អតីតកញ្ញាឯក Miss Cambodia ២០១៦ កញ្ញាឆាយ នីតា បានគ្រងតំណែងជាតួឯកក្នុងរឿង“កុំងាកក្រោយ” របស់ផលិតកម្ម Galaxy ដោយប៉ះជាមួយប្រុសសង្ហា ទ្រី តារាវុទ្ធ ដែលជាការនិពន្ធនិងដឹកនាំសម្តែងដោយលោកចាន់ណា រ៉ូណាន។

ឆាយ នីតា បានឱ្យដឹងថា ទោះជានាងទើបជួបលោកតារាវុទ្ធ ជាលើកទី១មែន ប៉ុន្តែនាងពេញចិត្តក្នុងការសម្តែងជាមួយតារារូបនេះ ខណៈកន្លងមកធ្លាប់ជួបគ្នានៅតាមកម្មវិធីបង្ហាញម៉ូដជាញឹកញាប់ដែរ មុនចាប់ដៃគ្នាលេងរឿងនេះ។ នាងថា មានឈុតឆាកសកម្មភាពរបស់នាង និងតារាវុទ្ធ ច្រើនណាស់ដែលស្ទើរតែពេញមួយរឿងតែម្តង ហើយជាឈុតដែលនាងពេញចិត្ត។

ស្រីស្អាតរូបនេះក៏បង្ហាញមោទនភាពខ្លាំងផងដែរ ចំពោះការប្រឡូកអាជីពសម្តែងលើកដំបូង តែឆក់ បានតំណែងតួឯកក្នុងភាពយន្តខ្នាតធំនេះ ហើយនាងមានការរំពឹងថា រឿងនេះនឹងទទួលបានការគាំទ្រច្រើនពីមហាជនជាមិនខានឡើយ។
ដោយឡែក លោកទ្រី តារាវុធ វិញ និយាយទាំងរីករាយថា លោកពេញចិត្តសម្តែងរឿងនេះខ្លាំងណាស់ ទោះជាមានឈុតខ្លះត្រូវថតនៅខេត្តឆ្ងាយៗ និងយប់ជ្រៅយ៉ាងណាក៏ដោយ។

លោកថា ចំពោះការចាប់ដៃជាមួយតារាសម្តែងស្រី ឆាយ នីតា ជាលើកដំបូងនេះ គឺមានភាពស៊ីចង្វាក់គ្នាល្អ ព្រោះនីតា ចេះដាក់អារម្មណ៍បានល្អទៅតាមសាច់រឿង និងអ្ន ដឹកនាំចង់បាន។ ហើយលោករំពឹងថា ភាពយន្តមួយនេះនឹងធ្វើឱ្យទស្សនិកជនប្លែកអារម្មណ៍ជាងរឿងមុនៗជាមិនខានឡើយ។
ក្រៅពីស្រីស្អាត ឆាយ នីតា និងលោក ទ្រី តារាវុធ ជាតួឯកនោះ រឿង “កុំងាកក្រោយ” មានការចូលរួមដោយតារាសម្តែងល្បីៗជាច្រើនដួងទៀត មានដូចជា លោកជា លាងឆែ, ភីម៉ៃ, អ្នកស្រីអ៊ុំ សក្កណា និងតារាជាច្រើនដួងទៀត។

ដោយឡែក ថៅកែផលិតកម្ម Galaxy លោកឡេង ណាវ៉ាត់ត្រា បានប្រកាសនៅថ្ងៃសម្ពោធរឿងនេះ ដែលប្រារឰនៅ Eden Garden ថា ភាពយន្តនេះនឹងដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅគ្រប់រោងភាពយន្តនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តផ្សេងៗទៀត។
លោកប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងថា ភាពយន្តខ្មែរបានកើនឡើងទាំងបរិមាណនិងគុណភាព ក្នុងនោះមានភាពយន្តខ្លះបានឈានចូលទីផ្សារអន្តរជាតិផងដែរ។

រឿង“កុំងាកក្រោយ”របស់ Galaxy នេះ ជាខ្សែភាពយន្តចុងក្រោយសម្រាប់ឆ្នាំ២០១៩ ហើយលោកជឿជាក់ថា នឹងបន្ថែមពណ៌សម្បុរដល់ឧស្សាហកម្មភាពយន្តក្នុងស្រុកឱ្យកាន់តែមានភាពទាក់ទាញថែមទៀត ហើយភាពយន្តមួយជោគជ័យអាស្រ័យទៅលើក្រេឌីតល្អរបស់អ្នកនិពន្ធ និងដឹកនាំរឿងផងដែរ៕