នាយចឺម បានសារភាពថា តាំងពីមានស្នេហាថ្មីជាមួយអូនហ្វា ធ្វើឱ្យនាយបានកំណត់រួចជាស្រេចទៅហើយថា នឹងត្រៀមខ្លួនចូលរោងការនៅរយៈពេល៥ឆ្នាំខាងមុខទៀតឬអាយុ២៩ឆ្នាំ ឱ្យខាងតែបាន មិនអាចបង្អែរបង្អង់តទៅទៀតឡើយ។

នាយចឺម ថ្លែងថា “អ្នកខ្លះថា អាចឺម ស្រីច្រើន បើយ៉ាងៗហ្នឹង ខូចអាចឺម អស់ហើយ! ខ្ញុំទទួលស្គាល់ថា អាចឺម មានសង្សារស្អាតៗហ្នឹងមែន ព្រោះថា អាចឺម ក៏សង្ហាដែរ។ ចំពោះរឿងខ្ញុំជាមួយអាហ្វា វិញ ដូចជាមិនទាន់មានស្នេហាអីស៊ីជម្រៅជាមួយគ្នាទេ… (សើច)។ ខ្ញុំអាចនិយាយបានថា ទាល់តែ៥ឆ្នាំទៀត បានខ្ញុំកំណត់ត្រូវតែរៀបការតែម្តង លែងបង្អង់យូរតទៅទៀតហើយ”។
នាយចឺម ថា ការដែលនាយមិនអាចអន្ទះសារដឹកដៃអូនហ្វា ចូលរោងការក្នុងពេលឆាប់ៗនេះបាន ដោយសារតែនាយនៅធ្វើផ្ទះវីឡាជូនម្តាយនៅឯស្រុកកំណើតខេត្តកំពង់ស្ពឺ មិនទាន់រួចរាល់ ហើយម៉្យាងទៀតគិតថា ពេលនេះប្រឹងរកលុយសិន។

យ៉ាងណា សង្សារថ្មីរបស់នាយចឺម គឺស្រីស្អាតអូនហ្វា ដែលមានសាច់សខ្ចីញ៉េញនោះវិញ បានឱ្យដឹងថា នាងត្រូវការពិនិត្យចិត្តថ្លើមនាយចឺម ឱ្យបានច្បាស់លាស់ជាមុនសិន ទើបគិតគូររឿងរៀបការតាមក្រោយ។
ស្រីស្រស់ប៊ែលឡា ហៅអូនហ្វា វាចាថា “ឥឡូវស្ថិតក្នុងតំណាក់កាលមើលចិត្តថ្លើមគ្នាជាមុនសិន មិនទាន់អាចនិយាយដល់រឿងរៀបការបានទេ ព្រោះពួកយើងនៅក្មេងៗណាស់។ ត្រូវតែឱ្យច្បាស់លាស់សិន ទើបគិតរៀបការតាមក្រោយ”។

ការបញ្ចោញសង្សារថ្មីរបស់នាយចឺម នៅពេលនេះ ក្រោយពេលដែលនាយរបូតសង្សារជាស្រីស្អាតអស់ម្តងដល់ទៅ២នាក់ក្នុងពេលតែមួយនោះ គឺស្រីស្អាតពុធ ស្រីខួច និងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ដែលពេលនេះពួកគេសុទ្ធតែរកបានសង្សារថ្មីចោលនាយចឺម អស់ទៅហើយ។

យ៉ាងណា នាយចឺម ដែលរកបានសង្សារថ្មីខ្ចីល្ហក់មិនចាញ់អតីតសង្សារទាំង២នោះ ប្រហែលជាមិនឱ្យដើរជាន់ដានចាស់ ត្រូវប្រុសផ្សេងឆក់ទៅបាត់ទៀតទេ ទើបនាយបានកំណត់ពេលវេលារៀបការជាស្រេចទៅហើយ ព្រោះខ្លាចសង្សារធ្លាក់ក្នុងកណ្តាប់ដៃប្រុសផ្សេងទៀត។

ដោយឡែក តារាមួយចំនួនដែលស្និទ្ធនាយចឺម បានឱ្យដឹងថា ក្រោយពេលតារាសាន់ដេ រូបនេះ បង្ហាញសង្សារថ្មីខ្ចីល្វក់មក ទាំងអូនខួច និងអូនម៉ីម៉ី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពេលនេះពួកគេបានកំណត់ថ្ងៃរៀបការទៀត ធ្វើឱ្យស្រីស្អាតទាំងពីរស្រឡាំងកាំងនិយាយមិនចេញតែម្តង ព្រោះថាកន្លងមកលេចឮថា នាយចឺម សាវាខ្លាំងណាស់ស្នេហ៍បានតែមួយឆាវក៏រត់ទៅរកថ្មីមួយទៀត ប៉ុន្តែពេលនេះនាយចង់ដឹកដៃអូនហ្វា រៀបការទៅវិញ។

ប៉ុន្តែទាំងកញ្ញាស្រីខួច និងម៉ីម៉ី មិនបានបង្ហាញអារម្មណ៍ស្តាយក្រោយដែលនាយចឺម ជិតក្លាយទៅជាប្តីនាងហ្វា នោះទេ ព្រោះថាពេលនេះពួកនាងក៏មានសង្សារថ្មីឱបរៀងៗខ្លួនមិនចាញ់លោកចឺម ឡើយ។

មុនដឹកដៃកំពូលស្នេហ៍ចូលរោងការនេះ នាយចឺម ត្រៀមចេញទៅច្រៀងសម្តែងនៅអាមេរិក រយៈពេលខ្លី នៅអំឡុងខែកញ្ញានេះ ដោយមិនអាចនាំអូនហ្វា ហោះទៅជាមួយឡើយ។ យ៉ាងណា ពេលនេះនាយចឺម និងអូនហ្វា ចិត្តមួយថ្លើមមួយទៅហើយ ក្រោយសាងស្នេហ៍ក្រោមដំបូលផ្ទះតែមួយ ហេតុនេះហើយកញ្ញាប៊ែលឡា មិនភ័យខ្លាចនាយចឺម ក្បត់ចិត្តទៅមានស្រីថ្មីនៅអាមេរិក ចោលនាងឡើយ៕