នាយចឺម បានរងរបួសធ្ងន់បន្តោកសេរ៉ូមតាំងពីខេត្តប៉ៃលិន មកដល់រាជធានីភ្នំពេញ ព្រោះតែត្រូវជនសង្ស័យឈ្មោះង៉ែត លីទី វ៉ៃបែកក្បាល កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយសារក្តៅក្រហាយរឿងនាយចឺម ឆាតញ៉ែសង្សាររបស់ខ្លួននិងណាត់ទៅដេកផ្ទះសំណាក់។
ក្រោយរងភាពអាម៉ាស់បែបនេះ នាយចឺម ប្រាកដជាពិបាកស្តារមុខមាត់ឡើងវិញ ខណៈដែលសង្សារទី៣របស់នាយ គឺអូនហ្វា អាក់អន់ស្រពន់ចិន្តាយ៉ាងខ្លាំង ព្រោះនាងស្អាតប៉ុណ្ណឹងដែរ ប៉ុន្តែនាយចឺម នៅតែលួចក្បត់ក្រោយខ្នងទៀត…។

សុខ មេសា ហៅនាយចឺម ដែលចេញបទចម្រៀង១បទ ហើយផ្ញើឱ្យអ្នកពូកែញ៉ែសង្សារគេនោះបានរងគ្រោះថ្នាក់ខ្លួនឯងរហូតរយះក្បាលដេរ៥ថ្នេរ និងរលាត់ស្បែកដៃស្បែកជើង ក្រោយតារាសាន់ដេ រូបនេះញ៉ែប៉ះសង្សាររបស់គេនៅខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយត្រូវជនសង្ស័យឈ្មោះង៉ែត លីទី អាយុ២២ឆ្នាំ វ៉ៃបណ្តាលឱ្យរបួសធ្ងន់។

យ៉ាងណា ទន្ទឹមនឹងមានការអាណិតអាសូរនាយចឺម នោះ ក៏មានមនុស្សមួយចំនួនទៀតបានចេញមុខរិះគន់តារាចម្រៀងរូបនេះផងដែរថា មានឈ្មោះល្បីប៉ុណ្ណឹងដែរ មិនគួរណាមកញ៉ែសង្សារគេនាំឱ្យខូចឈ្មោះ នាំគ្រោះដាក់ខ្លួនស្ទើរតែមិនអាចការពារជីវិតបាន។
លោកនូ ស៊ិប អតីតតាតារាចម្រៀងផលិតកម្មរស្មីហង្សមាស បានឱ្យដំបូន្មានថា នាយចឺម គូរតែសម្ងំលាក់ខ្លួនមួយរយៈ ហើយសមាគមសិល្បករខ្មែរ ត្រូវតែហៅនាយទៅអប់រំទើបបាន ព្រោះរឿងនេះ មិនមែនតូចតាចនោះទេ។

លោកនូ ស៊ិប បញ្ជាក់ថា “តារាសិល្បករសំខាន់ណាស់រឿងក្រមសីលធម៌ហ្នឹងឯង កាលណាមាន រឿងអ៊ីចឹងហើយ ក្នុងចំណោម១ពាន់នាក់ មិនដឹងថាគេស្អប់ចឺម ហ្នឹងប៉ុន្មាននាក់ទេ។ រឿងឆាតញ៉ែស្រីអីហ្នឹង ឱ្យប្រយ័ត្នបន្តិចទៅ ព្រោះសម័យនេះជាបច្ចេកវិទ្យាទំនើបណាស់ កាលណាមានរឿងអ៊ីចឹងម្នាក់រងរបួស ម្នាក់ទៀតជាប់គុក ហើយមិនដឹងថា ភាគីខាងជាប់គុកហ្នឹងប៉ុន្មាននាក់ទៅដែលគុំកួនចឺម ទៀត”។

លោកនូ ស៊ិប បន្តថា “នេះមិនមែនជារឿងតូចទេ ព្រោះរងរបួសដល់ម៉្លឹងទៅហើយបើសិនជារឿងអាក្រក់ជាងនេះទៅទៀតសឹងតែប៉ះពាល់អាយុជីវិតទៅហើយ។ ខ្ញុំមិនដាក់បន្ទុកទាំងស្រុងទៅលើចឺម ទេ ព្រោះគ្នានៅក្មេង ប៉ុន្តែខាងស្រីហ្នឹងក៏អ៊ីចឹងដែរ បើគេឆាតទៅញ៉ែអី បើយើងមានគូហើយប្រាប់គេទៅថាយើងមិនទំនេរទេ”។

លោកបន្តទៀតថា “ដល់ពេលមានរឿងអ៊ីចឹងទើបពិបាកដោះស្រាយណាស់ ហើយប៉ះពាល់ឈ្មោះខ្លាំងដល់នាយចឺម អ៊ីចឹងក្នុងនាមជាសិល្បករជើងចាស់ម្នាក់ ខ្ញុំសូមផ្តាំដល់ប្អូនៗសិល្បករទាំងឡាយ ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់រឿងហ្នឹងសំខាន់ណាស់ ព្រោះវាប៉ះពាល់ដល់អាជីពយើង”។
លោកនូ ស៊ិប បន្ថែមថា “ខ្ញុំឃើញព្រាប សុវត្ថិ , ខេមរៈ សិរីមន្ត អី គេមិនដែលឃើញមានរឿងអ៊ីចឹងទេ ហើយចឺម ហ្នឹង ខ្ញុំជួបក្រៅ ក៏គេចេះដឹងចាស់ទុំ ជម្រាបសួរអីដែរ ប៉ុន្តែឥឡូវស្រាប់តែមកប៉ះរឿងបែបនេះទៅវិញ ធ្វើឱ្យពិបាកស្តារមុខមាត់ឡើងវិញណាស់ កាលណាមានរឿងចឹងហើយ”។

ការទាក់ទងទៅនាយចឺម មិនបានសម្រេចទេកាលពីពេលថ្មីៗនេះ ទើបមិនអាចសុំការបំភ្លឺបន្ថែមបានទេ៕