តារាកំប្លែង CTN និងជាអ្នកចម្រៀងរបស់ផលិតកម្មសាន់ដេ កញ្ញាវ៉ាន់នីឡា នឹងដឹកដៃសង្សារថ្មីដែលជាកូនមន្រី្ដធំរៀបការនៅឆ្នាំ២០២០ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។
ការលើកពេលចូលរោងការរបស់តារាកំប្លែងរូបសម្រស់ស្អាត នីឡា នេះ គឺអាចបណ្ដាលមកពីនាងខ្លាចចំណងស្នេហាមានការប្រែប្រួលដូចមុន ទើបនាងប្ដូរចិត្តពីធ្លាប់និយាយថា នឹងរៀបការនៅឆ្នាំ២០២១ ដោយធ្វើនៅឆ្នាំ២០២០វិញ។

លោកតាវុិចទ័រ ឪពុកតារាកំប្លែងវ៉ាន់ នីឡា បានទទួលស្គាល់ថា ដំណឹងនេះជាការពិត ប៉ុន្តែលោកមិនទាន់ប្រាប់ពីថ្ងៃជាក់លាក់នៃមង្គលការរបស់កូនស្រីលោកឡើយ។
លោកវ៉ិចទ័រ ថ្លែងថា ”កូនស្រីខ្ញុំរៀបការនៅឆ្នាំក្រោយ (២០២០) ហ្នឹងមែន គឺធ្វើនៅក្រោយចូលឆ្នាំខ្មែរ”។

ដោយឡែក តារាចម្រៀងវ៉ាន់ នីឡា វិញ បាននិយាយបន្ថែមថា នាងបានត្រៀមខ្លួនរួចជាស្រេចទៅហើយសម្រាប់មង្គលការនៅឆ្នាំក្រោយនេះ ព្រោះចាស់ទុំទាំងសងខាងបានឯកភាពគ្នាអស់ហើយ។
នាងបន្តថា ត្រូវតែរៀបការនៅឆ្នាំ២០២០ គឺមិនអាចបង្អង់តទៅទៀតបានទេ ព្រោះថាពេលនេះនាងឃើញតារាសិល្បៈរួមអាជីពរៀបការ ក៏ចង់រៀបការដូចគេដែរ។

តារាកំប្លែង CTN និងជាអ្នកចម្រៀងរបស់សាន់ដេ អះអាងថា ”ខ្ញុំការឆ្នាំក្រោយហ្នឹងហើយ។ ឥឡូវអត់ទាន់ដឹងថ្ងៃច្បាស់ទេ ប៉ុន្តែដឹងតែឆ្នាំ២០២០ហ្នឹង”។
បើទោះជាវ៉ាន់ នីឡា ថាចំណងស្នេហារបស់នាងនិងសង្សារថ្មី គឺពេលនេះចិត្តមួយថ្លើមមួយមែន ប៉ុន្ដែនៅថ្ងៃដែលនាងទៅចូលរួមមង្គលការអ្នកនាងខ្ញុងនិងនាយកៃដ កាលពីថ្ងៃទី៨ ខែសីហា នោះ បែរជាតារាកំប្លែងរូបស្អាតនេះ មិនបានបណ្ដើរគូស្នេហ៍ចូលរួមដូចតារាដទៃទៀតឡើយ ទើបធ្វើឲ្យអ្នកខ្លះសង្ស័យថា នីឡា និងប្រុសស្នេហ៍ថ្មីជួបរឿងរកាំរកូសជាមួយគ្នាទៀតហើយ។

ប៉ុន្ដែនីឡា បានច្រានចោលដោយអះអាងថា អនាគតស្វាមីរបស់នាងមិនចូលចិត្តមកចូលរួមកម្មវិធីអ៊ូអរអីចឹងទេ ហើយតាមបណ្ដាកម្មវិធីតារាផ្សេងៗទៀត ក៏នាងមិនដែលនាំសង្សារទៅចូលរួមដែរ ព្រោះតែដឹងថា សង្សាររបស់នាងមិនចូលចិត្ត។

វ៉ាន់ នីឡា បានភ្ជាប់ពាក្យជាមួយលោកផន រង្សី ដែលជាកូនថៅកែល្ខោនបាសាក់ ភី សុគន្ធ ដោយនាងថែមទាំងទទួលបានថ្លៃទឹកដោះដល់ទៅ៣ម៉ឺនដុល្លារទៀតផង។ ប៉ុន្ដែចំណងស្នេហានេះបានចែកផ្លូវគ្នាកណ្ដាលផ្លូវ ដោយលោករង្សី បែរជាថា នីឡា ស្អាតមិនសាកសមជាមួយលោកមិនសង្ហាទៅវិញ ហើយពួកគេក៍ផ្ដាច់ពាក្យគ្នាវិញ។

លោករង្សី បានទៅភ្ជាប់ពាក្យភ្លាមៗជាមួយកូនក្រមុំអ្នកខេត្តតាកែវ ខណៈដែលនីឡា រកបានសង្សារថ្មីជាកូនអតីតមន្រ្ដីធំម្នាក់ ហើយនាងបានប្រកាសថា នឹងរៀបការនៅឆ្នាំ២០២១ ប៉ុន្ដែពេលនេះបានប្ដូរចិត្តមករៀបការនៅឆ្នាំ២០២០វិញម្ដង។

ប្រភពបានឲ្យដឹងថា តារាកំប្លែងតូចតន់ នីឡា មានមន្ដស្នេហ៍មិនធម្មតាទេ ក្រោយបែកអតីតគូដណ្ដឹង ធ្លាប់លេចឮថា នាងត្រូវបានឧកញ៉ាចង់រាយអន្ទាក់ស្នេហ៍ទៀតផង ប៉ុន្តែនីឡា បានជ្រើសស្នេហ៍ប្រុសក្មេង ហើយក្រាបផ្ទឹមនៅឆ្នាំក្រោយនេះហើយ៕
