សូ ដានីតា បានរងបរាជ័យស្នេហ៍ជាបន្តបន្ទាប់ ខណៈពេលនេះ វ័យរបស់នាងកាន់តែច្រើន ហើយមិត្តភក្តិក្នុងសិល្បៈបានរៀបការចោលអស់ទៅហើយ ទើបធ្វើឱ្យនីតា ប្រឈមជួបវិបត្តិស្នេហ៍ ព្រោះតែមិនទាន់ជួបស្នេហ៍ពិតដែលអាចដឹកដៃកំពូលស្នេហ៍ចូលរោងការ ហើយនាងថា អ្នកក្រមិនហ៊ាន អ្នកមានមិនចូល…។

សូ ដានីតា តែងបង្ហាញខ្លួនទៅញ៉ាំការមិត្តភក្តិ គ្រប់គ្នា ហើយនៅពេលដែលត្រូវអ្នករួមអាជីពសួរថា ពេលណាទើបរូបនាងចូលរោងការនោះ តារាចម្រៀងនិងសម្តែងរូបនេះបានត្រឹមគាំងចម្លើយវាចាមិនចេញឡើយ និងពេលខ្លះថែមទាំងអឹមអៀមចំពោះពួកម៉ាកថែមទៀតផង។

នៅពេលជួបជាមួយអ្នកយកព័ត៌មានយើង កន្លងមក ដានីតា ថានាងពិតជាគ្មានគូមែន អ៊ីចឹងមិនដឹងជាត្រូវបណ្តើរ ឬរៀបការជាមួយអ្នកណាទេ ព្រោះ “អ្នកក្រមិនហ៊ាន អ្នកមានមិនចូល”។ នាងថាឃើញគេមានគូ មានតែជូនពរគេ ប៉ុន្តែខ្លួនឯងវិញអត់គូដូចគេទេ…។

វាចាថា គ្មានគូគាប់ចិន្តាប្រចាំជីវិតរបស់សូ ដានីតា នៅពេលនេះ ដោយសារតែរហូតដល់វ័យជិត៤០ឆ្នាំទៅហើយ នាងនៅតែមិនទាន់ជួបមនុស្សប្រុសត្រូវចិត្តនោះទេ អ៊ីចឹងបើប៉ះស្នេហ៍មិនច្បាស់លាស់ នាងមិនលេងចូល ហើយក៏មិនអាចនិយាយទុកមុនថា ពេលណានឹងរៀបការបានឡើយ។
ប៉ុន្តែមហាជនជាច្រើននៅតែមិនសូវជឿជាក់ការអះអាងរបស់សូ ដានីតា ថា នាងអត់គូនោះទេ ដោយពួកគេចាត់ទុកថា តារារូបនេះមានចេតនាចង់លាក់លៀមច្រើនជាង។

ការសំអាងបែបនេះដោយសារតែគេយល់ថា សូ ដានីតា មានរូបសម្រស់ស្អាតប៉ុណ្ណឹងដែរ ទៅខ្វះអីប្រុសៗតាមស្នេហ៍ ហើយបើគ្រាន់តែជ្រើសប្រុសម្នាក់ចូលរោងការនោះ វាមិនពិបាកឡើយសម្រាប់រូបនាង។
ប្រភពបានឱ្យដឹងថា មន្ត្រីធំៗជាច្រើនរូបធ្លាប់តាមស្នេហាសូ ដានីតា ប៉ុន្តែការដែលនាងថា រកសង្សារមួយគ្រាប់ធ្វើថ្នាំមិនបាននោះ ដោយសារតែភាគច្រើនបុរសៗទាំងនោះមានវ័យចំណាស់ទៅហើយ ចំណែកនាងស្នេហាតែប្រុសក្មេងរូបសង្ហា ហេតុនេះហើយបានជានាងចេះតែថ្ងូរថា អត់សង្សារ។

យ៉ាងណា សូ ដានីតា ធ្លាប់ច្រានចោលចំពោះដំណឹងថា នាងស្នេហាតែប្រុសក្មេង ដោយនាងអះអាងថា គេចេះតែថាចោទមកលើរូបនាង។ នាងថា មិនទាន់ជួបអ្នកត្រូវចិត្តទេ ហើយក៏មិនដឹងជាធ្វើយ៉ាងម៉េចដែរ។
សូ ដានីតា ធ្លាប់ភ្ជាប់ស្នេហ៍ជាមួយតារាសម្តែង ងួន វ៉ារី ជាច្រើន ឆ្នាំ ប៉ុន្តែបានចែកផ្លូវគ្នាវិញ ហើយវ៉ារី ទៅរៀបការប្រពន្ធថ្មីចោលនាង។ ភ្លាមៗនោះដែរ នីតា បានភ្ជាប់ពាក្យជាមួយលោកវិសាល ដែលជាអាណិកជនខ្មែរនៅបារាំង ប៉ុន្តែមិនទាន់បានរៀបការផងក៏ចែកផ្លូវគ្នាទៀត ខណៈដែលលោកវ៉ារី វិញ ក៏បានលែងលះជាមួយប្រពន្ធមកភ្ជាប់ស្នេហ៍ជាមួយអ្នកមេម៉ាយកូន២ ឈិន សុធារី រហូតមកដល់ពេលនេះ។

ក្រោយប៉ះស្នេហ៍មិនសមប្រកបផ្ទួនៗ ចុងក្រោយមានដំណឹងថា សូ ដានីតា បានភ្ជាប់ពាក្យជាមួយប្រុសក្មេងម្នាក់ជាអាណិកជនខ្មែរ នៅរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក ប៉ុន្តែដំណឹងនេះត្រូវបាននីតា ឆេះដុំ ដោយប្រតិកម្មយ៉ាងខ្លាំងរហូតប្រកាសចង់ជួបតទល់ជាមួយ អ្នកនិយាយរឿងនេះទៀតផង។ នាងថា មនុស្សស្រីភ្ជាប់ពាក្យ ហើយផ្តាច់ពាក្យ ទៅភ្ជាប់ពាក្យជាមួយអ្នកផ្សេងទៀត មិនមែនជារឿងល្អទេ ហើយនាងក៏មិនចង់ឮរឿទាំងនេះប៉ះលើខ្លួននាងដែរ។

ទស្សនិកជនរង់ចាំមើលថា តើសូ ដានីតា ពិតជាចង់ទុកបេះដូងឱ្យនៅទំនេររហូតអស់១ជីវិត ព្រោះខ្លាចដំបៅបេះដូងកាន់តែឈឺផ្សា ឬមួយក៏នាងត្រូវការពេលវេលាពិនិត្យគូស្នេហ៍ឱ្យកាន់តែច្បាស់លាស់ជាមុនសិន ចៀសវាងជួបដូចអ្នកចាស់ ទើបយល់ព្រមរៀបការ?…៕