Sunday, September 21, 2025
Homeតារាខ្មែរសុខ សោម៉ាវត្តី បាត់ខ្លួនថ្ងៃសន្និសីទកាសែត ព្រោះថៅកែ...

សុខ សោម៉ាវត្តី បាត់ខ្លួនថ្ងៃសន្និសីទកាសែត ព្រោះថៅកែ…

សុខ សោម៉ាវត្តី ជាតួឯកក្នុងរឿង “គ្រូប៊ី អាយ ជី BIG” ដោយចាប់ដៃជាមួយប្រុសរូបសង្ហា លោកជា សុវណ្ណនរាហ៍។ ប៉ុន្តែនៅថ្ងៃសន្និសីទកាសែតរឿងនេះ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ គេមិនឃើញអ្នកមេម៉ាយកូន១ សោម៉ាវត្តី ទៅបង្ហាញខ្លួនទៅវិញ ទើបធ្វើឱ្យមានការសង្ស័យថា វត្តី មិនចូលរួមដោយសារនាងអន់ចិត្ត ព្រោះលោកថៅកែដែលលក់ឡានផលិតរឿងនេះនៅមិនទាន់ឱ្យលុយនាងគ្រប់សម្រាប់ការថតកុននេះឡើយ។

អ្នកនាងសុខ សោម៉ាវត្តិ

ប៉ុន្តែដំណឹងនេះត្រូវបានក្រុមការងារផលិតកម្មអូហ្វីម Khmer Idea បានច្រានចោល ដោយអះអាង សោម៉ាវត្តី មានភារកិច្ចឡើងយន្តហោះទៅប្រទេសចិន តាំងពី រាត្រីថ្ងៃទី៦ មករា ម៉្លេះ។

អ្នកតំណាងផលិតកម្មថា វត្តី មានការសោកស្តាយដែលមិនបានចូលរួមកម្មវិធីសន្និសីទកាសែតនេះ ហើយនាងពេញចិត្តសម្តែងរឿងនេះខ្លាំងណាស់ គ្មានការអាក់អន់ចិត្តរឿងអ្វីមួយនោះទេ។

ទោះជាយ៉ាងណា លោកវង្ស ពិសិដ្ឋ ដែលជាអ្នកផលិតរឿង“គ្រូ BIG” នេះឡើងដោយទទួលស្គាល់ថា លោកពិតជាបានលក់ឡានថតកុនរឿងនេះឡើងទាំងប្រថុយប្រថានមែន។ លោកថា ចំណុចសំខាន់តែមួយគត់ដែលលោកសុខចិត្តយកឡានដែលកំពុងតែជិះរាល់ថ្ងៃទៅលក់ ដើម្បីថតកុននេះឡើង គឺព្រោះតែលោកស្រលាញ់វិស័យសិល្បៈខ្លាំងពេក។

លោកជា សុវណ្ណនរាហ៍

ប៉ុន្តែលោកពិសិដ្ឋ បន្តថា មិនមែនយកលុយទាំងដុំទៅដាក់ ហើយគ្មានបានលុយមកវិញនោះទេ ព្រោះរឿងនេះលោកមានការរំពឹងខ្លាំងណាស់ ដោយសារមានតារាល្បីៗចូលរួមសម្តែងច្រើន ហើយមានឈុតឆាកពិសេសៗដែលល្អមើល។ លោកថា រឿងនេះនឹងដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី៩ ខែ មករា ឆ្នាំ២០២០ នេះតទៅហើយ។

លោកវង្ស ពិសិដ្ឋ អង្គុយក្បែរខាងឆ្វេងដៃលោកហេង ឡុង

ដោយឡែក លោកជា សុវណ្ណនរាហ៍ បានអះអាងថា ពេលលោកត្រូវបានថៅកែផលិតកម្មទាក់ទងហៅឱ្យថតរឿងនេះ លោកមិនរារែកចិត្តនោះទេ គឺទៅថតភ្លាមតែម្តង បើទោះជាដឹងថាថៅកែលក់ឡានថតកុនក៏ដោយ ប៉ុន្តែលោកមិនបារម្ភថា ខ្លាចលោកថៅកែជំពាក់លុយតួមិនសងនោះទេ។ លោកថា សម្រាប់ការចាប់ដៃគូជាមួយសោម៉ាវត្តី វិញ ជាដៃគូចាស់ ហេតុនេះ ហើយមិនមានការពិបាកខ្លាំងទេ ហើយលោកសប្បាយចិត្តដែលបានលេងរឿងនេះ។

ក្រៅពីសុខ សោម៉ាវត្តី និងជា សុវណ្ណនរាហ៍ ជាតួឯកនោះ រឿង “គ្រូ BIG” ក៏មានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនដួង មានដូចជា ឌីជេ កាកា, ងួន សុបិន្ត, នាយចយ និងនាយក្រិន ជាដើម ខណៈដែលថៅកែផលិតកម្មលោកអូហ្វីមវិញ បានដាក់គោលការណ៍ថា សម្រាប់ប្រាក់ចំណេញក្នុងរឿងនេះនឹងយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងទុរគតជន២០%ផងដែរ។

លោកហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានសម្តែងការ គាំទ្រចំពោះលោកវង្ស ពិសិដ្ឋ ដែលប្រកាសថា នឹងយកប្រាក់ចំណេញក្នុងការថតកុនរឿងនេះទៅជួយដល់ការងារសង្គម និងមន្ទីរពេទ្យគន្ធបុប្ផា ២០%នោះ។

លោកហេង ឡុង ថា នឹងបំផុសគំនិតនេះទៅបណ្តាផលិតកម្មផ្សេងៗទៀតដើម្បីជួយដល់មន្ទីពេទ្យគន្ធបុប្ផា ហើយបើលោកពិសិដ្ឋ ហ៊ានលក់ឡានមកធ្វើកុននោះ បានន័យថា លោកជឿជាក់ស្នាដៃរបស់លោកខ្លាំងណាស់។

ប៉ុន្តែស្វាមីអ្នកនាងចន ច័ន្ទលក្ខិណា រូបនេះ បញ្ជាក់ថា ប្រសិនបើរឿងនេះមិនជោគជ័យទេ លោកក៏ មិនឈរមើលលោកពិសិដ្ឋ នឹងភ្នែកដែរ គឺត្រូវតែផ្តល់ការងារឱ្យលោកធ្វើនៅសមាគមសិល្បៈ ទៅតាមសមត្ថភាពរបស់លោកអាចធ្វើបាន៕

RELATED ARTICLES