ស្រីស្រស់ពុធ ស្រីខួច បានចាប់ដៃប្រុសសង្ហាលោកឃឹម ហ្សានីត សម្តែងរឿង “ល្បិច លួងល្បួងស្នេហ៍” ដែលភាពយន្តនេះចំណាយទុនផលិតដល់ទៅ១០ម៉ឺនដុល្លារ។ នេះបើតាមការអះអាងរបស់លោកប៊ុន ស៊ា ចាងហ្វាង ផលិតកម្ម B&S Good Day Video។
យ៉ាងណា ស្រីស្អាតស្រីខួច មានអារម្មណ៍ភ័យផងអរផង ហើយនាងអះអាងថា ជាលើកទី១ហើយដែលបានចាប់ដៃប្រុសសង្ហា ហ្សានីត លេងជាមួយគ្នា តែនាងជឿជាក់ថា អាចធ្វើបាន បើទោះជាពីមុនមកមិនដែលបានប៉ះគ្នាក្តី។

អតីត Freshie លេខ១ កាលពីឆ្នាំ២០១៤ រូបនេះបានឱ្យដឹងថា នាងមិនទាន់ដឹងច្បាស់ពីខ្លឹមសារដែលត្រូវសម្តែងក្នុងរឿងមួយនេះទេ ព្រោះមិនទាន់បានឃើញប៉ារ៉ូល។ ប៉ុន្តែនាងថា សង្ឃឹមមានឈុតស្នេហាជាមួយលោកហ្សានីត តិចតួចទៅចុះ ព្រោះបើមានឈុតស្នេហាខ្លាំងៗរោលរាលពេក នាងក៏មិនហ៊ានសម្តែងដែរ។

ដោយឡែកប្រុសសង្ហា ឃឹម ហ្សានីត ដែលមានកម្ពស់ដល់ទៅ ១,៨៥ម៉ែត្រនោះ បានអះអាងថា ទោះជានេះជាលើកទីមួយដែលបានប៉ះជាមួយស្រីខួច មែន តែលោករីករាយខ្លាំងណាស់ ព្រោះថា បានចាប់ដៃគូជាមួយស្រីស្អាតតូចតន់នេះ។

លោកហ្សានីត ថែមទាំងនិយាយថា បើប៉ះស្រីស្អាតដូចស្រីខួច ទៅហើយ អ្នកណាមិនចង់លេងជាមួយទៅ អ៊ីចឹងលោកមានតែប្រឹងសម្តែងឱ្យអស់ពីសមត្ថភាពហើយ ទើបបាន។
ក្រៅពីមានស្រីស្អាតពុធ ស្រីខួច និងប្រុសសង្ហា ឃឹម ហ្សានីត ជាតួឯកនោះរឿង “ល្បិចលួងល្បួងស្នេហ៍” ក៏មានតារាប្រុសស្រីល្បីៗជាច្រើនទៀតបានចូលរួមសម្តែង ខណៈដែលអ្នកដឹកនាំរឿងនេះ គឺលោកទឹត ធារិទ្ធ, ថតដោយលោកហួន ចិន និងចាត់ចែងការផលិតទូទៅ ដោយកញ្ញាឆុំ វត្តី។

លោកប៊ុន ស៊ា ចាងហ្វាងផលិតកម្ម B&S បានប្រាប់នៅថ្ងៃក្រុងពលីរឿង “ល្បិចលួង ល្បួងស្នេហ៍” ដែលរៀបចំនៅផ្ទះសំណាក់ B.S Good day កាលពីព្រឹកថ្ងៃទី៧ ខែសីហា នោះថា ភាពយន្តនេះនឹងដាក់បញ្ចាំងនៅទូរទ្សន៍ប៉ុស្តិ៍លេខ៥ អំឡុងខែធ្នូ ឆ្នាំ២០១៩ នេះហើយ។

លោកថា រឿងនេះចំណាយទុនផលិតជាទឹកប្រាក់អស់ច្រើនជាងរឿងមុនៗ ពោលគឺដល់ទៅ១០ម៉ឺនដុល្លារឯណោះ ហើយការថតប្រើពេល៤ខែ និងមាន៤០ភាគ។

ថៅកែផលិតកម្មរូបនេះថា នេះមិនមែនជារឿងទី១ទេ តែ B&S បានផលិតជាច្រើនរឿងមកហើយ ដែលសហការជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហើយតាមរយៈការដាក់ទុនច្រើនលើកនេះ លោកសង្ឃឹមថា រឿងនេះនឹងមានគុណភាពទទួលបានការចាប់អារម្មណ៍ពីមហាជនជាមិនខានឡើយ៕