Sunday, September 21, 2025
Homeតារាខ្មែរហេតុអីស្រីស្អាត រ៉េត ស៊ូហ្សាណា ថៅកែពេញចិត្តជាងគេ?

ហេតុអីស្រីស្អាត រ៉េត ស៊ូហ្សាណា ថៅកែពេញចិត្តជាងគេ?

តារាចម្រៀងរ៉េត ស៊ូហ្សាណា ត្រូវបានថៅកែផលិតកម្មរស្មីហង្សមាស លើកឱ្យល្បីក្លាយជាតារាចម្រៀងសំខាន់របស់ផលិតកម្មមួយនេះ តាមរយៈការលេចមុខនៅតាមបណ្តាការប្រគំតន្ត្រីធំៗ និងស្ពតពាណិជ្ជកម្មជាច្រើនទៀត។

បើក្រឡេកទៅមើលតារាចូលហង្សមាស ស្របាលៗគ្នា បូករួមទាំងម្ចាស់ពានមួយចំនួនផង មិនមានតារាណាមានសន្ទុះខ្លាំងជាងស្រីស្អាតស៊ូហ្សាណា ទេ ហេតុនេះហើយបានជាធ្វើឱ្យអ្នកចម្រៀងរួមក្រុមមួយចំនួន រួមទាំងតារាមកពីផលិតកម្មផ្សេងផងចាត់ទុកថា អ្នកចម្រៀងវ័យក្មេងសាច់សខ្ចីរូបនេះឡើងកូដដោយសារតែលោកថៅកែហង្សមាស ពេញចិត្តនិងយកចិត្តទុកដាក់ជាងតារាផ្សេងៗទៀតនៅទ្រនំនេះ។

យ៉ាងណា ដំណឹងនេះធ្លាប់ត្រូវបានតារាចម្រៀងជើងចាស់របស់ផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា បានធ្វើការច្រានចោល ដោយនាងចេញមុខការពារស្រីស្រស់ហ្សាណា ថា នាងជាអ្នកចម្រៀងដូចតែគេតែឯងនៅហង្សមាស មិនមែនថៅកែពេញចិត្តលើកជាងគេនោះទេ។

ពេជ្រ សោភា ថែមទាំងថា ហ្សាណា ជាអ្នកចម្រៀងវ័យក្មេងម្នាក់ដែលមានទេពកោសល្យល្អ ហើយនៅថ្ងៃអនាគតថែមទាំងអាចចូលទៅជំនួសតំណែងរបស់នាង និងតារាចម្រៀងផ្សេងៗទៀតរបស់ហង្សមាស ដែលមានវ័យចាស់ៗទៀតផង។

ការអះអាងបែបនេះរបស់ពេជ្រ សោភា ហាក់ផ្ទុយទៅនឹងការលើកឡើងរបស់អ្នកជំនាញសិល្បៈលោកមុិញ សុធីវណ្ណ ដែលថា រ៉េត ស៊ូហ្សាណា មានការចាប់អារម្មណ៍ពីមហាជនតែលើរូបសម្រស់ និងការច្រៀងបទចម្រៀងជាភាសាអង់គ្លេស ចំណែកការច្រៀងបទខ្មែរ នាងនៅមានកម្រិតឬនៅត្រូវការពេលវេលាបន្ថែមទៀត។

រ៉េត ស៊ូហ្សាណា អតីតបេក្ខនារី The Voice Cambodia រដូវកាលទី២ តែបរាជ័យក្នុងការលើកពាន ដោយសារមិនអាចប្រជែងជាមួយលោកថែល ថៃ បានឡើយ ទើបធ្វើឱ្យនាងធ្លាក់ចេញពីកម្មវិធីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ទោះជាយ៉ាងណា តាមរយៈការមាន រូបសម្រស់ស្អាតសាច់សខ្ចីដូចបណ្តូលចេកនោះ ធ្វើឱ្យហ្សាណា បានចូលហង្សមាស និងល្បីដោយងាយ បើទោះជាពេលនេះនាងមានបទចម្រៀងរបស់នាងត្រឹមតែ២បទ ដែលលេចធ្លោ គឺ “ឈប់” និង “ប្រយោគស្នេហ៍”ក្តី។

អ្នករៀបចំកម្មវិធីប្រគំតន្ត្រីបានឱ្យដឹងថា តារាចម្រៀងរូបនេះស៊ីថ្លៃក្បែរ២ពាន់ដុល្លារ ក្នុង១កម្មវិធី ហើយតាំងពីមានព័ត៌មានថា ផលិតកម្មរស្មីហង្សមាស ចងជើងនាងនិងអនុញ្ញាតឱ្យច្រៀងតែនៅប៉ុស្តិ៍ទូរទស្សន៍របស់ខ្លួន និងបាយ័ន មក ស្រាប់តែពេលនេះផលិតកម្មធំមួយនេះលែងសូវរឹតបន្តឹងនាងដូចមុនទៀតហើយ ដោយឱ្យនាងទៅច្រៀងនៅឆាក CTN ជាដើម ដែលធ្វើឱ្យស្រីស្រស់កាន់តែមានទីផ្សារ។

រ៉េត ស៊ូហ្សាណា មិនទាន់ប៉ះរឿងអាស្រូវស្នេហាដូចតារាស្រីស្អាតផ្សេងៗទៀតឡើយ រយៈពេលដែលនាងឈរជើងនៅហង្សមាស ជាង២ឆ្នាំនេះ ខណៈដែលកន្លងមក ស្រីស្អាតរូបនេះត្រូវបានឪពុកម្តាយតាមការពារជាប់ជានិច្ច។

អ្នកដឹកនាំសម្តែងខារ៉ាអូខេនៅផលិតកម្មហង្សមាស ម្នាក់បានបង្ហើបឱ្យដឹងថា ស៊ូហ្សាណា ធ្វើការគោរពពេលវេលា និងតុបតែងខ្លួនបានស្អាតបែបជាតារាយុវវ័យ ហេតុនេះហើយបានជានាងត្រូវបានផលិតកម្មពេញចិត្ត ហើយមានទីផ្សារសិល្បៈលឿនរហ័សបែបនេះ៕

RELATED ARTICLES