ប្អូនថ្លៃថៅកែហង្សមាស តារាចម្រៀងឱក សុគន្ធកញ្ញា ដែលមុនពេលសម្រាលកូន នាងឡើងគីឡូរហូតខូចរាងរៅអស់នោះ ស្រាប់តែពេលនេះ សុគន្ធកញ្ញា បានបង្ហាញខ្លួន មកវិញជាមួយសម្រស់មិនចាញ់កាលនៅក្រមុំឡើយ។

ភរិយារបស់អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស រូបនេះ បានសម្រកសទម្ងន់មកជាស្វែលស្ទើរដូចដើមវិញ តាមរយៈការបង្ហាញខ្លួនចូលរួមសម្ពោធហាងកាហ្វេមួយ កាលពីថ្ងៃទី៧ ខែមករា ធ្វើឱ្យតារារួមអាជីពនិងភ្ញៀវដែលចូលរួមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះសុគន្ធកញ្ញា ចេញធ្វើការទាំងនៅសរសៃខ្ចីតែម្តង បន្ទាប់ពីនាងសម្រាលកូនទើបជិតបាន២ខែ។

ប៉ុន្តែតារាចម្រៀងដែលមានឥទ្ធិពលជាងគេនៅហង្សមាស រូបនេះ មិនទាន់ហ៊ានលេងក្បាច់រាំនៅឡើយ ព្រោះខ្លាចទាស់ព្រោះនៅសរសៃខ្ចីពេក ទើបធ្វើឱ្យបណ្តាក្រុមហ៊ុនមួយចំនួនដែលចង់ហៅនាងទៅច្រៀងបានត្រឹមខកចិត្ត។

ឱក សុគន្ធកញ្ញា ក្លាយទៅជាតារាចម្រៀងកូន១ បន្ទាប់ពីនាងបានសម្រាលកូនប្រុសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែនាងបានបាត់ខ្លួនពីឆាកតន្ត្រីតាំងពីពាក់កណ្តាលខែតុលា ឆ្នាំ២០១៩ ម៉្លេះ ដែលធ្វើឱ្យតារាចម្រៀងរូបនេះប្រឈមការធ្លាក់កូដ និងបាត់បង់ប្រាក់ចំណូលមិនក្រោម២០ម៉ឺនដុល្លារឡើយ គិតត្រឹមរយៈពេលតារារូបនេះ លែងឡើងឆាកជាង៣ខែមកនេះ។

ប៉ុន្តែ សុគន្ធកញ្ញា បានចាត់ទុកថា នៅឆ្នាំ២០១៩ កន្លងទៅ ជាឆ្នាំដែលនាងជោគជ័យនិងសម្រេចបានកិច្ចការធំៗជាច្រើន ពិសេសគឺចំណងដៃកូនប្រុសម្នាក់ដែលជាទ្រព្យមិនអាចកាត់ថ្លៃបាន។ ចំណែកស្វាមីរបស់សុគន្ធកញ្ញា លោកអ៊ឹង សុខលី ដែលពីមុនធ្លាប់តែលេចឮថា មានស្រីស្នេហ៍ជាតារាស្អាតៗច្រើននោះ ស្រាប់តែពេលនេះលោកកាន់តែថ្នាក់ថ្នមភរិយាលើសដើម តាំងពីបានកូន១មក ទើបធ្វើឱ្យទាំងក្នុងនិងក្រៅសិល្បៈ ចាត់ទុកសុគន្ធកញ្ញា ថា ជាតារាដែលជោគជ័យទាំងអាជីពចម្រៀងនិងស្នេហាព្រមគ្នាតែម្តង។

មហាជនជាច្រើនកំពុងតែរង់ចាំមើលថា តើក្រោយមានកូន១នេះ ឱក សុគន្ធកញ្ញា នៅតែមានទីផ្សារចម្រៀងខ្លាំងដូចមុនទៀត ឬមួយក៏ចុះខ្សោយលែងត្រូវប៉ាន់ទៀតហើយ ខណៈដែលតារាផ្សេងៗមួយចំនួនទៀត ឱ្យតែមានប្តីនិងកូន ប្រាកដពិបាកស្តារមុខមាត់បានដូចកាលនៅលីវណាស់។

យ៉ាងណា លោកនូ ស៊ិប ធ្លាប់អះអាងថា ឱក សុគន្ធកញ្ញា មានមូលដ្ឋានគ្រឹះពីសាលាវិចិត្រសិល្បៈ ហើយមានឪពុកម្តាយជាអ្នកជំនាញសិល្បៈទៀត អ៊ីចឹងបូករួមជាមួយទេពកោសល្យដែលនាងមានផង តារាចម្រៀងរូបនេះមិនងាយធ្លាក់ចុះទីផ្សារចម្រៀងនោះទេ ទោះជាពេលនេះមានប្តីនិងកូនក្តី។

ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយពេលនេះការទទួលបានចំណងដៃកូនប្រុស១ ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅឆាលី។ ប៉ុន្តែការមានកូនត្រឹម១នេះមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់នាង ព្រោះនៅថ្ងៃរៀបការ សុគន្ធកញ្ញា បានប្រាប់នាយក្រឹម ថា នាងចង់បានកូន៣ បានន័យថា អ្នកចម្រៀងរូបនេះនឹងតាមយកកូនថែម២នាក់ទៀត។

ការរៀបគម្រោងយកកូនដោយមិនខ្លាចឧបសគ្គក្នុងការរកលុយតាមរយៈសិល្បៈនេះ ធ្វើឱ្យមហាជនបានលើកឡើងថា សុគន្ធកញ្ញា ចង់ចងជើងស្វាមីកុំឱ្យងាករេចិត្តទៅមើលឃើញស្រីផ្សេង៕
