Friday, September 19, 2025
Homeតារាខ្មែរពេជ្រ ច័ន្ទធីតា ឡើងថ្លៃ ក្រោយចេញពីហង្សមាស

ពេជ្រ ច័ន្ទធីតា ឡើងថ្លៃ ក្រោយចេញពីហង្សមាស

តារាចម្រៀងវ័យក្មេង ពេជ្រ ច័ន្ទធីតា ដែលជាអតីតពិធីការិនីហង្សមាស “ឋានសួគ៌ក្រោមមេឃ” បានឱ្យដឹងថា ទោះជាកន្លងមកនាងមិនមានផលិតកម្មធំដូចគេឈរជើងក្តី ប៉ុន្តែអាជីពជាតារាចម្រៀងនិងការធ្វើពិធីការិនីនោះ អាចផ្គត់ផ្គង់ជីវភាពរបស់នាងឱ្យរស់នៅដោយថ្លៃថ្នូរ មិនចាំបាច់មានអ្នកឧបត្ថម្ភ។

ស្រីស្រស់តូចច្រឡឹង ច័ន្ទធីតា វាចាថា ជាមធ្យមនាងអាចរកលុយបានពីអាជីពសិល្បៈក្នុង១ខែ ចន្លោះពី២០០០ទៅ២៥០០ដុល្លារហើយ ខែខ្លះរវល់ច្រើនកើនដល់៣០០០ដុល្លារទៀតផង។

ការរកបានប្រាក់ចំណូលច្រើនបែបនេះ ដោយសារពេជ្រ ច័ន្ទធីតា អាចច្រៀងក៏បាន ធ្វើជាពិធីការិនីក៏បាន ហើយតម្លៃខ្លួននាងច្រៀង១កម្មវិធី ស៊ីថ្លៃពី៣០០ទៅ៥០០ដុល្លារ ខណៈដែលការធ្វើពិធីការិនីវិញ នាងទទួលបានតម្លៃចាប់ពី៥០០ទៅ៨០០ដុល្លារ គឺទៅតាមប្រភេទកម្មវិធីនីមួយៗ។

បើទោះជាកញ្ញាពេជ្រ ច័ន្ទធីតា នៅមិនទាន់មានតម្លៃខ្លួនដល់កំពូលទាំងច្រៀងនិងការធ្វើពិធីការិនីក្តី ប៉ុន្តែតាមរយៈការមមាញឹកស្ទើររាល់ថ្ងៃនេះ ធ្វើឱ្យស្រីស្រស់អាចរកប្រាក់ទិញរថយន្ត Toyota Prius តម្លៃជាង១ម៉ឺនដុល្លារ បានដោយខ្លួនឯង ដោយមិនពឹងឪពុកម្តាយឡើយ ខណៈដែលឆ្នាំនេះ នាងទើបមានអាយុ២៤ឆ្នាំប៉ុណ្ណោះ គឺនៅមានពេលវេលាជាច្រើនទៀតក្នុងការពង្រឹងសមត្ថភាព ឬក្តាប់ឱកាសការងារសិល្បៈក្នុងដៃ។

គេកត់សម្គាល់ដែរថា ការកើនប្រាក់ចំណូលនៅពេលនេះ គឺក្រោយពេលដែលច័ន្ទធីតា សម្រេចចិត្តដើរចេញពីទូរទស្សន៍ហង្សមាស ទៅជ្រកកោននៅទ្រនំថ្មី PNN ដោយកាន់កម្មវិធីដល់ទៅ២ គឺ “Boostrong Music On Fire” និង “គ្រួសាររីករាយ”។

កញ្ញាច័ន្ទធីតា ថា នៅពេលខាងមុខនេះ នាងក៏បានត្រៀមខ្លួនបញ្ចោញបទចម្រៀងថ្មីៗនៅផលិតកម្មមួយដែរ ខណៈដែលបទចម្រៀងនាងបានថតរួចរាល់ហើយ គឺនៅចាំតែផលិតកម្មបញ្ចោញប៉ុណ្ណោះ។

ថ្វីត្បិតតែកញ្ញាពេជ្រ ច័ន្ទធីតា ហាក់កំពុងរលូនទាំងអាជីពចម្រៀង, ពិធីការិនី និងរឿងស្នេហាក្តី ប៉ុន្តែអតីតគ្រូបង្រៀនភាសារអង់គ្លេស ក្រុងតាខ្មៅរូបនេះ មិនទាន់មានគម្រោងដឹកដៃសង្សារថ្មីជាតន្ត្រីករល្បីឈ្មោះ ចូលរោងការនៅចុងឆ្នាំ២០១៩ ដោយពេលខ្លះនាងមិនចង់និយាយឈ្មោះសង្សារឱ្យដឹង ព្រោះខ្លាចខូចក្រេឌីតទៀតផង” 

RELATED ARTICLES