Sunday, September 21, 2025
Homeតារាខ្មែរចំរើន សុភ័ក្រ ជឿថា គូព្រេងមិនព្រាត់

ចំរើន សុភ័ក្រ ជឿថា គូព្រេងមិនព្រាត់

តារាចម្រៀងតូចច្រឡឹងរបស់ផលិតកម្មរស្មីហង្សមាស ចំរើន សុភ័ក្រ បានវិលត្រឡប់មកពីច្រៀងសម្តែងនៅប្រទេសបារាំង ជាមួយខេមរៈ សិរីមន្ត កាលពីថ្ងៃទី៣០ ខែធ្នូ ២០១៩ បន្ទាប់ពីនាងបានផ្ញើខ្លួននៅទីនោះរយៈពេល១៨ថ្ងៃ។

សុភ័ក្រ ថា នាងទទួលបានបទពិសោធន៍ថ្មីមួយទៀតលើទឹកដីបារាំង ប៉ុន្តែនៅដើមឆ្នាំ២០២០នេះ នាងមិនទាន់មានគម្រោងចេញទៅច្រៀងសម្តែងនៅក្រៅស្រុកទៀតទេ ព្រោះជាប់ច្រៀងតាមកម្មវិធីប្រគំតន្ត្រីមួយចំនួននៅក្នុងស្រុក។

ម្ចាស់បទ “ម៉ែ” រូបនេះវាចាថា “កាលទៅបារាំង ហ្នឹង ចំពេលដែលកំពុងធ្លាក់ព្រិល អ៊ីចឹងត្រជាក់ខ្លាំងណាស់។ ខ្ញុំនិងបងខេមរៈ សិរីមន្ត បានដើរកម្សាន្តជាមួយក្រុមការងារច្រើនកន្លែង ពិសេសនៅថ្ងៃបុណ្យណូអែលតែម្តង។ ពួកយើងបានសម្តែងច្រៀងរួមគ្នា៣កន្លែង ហើយយកបទចម្រៀងពីដើមៗ ច្រើនបទដែរមកច្រៀងរួមគ្នា និងមានការស៊ីសង្វាក់គ្នាល្អណាស់”។

សុភ័ក្រ បន្តថា “នេះជាលើកទី១ហើយសម្រាប់ខ្ញុំក្នុងការចេញទៅច្រៀងសម្តែងនៅបារាំង ប៉ុន្តែសម្រាប់ប្រទេសផ្សេងៗទៀត ខ្ញុំបានចេញទៅច្រើនលើកច្រើនសាមកហើយ។ ដូចជានៅអាមេរិក អ៊ីចឹង ខ្ញុំបានចេញទៅ៥លើកហើយ”។

ចំរើន សុភ័ក្រ បន្ថែមថា ក្រោយមកដល់ស្រុក នាងចង់ពង្រឹងបទចម្រៀងឡើងវិញ និងត្រៀមចេញច្រៀងសម្តែងជាច្រើនខេត្ត-ក្រុងតាមរយៈConcert ដែលរៀបចំដោយក្រុមហ៊ុនហង្សមាស។ នាងថា នឹងចេញបទថ្មីនៅដើមឆ្នាំ២០២០នេះផងដែរ។

ថ្វីត្បិតតែអាជីពចម្រៀងកំពុងរលូនទៅមុខ ហើយជីវភាពក៏ធូរធារ ថែមទាំងទិញបានផ្ទះផ្ទាល់ខ្លួន១ល្វែងទៅហើយក្តី ប៉ុន្តែចំរើន សុភ័ក្រ ដែលមានស្នេហាជាមួយតន្ត្រីករម្នាក់ជាង៥ឆ្នាំនោះ ពេលនេះ នាងនៅតែមិនទាន់សម្រេចចិត្តដឹកដៃម្ចាស់ចិត្តចូលរោងការនៅពេលណាជាក់លាក់ឡើយ។ នាងថា អាចនឹងប្រើពេលច្រើនឆ្នាំតទៅទៀត ព្រោះរង់ចាំពេលវេលាសមស្របមួយ។ ម៉្យាងទៀតនាងចង់ឱ្យ ជីវភាពធូរធារជាងនេះសិន ទើបគិតគូរមង្គលការ។

ប៉ុន្តែនាងថា ចំណងស្នេហារវាងនាងនិងគូដណ្តឹង គ្មានការប្រែប្រួលនោះទេ គឺច្បាស់លាស់ជាមួយគ្នា១០០% ព្រោះមានចាស់ទុំទាំងសងខាងដឹងឮអស់ទៅហើយ។ នាងថា បើ “គូព្រេងមិនព្រាត់ទេ” ទោះជាពន្យារពេលរៀបការប៉ុន្មានឆ្នាំទៀតក៏ដោយ ក៏គង់តែបានរៀបការនឹងគ្នានៅថ្ងៃណាមួយជាមិនខាន៕

RELATED ARTICLES