្វើឱ្យប្រុសៗជាច្រើនទៀត មានការសោកស្តាយជាមិនខាន ព្រោះថាពេលនេះពួកគេអស់សិទ្ធិប្រជែងស្នេហ៍ដោយសារវីសា និងសីហា សុទ្ធតែមិនមានបេះដូងនៅទំនេរដូចៗគ្នា។

សួស វីសា ធ្លាប់និយាយថា មូលហេតុដែលនាងត្រូវសម្រេចចិត្តដឹកដៃលោកថមមី រៀបការ ដោយផាត់ចោលប្រុសៗផ្សេងៗតាមស្នេហានាងនោះ ដោយសារតែគូដណ្តឹងរបស់នាងចេះយល់ចិត្តនាងច្បាស់ណាស់ ហើយនាងមិនធ្លាប់ប៉ងប្រាថ្នាតំណែងជំទាវដូចគេទេ ព្រោះគិតថា គ្រាន់តែជាតារាចម្រៀងសាមញ្ញម្នាក់ គឺមានតែរៀបការជាមួយអ្នកយល់ចិត្តច្បាស់ទេ ទើបអាចរក្សាចំណងស្នេហ៍បានយូរអង្វែង។

ដោយឡែក កែវ សីហា វិញថា នាងបានភ្ជាប់ពាក្យជាមួយលោកដុកទ័រ ៣ឆ្នាំមកហើយ តែរឿងស្រលាញ់គ្នាវិញដល់ទៅ៩ឆ្នាំ អ៊ីចឹងស្គាល់ចិត្តគ្នាដូចថ្ងៃ និងគ្មានភ័យចំណងស្នេហាប្រែប្រួលទេ។

ក្រៅពីសួស វីសា និងកែវ សីហា ដែលត្រៀមគ្រងឈុតកូនក្រមុំបុកគ្នានៅខែសីហា នេះ សម្រាប់ឆ្នាំ២០១៩ គឺមានតារា១០ដួង មកហើយ ដែលបានរៀបការ ក្នុងនោះគឺ នី រតនា, សុខ ស្រីលក្ខណ៍, សៅ ឧត្តម, កុល ដាវី, សូ អេណា, ឈឹម អរិយា, ឃី សុឃុន, ឱក សុគន្ធកញ្ញា, ណូ ម័រ, អាលីហ្សា៕

RELATED ARTICLES