សុគន្ធ និសា បានធ្វើខួបកំណើតឱ្យតារាសម្តែង លោកអាឡិច ចាន់ត្រា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នេះ ធ្វើឱ្យមានការចាប់អារម្មណ៍គួរសមពីអ្នកលេងបណ្តាញសង្គម ព្រោះថា កន្លងមក អ្នកទាំង២ មិនដែលថតសម្តែង MV និងភាពយន្តជាមួយគ្នាបែបស្និទ្ធស្នាលឡើយ។

ក្រុមអ្នកគាំទ្រតារាទាំងសងខាង បានសរសើរចំពោះទឹកចិត្តសុគន្ធ និសា ខណៈដែលអ្នកខ្លះទៀតបានងាកមកនិយាយពីស្វាមីរបស់នាងថា មានទឹកចិត្តល្អកម្ររកបាន ព្រោះ មិនចេះប្រចណ្ឌភរិយាផ្តេសផ្តាសឡើយ ដូចជាពេលនេះ និសា បានធ្វើខួបកំណើតជូនប្រុសសង្ហា លោកអាឡិច ចាន់ត្រា នេះជាដើម។

ថ្វីត្បិតតែសុគន្ធ និសា ត្រូវបានស្វាមីអនុញ្ញាតឱ្យច្រៀងសម្តែងដោយគ្មានការប្រចណ្ឌហួងហែងមែន ប៉ុន្តែតាមព័ត៌មានថា អាណិកជនខ្មែរ មកពីរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក លោកចៅ សម្បត្តិ ហៅសាំបា ក៏មិនមែនអត់ចេះប្រចណ្ឌ និសា គ្រប់ពេលវេលាទាំងអស់នោះ ដែរ គឺលោកដឹងរឿងត្រូវប្រចណ្ឌ និងមិនត្រូវប្រចណ្ឌ។

ប្រភពបានឱ្យដឹងថា ស្វាមីសុគន្ធ និសា ហាមដាច់ខាតមិនឱ្យនាងថតសម្តែងភាពយន្ត ឬខារ៉ាអូខេណាដែលមានឈុតស្នេហាឱបថើបរោលរាល ប៉ុន្តែការដែលនិសា រាប់អានជាមួយមិត្តភក្តិ គឺលោកមិនតឹងតែងឡើយ ជាក់ស្តែង ដូចជារឿងនិសា ធ្វើខួបកំណើតឱ្យលោក អាឡិច ចាន់ត្រា នៅពេលនេះក្តី បើទោះជាអ្នកទាំង២ មិនធ្លាប់សម្តែងស្អិតល្មួតជាមួយគ្នាមែន ប៉ុន្តែអាឡិច ជាប្រធានក្រុមហ៊ុនកម្សាន្តមួយដែលធ្លាប់ហៅនិសា ច្រៀងតាមកម្មវិធីផ្សេងៗ។

ហេតុនេះហើយ នាងចង់ធ្វើឱ្យតារាសម្តែងរូបនេះភ្ញាក់ផ្អើល ក៏លើកនំខេកជូនអបអរថ្ងៃខួបដែលមិនមែន និសា ចេញលុយជប់លៀងធ្វើខួបឱ្យអាឡិច ទ្រង់ទ្រាយធំនោះទេ ហេតុនេះហើយបានជាស្វាមីរបស់នាងមិនប្រចណ្ឌ។

គួរបញ្ជាក់ថា សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ជាមួយលោកចៅ សម្បត្តិ ដែលជានាយកផ្នែកប្រតិបត្តិក្រុមហ៊ុនមេនញូឡាយ។

ចំណងស្នេហ៍ជាង២ឆ្នាំនេះ និសា មិនទាន់ពពោះកូនដំបូងទេ ហើយអាជីពចម្រៀងរបស់នាងស្ងប់ស្ងាត់ជាងមុន ប៉ុន្តែថ្មីៗនេះ និសា ទើបចេញបទថ្មីត្រូវចិត្តយុវវ័យ គឺបទ“ឱ្យបងអស់ពីចិត្ត តែមិនដឹងបងអស់ចិត្ត”៕