Friday, September 19, 2025
Homeតារាខ្មែរអាឡិច ចាន់ត្រា ក្លាយជាទូតសុច្ឆន្ទៈស្រាបៀរ Singha Beer ត្រៀមចេញទៅអង់គ្លេស១សប្តាហ៍

អាឡិច ចាន់ត្រា ក្លាយជាទូតសុច្ឆន្ទៈស្រាបៀរ Singha Beer ត្រៀមចេញទៅអង់គ្លេស១សប្តាហ៍

តារាសម្តែង លឹម ប៉ោស្រុន ហៅអាឡិច ចាន់ត្រា បានអាក់ខានចេញទៅច្រៀងសម្តែងនៅប្រទេសកាណាដា ទើបធ្វើឱ្យអ្នកនាងឡាយ លក្ខិណា ដែលគ្រោងចាប់ដៃគូជាមួយប្រុសសង្ហារូបនេះត្រូវខកចិត្ត។

យ៉ាងណា អាឡិច ចាន់ត្រា ថា ការមិនបានចេញទៅច្រៀងសម្តែងនៅកាណាដា នេះ ដោយសារលោកមានធុរៈ ហើយពេលនេះលោកត្រៀមហោះចេញទៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស នៅថ្ងៃទី១៩ ខែកញ្ញា ហើយនឹងវិលត្រឡប់មកវិញ នៅថ្ងៃទី២៥ ខែកញ្ញា។

លោកលឹម ប៉ោស៊្រុន បានឱ្យដឹងថា “ខ្ញុំទើបវិលត្រឡប់មកពីច្រៀងសម្តែងនៅអូស្ត្រាលី កាលពីថ្ងៃទី៣ ខែកញ្ញា ហ្នឹង ដោយសម្តែងបានរដ្ឋមួយចំនួន  ដូចជា រដ្ឋស៊ីដនីយ៍ និងអាដឺឡែត៍ ជា ដើម។ ទៅអូស្ត្រាលី លើកនេះ ខ្ញុំបានរួមដំណើរជាមួយតារាចម្រៀង ព្រះកាយ ច័ន្ទ, សៅ ឧត្តម, អ្នកនាងគន្ធា និងអ្នកភ្លេងម្នាក់ទៀតនៅហង្សមាស ប៉ុន្តែដោយសារខ្ញុំមានធុរៈ ទើបខ្ញុំមកមុនគេ”។

លោកចាន់ត្រា បន្តទេឱ្យតថា “ចំពោះការអាក់ខានមិនបានចេញទៅច្រៀងសម្តែងនៅកាណាដា ជាមួយបងស្រីឡាយ លក្ខិណា នោះ ដោយសារតែម្តាយរបស់ខ្ញុំឈឺព្យាបាលនៅពេទ្យថៃ អ៊ីចឹងខ្ញុំត្រូវតែមកមើលគាត់។ ម៉្យាងទៀត នៅថ្ងៃទី១៩ ខែកញ្ញា នេះ ខ្ញុំត្រូវចេញទៅប្រទេសអង់គ្លេស ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ស្រាបៀរ Singha Beer ដើម្បីទៅទស្សនាការប្រកួតបាល់ទាត់នៅអង់គ្លេស និងមានដំណើរកម្សាន្តផងដែរ។ ខ្ញុំនឹងវិលមកស្រុកវិញ នៅថ្ងៃទី២៥ ខែកញ្ញា”។

អាឡិច ចាន់ត្រា ជាតារាសម្តែងម្នាក់ដែលចេញទៅច្រៀងសម្តែងនៅបរទេសជារៀងរាល់ឆ្នាំតែម្តង ដោយគ្រាន់តែប្រទេសអូស្ត្រាលី មួយ តារារូបនេះបានចេញទៅ១៥លើក ហើយគិតត្រឹមឆ្នាំ២០១៩ នេះ។

តាមរយៈការកើបលុយក្រៅស្រុក និងបើកក្រុមហ៊ុនកម្សាន្តបម្រើសេវាកម្មផ្គត់ផ្គង់ខាងតន្ត្រី និងចម្រៀងតាមបណ្តាកម្មវិធីផ្សេងៗនោះ ធ្វើឱ្យអាឡិច ចាន់ត្រា កាក់កបខ្លាំង រហូតមានលទ្ធភាពទិញផ្ទះវីឡាភ្លោះនៅបុរីប៉េង ហួត (បឹងស្នោ) តម្លៃជាង៤០ម៉ឺនដុល្លារ ហើយថ្មីៗនេះ អាឡិច បានទិញរថយន្តទំនើបម៉ាក BMW តម្លៃជាង១០ម៉ឺនដុល្លារ បន្ថែមពីលើរថយន្ត Lexus RX 350 ទៀតផង ខណៈដែលរថយន្ត Lexus RX 330 ត្រូវបានចោរលួចទៅបាត់។

អាឡិច ចាន់ត្រា បញ្ជាក់ថា ពេលនេះលោកបានសម្រេចគោលដៅជីវិតខ្ទង់៧០%ហើយ ប៉ុន្តែចំពោះរឿងរៀបការវិញ នៅតែគ្មានដំណឹងកំណត់ជាក់លាក់ទេ ខណៈដែលកន្លងមក លោកចាន់ត្រា ធ្លាប់បង្ហើបថា កំពុងស្វែងយល់ចិត្តគ្នាជាមួយនារីអាណិកជនខ្មែរ នៅបរទេសម្នាក់៕

RELATED ARTICLES