តារាសម្ដែងស្រីស្អាតគីម ហួរ បានធ្វើខួបកំណើតធំជាលើកដំបូងគម្រប់អាយុ២៣ឆ្នាំ កាលពីរាត្រីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ផ្គួបជាមួយការសម្ពោធភោជនីយដ្ឋាននិងផាប់ ឈ្មោះអឹម ហ្វាយ (M Five) ដែលមានទីតាំងនៅផ្ទះលេខ៨៩ ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្រីស្រស់ដែលមានសាច់សខ្ចីដូចបណ្ដូលចេករូបនេះ បានឲ្យដឹងថា នាងរៀបចំជប់លៀងខួប១៥តុ ក្នុងនោះហៅតារាសិល្បករ៨តុឲ្យចូលរួមផងដែរ។ ប៉ុន្ដែចំពោះប្រាក់ចំណាយលើការបើកហាងនោះអស់ទឹកប្រាក់ប៉ុន្មាន ស្រីស្អាតរូបនេះមិនប្រាប់ទិន្នន័យឡើយ ប៉ុន្តែតាមរយៈការរៀបចំហាងទ្រង់ទ្រាយធំបែបនេះ ប្រាកដជាមិនក្រោមសែនដុល្លារឡើយ។

គីម ហួរ បានឲ្យដឹងថា នាងស្រលាញ់ការរកស៊ីតាំងពីតូច ហេតុនេះហើយបានជាខំប្រឹងប្រែងរហូតទើបបានសម្រេចនៅពេលនេះ។ នាងថា M Five បានដំណើរការជាង២ខែមកហើយ ទើបតែសម្ពោធនៅពេលនេះ ដោយផ្គួបជាមួយខួបកំណើតរបស់នាងតែម្ដង។

ស្រីស្អាតរូបនេះក៏មិនលាក់លៀមឡើយ ដោយអះអាងថា មុខជំនួញថ្មីនេះនាងដាក់ទុនជាមួយគូស្នេហ៍ ប៉ុន្ដែនាងមិនទាន់ហ៊ានបញ្ចេញម្ចាស់ចិត្តនៅពេលនេះទេ បើទោះទំនាក់ទំនងស្នេហារវាងនាងនិងបុរសនោះច្បាស់លាស់ជាមួយគ្នា១០០% ក្រោយមើលចិត្តគ្នាជិត៥ឆ្នាំទៅហើយក្ដី។ នាងថា មិនមានគម្រោងរៀបការឆាប់ៗឡើយ គឺអាចអូសពេលដល់ទៅ៤ឬ៥ឆ្នាំខាងមុខទៀត ទើបអាចគិតគូររឿងរៀបការ។

គីម ហួរ ជាអតីត Freshie កាលពីឆ្នាំ២០១៤ ប៉ុន្តែនាងទើបប្រឡូកសិល្បៈស៊ប់ ទើបតែនៅរយៈពេលជាង២ឆ្នាំចុងក្រោយនេះ តាមរយៈការថតភាពយន្ដនិងខារ៉ាអូខេឲ្យផលិតកម្មរស្មីហង្សមាស ដូចជា បទចម្រៀងរបស់លោកណុប ប៉ាយ៉ារិទ្ធ, នី រតនា , សយ រតនៈ , ពេជ្រ សោភា និងសុខ ស្រីនាង ជាដើម។

តារាសម្ដែងដែលមានស្រុកកំណើតមកពីខេត្តកំពត រូបនេះ កាន់តែមានរូបសម្រស់ប្រែប្រួលខ្លាំងផងដែរនៅពេលដែលនាងក្លាយជាអ្នកលក់គ្រឿង Cosmetic តាម Online ដ៏លេចធ្លោម្នាក់ ទើបគេសង្ស័យថា ស្រីស្អាតរូបនេះបានកែសម្រស់ដើម្បីឲ្យកាន់តែមានភាពទាក់ទាញ។

ថៅកែហាងវ័យក្មេងរូបនេះ បន្ថែមថា គ្រប់គ្នាពិតជាសង្ស័យថា នាងបានកែសម្ផស្សមែន ពិសេសគឺគេថានាងធ្វើច្រមុះឲ្យស្រួច។ ប៉ុន្ដែនាងសូមបញ្ជាក់ថា មិនបានកែកុនត្រង់ផ្នែកណាមួយទេគឺនៅរក្សាធម្មជាតិទាំងស្រុងតែម្ដង។ ដោយឡែកច្រមុះរបស់នាងពេលដែលនាងឡើងគីឡូមើលទៅដូចជាមិនសូវស្រួច ប៉ុន្តែពេលស្រកគីឡូក៏ស្រួចដោយខ្លួនឯងតែម្ដង គឺគ្មានបានវះកាត់ធ្វើអ្វីនោះទេ។

ប៉ុន្ដែនាងថា នៅពេលដែលវ័យរបស់នាងឈានចូល៥០ទៅ៦០ឆ្នាំ ស្បែកចាប់ផ្ដើមជ្រីវជ្រួញខ្លាំងអី ពេលនោះនាងអាចគិតទៅលើការកែសម្រស់ដែរហើយ។

តាមរយៈការចំណាយប្រាក់ជាច្រើនម៉ឺនដុល្លារបោះទុនលើមុខជំនួញធំនេះ គីម ហួរ អះអាងថា នាងមិនបោះបង់អាជីពសម្ដែងចោលនោះទេ គឺនៅតែបន្ដទៅទៀត ឲ្យតែមានពេលអាចឆ្លៀតបាន។នាងថា ថ្មីៗនេះទើបតែថតភាពយន្ដឲ្យហង្សមាស បាន២រឿង ដែលមិនទាន់ដាក់បញ្ចាំង ខណៈដែលផលិតកម្មមួយចំនួនទៀតបានហៅថតកុនដែរ ប៉ុន្តែនាងមិនសូវមានពេលវេលាគ្រប់គ្រាន់ ទើបកន្លងមកច្រើនតែលេចមុខថត MV ច្រើនជាងភាពយន្ដ៕