តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានអះអាងថា នាងរក្សាគោលជំហរ គឺនឹងមិនចេញទៅច្រៀងសម្តែងនៅបរទេសទេ ប្រសិនបើគ្មានឪពុករបស់នាងទៅជាមួយ។
ការតាំងចិត្តបែបនេះធ្វើឱ្យបណ្តាខាង Sponsor មួយចំនួនរារែកចិត្ត ព្រោះពួកគេចង់ឱ្យតែស្រីស្រស់រូបនេះទៅតែម្នាក់ឯង ទើបធ្វើឱ្យអ៊ីវ៉ា អាក់ខានចេញទៅច្រៀងសម្តែងនៅបរទេសរហូតដល់ទៅជិត10ប្រទេសឯណោះ។

ទោះជាយ៉ាងណា តារាវ័យក្មេងរបស់សាន់ដេ រូបនេះថា មិនមែនចោលទីផ្សារនៅក្រៅស្រុកជារៀងរហូតនោះទេ គឺនឹងមើលតាមសភាពជាក់ស្តែង ហើយបើខាង Sponsor ណាអាចធានាទាំងនាងនិងឪពុកទៅជាមួយ គឺនាងនឹងចេញទៅ។

អ៊ីវ៉ា វាចាថា “មិនមែនខ្ញុំមិនទៅច្រៀងនៅបរទេស ព្រោះមិនហ៊ានជិះយន្តហោះទេ! ខ្ញុំធ្លាប់ជិះយន្តហោះហើយ តែកន្លងមកគេទាក់ទងឱ្យខ្ញុំច្រៀងនៅបរទេស គឺគេត្រូវការតែយើងម្នាក់ តែខ្ញុំចង់ទៅជាមួយប៉ាខ្ញុំ បានខ្ញុំអាចចេញទៅបាន។ បើទៅម្នាក់ឯង ទោះជាខ្ញុំចង់ចេញទៅ ក៏ប៉ាខ្ញុំមិនឱ្យទៅដែរ។ និយាយទៅ ខ្ញុំមិនហ៊ានទៅណាម្នាក់ឯងទេ ព្រោះជាទម្លាប់ទៅហើយខ្ញុំទៅណាក៏មានប៉ាម៉ាក់តាមជាប់រហូតហ្នឹង អត់ដែលទម្លាប់ដើរតែឯងសោះ។ ប៉ាខ្ញុំក៏មិនឱ្យខ្ញុំទៅម្នាក់ឯងដែរ”។

អ៊ីវ៉ា ថា ដោយសារភ្ជាប់ជាមួយលក្ខខណ្ឌបែបនេះហើយ ទើបធ្វើឱ្យនាងអាក់ខានចេញទៅច្រៀងសម្តែងនៅបរទេសដល់ទៅជិត10ប្រទេស គឺដូចជា អាមេរិក, បារាំង, កាណាដា, អូស្ត្រាលី, ជប៉ុន, កូរ៉េ, ថៃ និងចិន ជាដើម។

ប៉ុន្តែនៅពេលត្រូវសួរថា តើការដែលអ៊ីវ៉ា មាន ឪពុកតាមការពារជាប់ជានិច្ច ព្រោះខ្លាចប្រុសៗតាមញ៉ែ ឬមានអ្នករំខាននោះ អ៊ីវ៉ា បែរជាថា នាងមិនភ័យខ្លាចរឿងទាំងអស់នេះទេ ប៉ុន្តែនាងមានទម្លាប់ទៅណាបើអត់មានម៉ែឪតាមទេ គឺអារម្មណ៍មិនស្ងប់ក្នុងចិត្តឡើយ។

ក្រៅពី អ៊ីវ៉ា តារាចម្រៀងដែលត្រូវឪពុកតាមជាប់ជានិច្ច មានដូចជា សុខ ពិសី, លីនដា, ព្រះកាយ ច័ន្ទ និងស៊ូ ស៊ីរីកា ជាដើម។

ដោយឡែក អ៊ីវ៉ា វិញ ទោះជាត្រូវឪពុកតាមស្អិតយ៉ាងណាក៏មានមន្ត្រីធំៗតាមស្នេហាកាន់តែច្រើនដែរ ហើយក្នុងនោះអ្នកតាមនាងស្អិតជាងគេ គឺប្អូនផ្កាយ2 លោក “ប” ថៅកែក្លឹប និងហាងបញ្ចាំនៅក្រុងសៀមរាប៕