Thursday, September 18, 2025
Homeតារាខ្មែរអន្ទិតតាក់ស៊ី ទម្លាយរឿងពិត ដាក់ទានប្រពន្ធឱ្យប្រុសក្មេង

អន្ទិតតាក់ស៊ី ទម្លាយរឿងពិត ដាក់ទានប្រពន្ធឱ្យប្រុសក្មេង

ភ្នំពេញ ៖ អន្ទិតតាក់ស៊ី បានបញ្ជាក់ប្រាប់ដោយឥតលាក់លៀមថា លោកនិងអ្នកនាងភឹម គ្មាននិស្ស័យបានជួបគ្នាជាប្តីប្រពន្ធវិញទេដោយសារនាងមានអ្នកថ្មីទៀតទៅហើយ លោកក៏មិនបានខឹងនឹងប្រពន្ធដែលអត់ទទួលយកលោកវិញក្រោយពេលសឹកបែរជាទៅស្រលាញ់ប្រុសថ្មីនោះទេ ព្រោះលោកបានដាក់ទានប្រពន្ធឱ្យទៅប្រុសក្មេងនោះទៅហើយ នៅពេលពួកគេបានដឹកដៃគ្នាទៅសំពះសុំលោកកាលលោកនៅបួសជាសង្ឃនៅវត្តថ្មីដងទង់នោះ។ ដូច្នេះលោកមានតែជូនពរឱ្យពួកគេជួបតែសេចក្តីសុខសុភមង្គលតទៅមុខជាពិសេសសុំឱ្យបុរសថ្មីចេះស្រលាញ់កូនរបស់លោកដូចជាកូនបង្កើត។

ជួបជាមួយ “នគរធំ” តាមទូរស័ព្ទ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ លោកប៉ុល សារឿង ហៅនាយតាក់ស៊ី បានបញ្ជាក់ថា “រឿងភរិយាមិនទទួលខ្ញុំជាប្តីវិញ ខ្ញុំអត់ខឹងទេ ដោយសារតែទី១ ខ្ញុំអនុញ្ញាតឱ្យគាត់យកស្វាមីថ្មី ហើយទី២ ខ្ញុំបានធ្វើសន្និសីទកាសែតប្រាប់ថា អ្វីៗខ្ញុំប្រគល់ជូនគាត់ទាំងអស់ គឺខ្ញុំទៅសាងផ្នួសអស់មួយជីវិត ក៏ប៉ុន្តែវាចៃដន្យអកុសលដែលខ្ញុំមិនអាចទ្រាំទ្រនឹងប្រផ្នួសបានព្រោះសុខភាព និងខ្ញុំដាក់ (សឹក) មកវិញ ក៏ប៉ុន្តែខ្ញុំអត់ក្បត់ពាក្យសន្យាឬក៏វិលត្រលប់ទៅវិញទេ ដោយសារគាត់មានទៀតហើយ”។

នាយតាក់ស៊ី  បន្តថា “ចំពោះរឿងថា គាត់នឹងរៀបការចេញមុខឬយ៉ាងណា រឿងហ្នឹងខ្ញុំអត់ដឹងដែរ ប៉ុន្តែរឿងហ្នឹងគាត់បានទៅថ្វាយបង្គំកាលខ្ញុំនៅជាសង្ឃ គាត់សុំអនុញ្ញាតខ្ញុំដែរ ខ្ញុំថាឱ្យយកទៅ ហើយទី២ គឺខ្ញុំនិយាយប្រាប់គាត់ជួបទាំងខាងប្រុសនិងខាងស្រី បើយើងអស់និស្ស័យជាប្តីប្រពន្ធ យើងរាប់អានជាបងប្អូនទៅ យើងអត់មានប្រកាន់ខឹងទេ ដោយខ្ញុំអត់ប្រកាន់ទោសអូសដំណើរអីដែរ ធ្វើម៉េច និស្ស័យអស់ត្រឹមហ្នឹង ដូច្នេះអត់ប្រកាន់គាត់ទេ គឺខ្ញុំសប្បាយចិត្តវិញ ដោយសារយើងធ្វើអារម្មណ៍តាមហ្នឹង ភ័ព្វព្រេងវាសនាចារមកហើយ យើងមិនអាចបានអីមកវិញ មានតែទៅតាមផលបុណ្យផលកម្ម បានន័យថា ពេលនេះខ្ញុំនិងគាត់រស់នៅបែកគ្នាជាផ្លូវការហើយ មិនអាចវិលជួបគ្នាវិញទេ”។

លោកតាក់ស៊ី រៀបរាប់បន្តទៀតថា “រឿងប្រពន្ធកូនហ្នឹង ខ្ញុំអត់មានការស្តាយស្រណោះទៀតទេ សង្ឃឹមថា ពួកគាត់នឹងរស់នៅជាមួយអ្នកថ្មីបានសេចក្តីសុខហើយ ព្រោះទ្រព្យសម្បត្តិទាំងអម្បាលម៉ាន ខ្ញុំប្រគល់ជូនគាត់អស់ហើយ។ ទ្រព្យសម្បត្តិហ្នឹង មានផ្ទះ មានដី មានឡាន មានម៉ូតូ ហើយនិងលុយកាក់ដែលគាត់ទុកដាក់ហ្នឹង ខ្ញុំអត់ដឹងចំនួនប៉ុន្មានទេ។ ចំពោះគូជីវិតថ្មីរបស់គាត់ហ្នឹង គឺមិនមែនជាអ្នកសិល្បៈទេ គាត់ខាងអាជីវករទេ ជាអ្នករកស៊ី តែគាត់ក្មេងទេ ខ្ទង់២០ជាង អាយុតិចជាភរិយារបស់ខ្ញុំ ប៉ុន្តែគេមានសុខភាពល្អ”។

គួរបញ្ជាក់ថា ក្រោយពីនាយតាក់ស៊ី សឹកវិញ បន្ទាប់ពីបួសជាសង្ឃបានមួយរយៈខ្លីនោះ តារាកំប្លែងអ្នកនាងភីម ជាអតីតប្រពន្ធបានសារភាពថា អ្នកនាងមិនអាចទៅមើលថែលោក ក្នុងនាមជាប្តីប្រពន្ធដូចមុនទេ ដោយសារតែមុនទៅបួសអតីតស្វាមីនេះ បានផ្តិតមេដាយលែងលះអ្នកនាងជាផ្លូវការរួចទៅហើយ។

តារាកំប្លែង អ្នកនាងភីម បដិសេធបន្តថា មានមូលហេតុជាច្រើនដែលមិនអាចឱ្យនាងត្រឡប់មកធ្វើជាប្តីប្រពន្ធជាមួយនាយតាក់ស៊ី បាន ក្នុងនោះមានទាំងការរត់ចោលផ្ទះញឹកញាប់ផងដែរ។

អ្នកនាងភីម មិនបានបញ្ជាក់ច្បាស់ថា អ្នកនាងមានអ្នកថ្មីទេ ប៉ុន្តែអ្នកនាងនិយាយថា រវាងអ្នកនាងនិងនាយតាក់ស៊ី បានលែងលះគ្នាហើយដោយបានផ្តិតមេដៃ ព្រមទាំងមានគ្រួសារ  និងមន្ត្រីអាជ្ញាធរដឹងឮផង។

អ្នកនាង ភីម បង្ហើបថា រយៈពេលនៃការរួមរស់ជាមួយគ្នា នាយតាក់ស៊ី ធ្វើឱ្យអ្នកនាងនិងកូនប្រុសពិបាកផ្លូវចិត្តច្រើន ជាពិសេសក្នុងពេលដែលលោកមានសតិអារម្មណ៍បន្តិចបន្តួច ចង់តែរត់ចោលប្រពន្ធកូន ធ្វើឱ្យអ្នកនាងមានអារម្មណ៍ខ្វះភាពកក់ក្តៅ។ ជាក់ស្តែង មុនពេលទៅបួសលើកចុងក្រោយ នាយតាក់ស៊ី រត់ចោលផ្ទះសម្បែងដោយឱ្យអ្នកនាងនិងកូនទៅតាមរក និងអង្វរទម្រាំព្រមត្រឡប់មកផ្ទះ ម្តងជាពីរដងមកហើយ។  នៅមានបញ្ហាជាច្រើនទៀត ដែលអ្នកនាងពិបាកនិយាយ។

អ្នកនាងភីម បញ្ជាក់ថា “មនុស្សទាំងអស់គេថា ខ្ញុំឃើញគាត់ឈឺ បោះបង់គាត់ ប៉ុន្តែគាត់ដឹងខ្លួនគាត់ហើយថាគាត់បានធ្វើអ្វីខ្លះ មុនពេលផ្តិតមេដៃលែងខ្ញុំ មុនទៅបួស។ ខ្ញុំអង្វរគាត់ណាស់ ថាឱ្យគាត់បួសតែមួយរយៈហើយវិលវិញទៅ តែគាត់នៅតែចង់លែងខ្ញុំ ហើយចង់បួសមួយជីវិត ដល់ឥឡូវគាត់បួសអត់កើត តើខ្ញុំត្រូវតាមគាត់បែបហ្នឹងដល់អង្កាល់ទៀត”។

ទោះបីយ៉ាងណា ហាក់ឆ្លើយតបនឹងការលើកឡើងរបស់អ្នកនាងភីម ខាងលើនេះ នាយតាក់ស៊ី បានបញ្ជាក់ពីខាងដើមហើយថា លោកអត់ខឹងរឿងអ្នកនាងភីម មិនទទួលយកលោកជាស្វាមីវិញនោះទេ គឺលោកមិនស្តាយក្រោយចំពោះអ្វីដែលបានសម្រេចចិត្តទេ បើទោះជាលោកមិនអាចបួសមួយជីវិត ព្រោះតែជំងឺប្រចាំកាយក៏ដោយ។

ដូច្នេះជាចុងក្រោយ លោកមានតែជូនពរឱ្យអតីតភរិយានិងស្វាមីថ្មីនោះជួបតែសុភមង្គលជារៀងរហូតទៅ។ ជាមួយនេះ លោកក៏សុំអរគុណដល់លោកសុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ ដែលបានទទួលយកលោកមកឱ្យលេងកំប្លែងនៅស្ថានីយទូរទស្សន៍ CTN ឡើងវិញ ព្រោះពេលនេះលោកគ្មានសល់អ្វីក្រៅពីខោអាវ៕

RELATED ARTICLES