Sunday, September 21, 2025
Homeតារាខ្មែរផូ មុនីពៅ រៀបការជិត១០ឆ្នាំ ទទួលបានសុភមង្គលណាស់

ផូ មុនីពៅ រៀបការជិត១០ឆ្នាំ ទទួលបានសុភមង្គលណាស់

អតីតពិធីការិនី CTN អ្នកនាងផូ មុនីពៅ បានចាកចេញពីអាជីពសិល្បៈជិត១០ឆ្នាំមកហើយ ដែលបច្ចុប្បន្ននាងកំពុងរស់នៅប្រទេសបារាំង ជាមួយស្វាមីរូបសង្ហាដែលជាជនជាតិបារាំង។

មុនីពៅ តែងតែបង្ហាញរូបភាពផ្អែមល្ហែមស្នេហ៍ជាមួយស្វាមីយ៉ាងមានសេចក្តីសុខ ដូចជាការដើរកម្សាន្តនៅតំបន់ទេសចរណ៍ល្បីៗលើពិភពលោកជាមួយប្តី ខណៈដែលចំណងស្នេហ៍ឆ្លងទ្វីបនេះ នាងទទួលបានកូនប្រុសម្នាក់អាយុជិត៣ឆ្នាំ។

បើតាមបុគ្គលិកបម្រើការនៅ CTN ដែលធ្លាប់រួមការងារជាមួយផូ មុនីពៅ បានបង្ហើបឱ្យដឹងថា អតីតពិធីការិនីរូបនេះក៏ធ្លាប់នាំស្វាមីចុះមកលេងស្រុកជាញឹកញាប់ផងដែរ គ្រាន់តែនាងចូលចិត្តរក្សាភាពស្ងប់ស្ងាត់ មិនដែលឡើងបង្ហាញមុខតាមទូរទស្សន៍ដូចតារាមួយចំនួនទៀតដែលទៅរស់នៅស្រុកគេដែលមកលេងស្រុកកំណើតនោះទេ។

ប្រភពនោះបានឱ្យដឹងដែរថា ស្វាមីមុនីពៅ ជាមន្ត្រីស្ថានទូតរបស់រដ្ឋាភិបាលបារាំង ហេតុនេះហើយ ពេលលោកចប់ការងារនៅប្រទេសមួយ ត្រូវទៅប្រទេសមួយទៀត អ៊ីចឹងហើយបានជាមុនីពៅ ត្រូវដើរគ្រប់ប្រទេសតាមស្វាមីបែបនេះ។

ផូ មុនីពៅ បានរៀបការកាលពីថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០១១ ជាមួយលោកអេរិក មន្ត្រីធ្លាប់បម្រើការនៅស្ថានទូតបារាំង ប្រចាំនៅកម្ពុជា។ ក្រោយរៀបការ មុនីពៅ បានបោះបង់អាជីពសិល្បៈទាំងសម្តែង និងពិធីការិនី ហើយពេលនេះនាងផ្តោតតែលើការចំណាយពេលវេលាជាមួយក្រុមគ្រួសារប៉ុណ្ណោះ។

តារាចម្រៀងខ្មែរ ដែលធ្លាប់ចេញទៅច្រៀងសម្តែងនៅបារាំង បានបង្ហើបឱ្យដឹងថា ពួកគេទៅច្រៀងសម្តែងនៅទីនោះបានជួបតារាខ្មែរដែលរស់នៅបារាំង ស្ទើរតែទាំងអស់ដែលទៅទស្សនារាំលេងកម្សាន្ត។ ប៉ុន្តែ ផូ មុនីពៅ ម្នាក់ គេមិនដែលប្រទះឃើញទេ។

ប្រភពនោះបន្តថា មើលទៅនាងមិនមានពេលកម្សាន្តជាមួយអ្នកសិល្បៈដូចមុនឡើយ ព្រោះស្វាមីជាប់រវល់ ចំណែកឪពុកម្តាយក្មេករបស់នាងជាគ្រួសារអភិជនមួយនៅបារាំង ហេតុនេះហើយពួកគេមិនចង់ឱ្យនាងមានទំនាក់ទំនងជាមួយការងារសិល្បៈទៀតទេ៕

RELATED ARTICLES