បទចម្រៀងមនោសញ្ចេតនាដ៏ល្បីល្បាញរបស់តារាចម្រៀងសាន់ដេ ឆាយ វីរៈយុទ្ធ “ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ” ដែលចេញជាង៣ឆ្នាំទៅហើយនោះ នៅតែអង្រួនចិត្តអ្នកស្ដាប់ឲ្យអន្លង់អន្លោចទៅតាមអត្តន័យបទចម្រៀង ដែលត្រូវទៅនឹងជីវិតមនុស្សមួយចំនួននាពេលបច្ចុប្បន្ន។

ជាក់ស្ដែង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលតារាចម្រៀងឆាយ វីរៈយុទ្ធ កំពុងច្រៀងសម្ដែងនៅឆាកតន្រ្ដី ស្រុកអង្គរជ័យ ខេត្តកំពត ដែលមានការគាំទ្រច្រើននោះ ស្រាប់តែពេលចុះពីលើឆាកវិញ មានក្រុមអ្នកគាំទ្រម្នាក់បានចាប់ដៃលោកជាប់ ហើយស្រក់ទឹកភ្នែករលេងរលោង ព្រោះតែស្រលាញ់ម្ចាស់បទនេះខ្លាំងពេក។

ក្រុមអ្នកគាំទ្រលោកវីរៈយុទ្ធ ដែលទប់ទឹកភ្នែកមិនជាប់ពេលបានជួបតារាសាន់ដេ រូបនេះ ដោយផ្ទាល់ និយាយថា រាល់ពេលដែលគាត់មើលបទ ”ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ” គាត់យំរហូត ហើយមិននឹកស្មានថា ពេលនេះបានជួបម្ចាស់បទដោយផ្ទាល់ រហូតដល់រំភើបពេកទប់ទឹកភ្នែកលែងជាប់តែម្ដង។

ក្រៅពីបង្ហាញភាពស្និទ្ធស្នាលជាមួយក្រុមអ្នកគាំទ្រតារាចម្រៀងឆាយ វីរៈយុទ្ធ ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រររបស់លោកផងដែរ ដែលតែងតែផ្ដល់ក្ដីស្រលាញ់ដល់លោករហូតមក ហើយទោះជាពេលលោកទៅច្រៀងដល់ឆាកណា ក៏មានការលើកទឹកចិត្តដែរ។

តារាចម្រៀងសាន់ដេ រូបនេះ ក៏មានឲ្យដឹងថា លោកនឹងប្រឹងរកអ្វីដែលថ្មីៗមកបំពេអារម្មណ៍បងប្អូនមហាជនតទៅទៀត មិនឲ្យអ្នកគាំទ្រលោកខកបំណងឡើយ។

ឆាយ វីរៈយុទ្ធ ជាតារាចម្រៀងម្នាក់ឈរលំដាប់កំពូលដែលអាចច្រៀងបាន ទាំងសំឡេងទាបនិងខ្ពស់ ហើយបទចម្រៀងមនោសញ្ចេតនារបស់លោក តែងតែចាក់ចំបេះដូងរបស់យុវវ័យឲ្យអន្លង់អន្លោចទៅតាមអត្ថន័យបទចម្រៀង ដូចជា ថ្មីៗនេះ វីរៈយុទ្ធ ចេញបទ ”នឹកអូនស្ទើរដាច់ខ្យល់” កំពុងទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ។

គួរបញ្ជាក់ថា ឆាយ វីរៈយុទ្ធ បានរៀបការកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ជាមួយអ្នកនាងសែ ចាន់ឌី ហើយចំណងស្នេហ៍ជាង២ឆ្នាំនេះ ទទួលបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះវីរៈយុទ្ធ អភិជាតាទេវី ហៅអាតារ៉ា (Atara) ដែលមានអាយុជាង៣ខែទៅហើយ៕