តារាសម្តែងម៉ាក សែនសូនីតា នឹងដឹកដៃពោះម៉ាយប៉ុល វិបូរ ហៅនីត រៀបមង្គលការនៅខែមីនា ឆ្នាំ២០២០ ខាងមុខនេះហើយ បើតាមការអះអាងពីតារាដែលជិតស្និទ្ធបំផុតជាមួយតូតា បន្ទាប់ពីពួកគេទាំងបានដឹកដៃគ្នាថតរូប Pre Wedding កាលពីពេលថ្មីៗនេះ។
ការដែលតូតា សម្រេចចិត្តក្រាបផ្ទឹមជាមួយថៅកែផលិតកម្មនេះ នឹងធ្វើឱ្យមន្ត្រីធំ និងតាតាសម្បូរលុយដុល្លារជាច្រើនទៀត ខកចិត្ត ខណៈដែលប្រុសក្មេងទឹម នីដា ប្រាកដជាពិបាកទប់ទឹកភ្នែកជាមិនខានឡើយ…។

ស្រីស្អាតម៉ាក សែនសូនីតា ហៅតូតា នឹងរៀបការជាមួយពោះម៉ាយ និងជាថៅកែផលិតកម្មនៅAngkor Picture លោកប៉ុល វិបូរ ហៅនីត នៅខែមីនា ឆ្នាំ២០២០ ខាងមុខនេះហើយ។ នេះបើតាមការអះអាងរបស់តារាសម្តែងម្នាក់ស្និទ្ធតូតា បានបង្ហើបប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះ។

ប្រភពបានឱ្យដឹងថា តូតា និងលោកនីត នឹងរៀបការធំឱ្យផ្អើលមេឃដូចឱក សុគន្ធកញ្ញា និងសួស វីសា ជាដើម ដោយមិនខ្វល់ពីការចំណាយប្រាក់ឡើយ គឺធ្វើយ៉ាងណាឱ្យតែកម្មវិធីពួកគេល្បី ហើយមានភ្ញៀវតារាល្បីៗសម្រុកទៅអបអរសាទរច្រើនដូចមង្គលការលោកប៉ែន ចំរ៉ុង នោះ ពួកគេអស់ចិត្តហើយ។
យ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ ម៉ាក សែនសូនីតា នៅតែព្យាយាមលាក់ថ្ងៃរៀបការ ហើយនាងថា មិនអាចរៀបចំនៅឆ្នាំ២០២០នេះ ទាន់ពេលឡើយ។

តូតា វាចាថា “ការខែ៣ហ្នឹងមែន! អីយ៉ា! លឿនម៉្លេះ មើលទៅដូចជារៀបចំមិនទាន់ពេលទេ។ ខ្ញុំអត់ទាន់ត្រៀមខ្លួនរៀបការនៅឆ្នាំក្រោយហ្នឹងទេ ខ្ញុំត្រូវការពេលវេលាច្រើនថែមទៀតដើម្បីមើលចិត្តគ្នា។ ឥឡូវឆ្នាំហ្នឹងខ្ញុំទើបអាយុ២៤ឆ្នាំទេ តាមចិត្តខ្ញុំចង់រៀបការនៅ៥ឆ្នាំខាងមុខទៀត ដែលពេលហ្នុងខ្ញុំអាយុ២៩ឆ្នាំ”។
ថ្វីត្បិតតែម៉ាក សែនសូនីតា វាចាថា នាងមិនទាន់ត្រៀមខ្លួនគ្រងឈុតកូនក្រមុំក្តី ប៉ុន្តែតារាដែលជិតស្និទ្ធតូតា នៅតែថា អនាគតភរិយាថៅកែ Angkor Picture នេះ នឹងលាភាពនៅលីវនៅខែមីនា ខាងមុខនេះហើយ ដោយថែមទាំងត្រៀមជួលសម្អាងការដល់ទៅ៣ហាងផ្សេងគ្នាទៀតផង ប៉ុន្តែតូតា ប្រកែក ដោយសារនាងលាក់ទេ។

ដោយឡែក ប្រភពមួយទៀតបានលើកឡើងថា តូតា អាចនៅរារែកចិត្តក្រាបផ្ទឹមជាមួយលោកថៅកែ ព្រោះតែនាងមានជម្រើសស្នេហ៍ច្រើន ព្រោះទោះជាពេលនេះនាងរស់នៅជាមួយលោកថៅកែដូចប្តីប្រពន្ធក្តី ប៉ុន្តែមន្ត្រីធំៗនិងលោកឧកញ៉ា រួមទាំងតាតាមួយចំនួនទៀតដែលសម្បូរលុយដុល្លារ នៅតែតាមស្នេហាស្រីស្អាតនេះដដែល ដោយមិនខ្វល់ពីលោកថៅកែនីត ឡើយ បើទោះជាថ្មីៗនេះ គេឃើញលោកនីត បានដឹកដៃតូតា ទៅសាសងស្នេហ៍លើទឹកដីអូស្ត្រាលី ជិត២សប្តាហ៍ក្តី។

តូតា និយាយច្បាស់ៗថា មិនមែននាងសម្លឹងមើលប្រុសផ្សេងទៀត ទើបមិនហ៊ានរៀបការនៅពេលនេះទេ ប៉ុន្តែមកពីនាងជាប់រវល់រកស៊ី បានជាអត់ទាន់ចង់រៀបការនៅពេលហ្នឹង។
ស្រីស្រស់រូបនេះ បញ្ជាក់ថា “ខ្ញុំច្បាស់លាស់ជាមួយគាត់ (នីត) ហើយតើ! គ្រាន់តែការពន្យារពេលរៀបការហ្នឹង ដោយសារតែខ្ញុំជាប់រវល់ផ្នែកមុខជំនួញហ្នឹងតែម្តង។ យើងអត់ទាន់មានចិត្តរៀបការ ពេលឆាប់ៗហ្នឹងទេ ព្រោះឥឡូវផ្តោតលើការធ្វើជំនួញច្រើន។ ខ្ញុំមិនមានចិត្តចង់មើលអ្នកណាផ្សេងទៀតទេ ខ្ញុំនឹងរៀបការជាមួយគាត់នៅពេលខាងមុខនេះ ហើយថ្មីៗហ្នឹង យើងបានទៅដើរលេងនៅអូស្ត្រាលី ១២ថ្ងៃ គឺទៅដើរលេងសុទ្ធតែម្តង”។

ទស្សនិកជនរង់ចាំមើលថា តើតូតា នឹងរៀបការនៅខែមីនា ឆ្នាំ២០២០មែន ឬមួយក៏នាងសុខចិត្តពន្យារពេលរហូតដល់ឆ្នាំ២០២៥ ដូចការអះអាង?៕