ក្រោយពីសារព័ត៌មានជាច្រើនបានបង្ហោះចែកចាយរូបស្ត្រីឃាតករត្រូវជាម្តាយកញ្ញាពេជ្រ សូលីកា និងរូបពេជ្រ សូលីកា ដាក់នៅCover ធំៗនោះ លោកហេង ឡុង ប្រធានសមាគមសិល្បកម្ពុជាបានបង្ហោះសារថា ចុះបើរឿងនេះកើតលើម្តាយឪពុករបស់យើងវិញ តើមានអារម្មណ៍បែបណា?

លោកហេងឡុង ស្វាមីថ្មីរបស់អ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះសារមុននេះបន្តិចថា “ច្បាប់ព្រហ្មទណ្ឌ អ្នកណាប្រព្រឹត្ត អ្នកនោះទទួលទោស”! ទោះជាសាច់ញាតិ ចង់មកទទួលទោសជំនួស ក៏ច្បាប់មិនអនុញ្ញាតដែរ! ទង្វើខុសច្បាប់របស់ម្ដាយ មិនពាក់ព័ន្ធជាមួយកូនឡើយ”។
លោកបន្តថា “សូមបងប្អូនបែងចែកឲ្យច្បាស់ កុំរាលដាលធ្វើឲ្យប៉ះពាល់ដល់ប្រិយភាពរបស់កូនស្រីដែលមិនពាក់ព័ន្ធ នឹងកំពុងតែប៉ះទង្គិចអារម្មណ៍យ៉ាងធ្ងន់ធ្ងរ បងប្អូនសាកគិតមើល ប្រសិនបើរឿងបែបនេះ កើតមកលើឪពុក រឺ ម្ដាយ របស់យើងវិញ សួរថាបងប្អូនមានអារម្មណ៍បែបណានៅពេលនេះ? សូមបងប្អូនមេត្តាយោគយល់៕”។

មុនពេលលោកហេង ឡុង អំពាវនាវនេះ ក៏មានលោកអ៊ឹម ជីវ៉ា ក៏បានអំពាវនាវផងដែរថា “សូមផ្ញើសារនេះជូនបងប្អូនមួយចំនួន ខ្ញុំយល់ថាជនសង្ស័យជាឃាតករជាម្តាយបង្កើតរបស់តារាចំរៀងពេជ្រ សូលីការ បើនិយាយត្រឹមឈ្មោះបានហើយ ហេតុអីក៏ដល់ថ្នាក់ដាក់រូបកូនដែលគ្មានកំហុស គុណនិងទោស ល្អនិងអាក្រក់ គឺមិនអាចច្របាច់បញ្ចូលគ្នាបានទេ អ្នកណាធ្វើខុសអ្នកនោះទទួលទោសទៅតាមច្បាប់ វាមិនអាចបូកបញ្ចូលលសមាជិកទាំងអស់បានឡើយ លើកលែងតែសមាជិករូបមួយណារួមគំនិតក្នុងករណីឃាតកម្មនិងតែប៉ុណ្ណោះទើបរាប់ចូល។
លោកជីវ៉ា បន្តថា “ខ្ញុំឧទាហរណ៍មួយចុះ បើកូនជួញដូលក់គ្រឿងញៀន ឪពុកម្តាយជាតារាល្បី ឬជាមន្រ្តីរាជការមានមុខមាត់ តើគួយករូបថតឪពុកនោះមកដាក់បញ្ចូលក្នុងករណីលក់គ្រឿងញៀននិងបានទេ បើដាក់បានទាល់តែឪពុកឬម្តាយនិងប្រព្រឹត្តឬរួមគំនិតដែរ”។

លោកជីវ៉ា បន្តទៀតថា “ដូចករណីម្តាយសូលីការចឹង យើងដឹងថាជនសង្ស័យជាឃាតករជាម្តាយគាត់ យើងអាចនិយាយឈ្មោះថានោះជាម្តាយពេជ្រសូលីការ តែយើងមិនអាចបូកនិងដាក់រូបថតជាមួយបានទេ ព្រោះពេជ្រសូលីការមិនបានធ្វើ គាត់មិនខុស! វាមិនខុសដុតអោយខ្លោចរោយអោយឆៅទេ!។

យើងដឹងហើយថាមកដល់ម៉ោងនេះសមត្ថិកិច្ចកំពុងធ្វើការក្នុងករណីមួយនេះដើម្បីបញ្ចូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ និងយកបន្តទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលកែប្រែព្រៃសរ រងចាំតុលាការកាត់ទោសទៅតាមច្បាប់”។
លោកអ៊ឹម ជីវ៉ា បន្ថែមថា “ដូចនេះសូមបងប្អូនមេត្តា កុំបំផ្លាញអនាគតក្មេងស្រីម្នាក់ដែលគ្នាមិនដឹងអី មិនបានខុសជាមួយករណីមួយនេះធ្វើអោយបាត់បង់កិត្តិយសរបស់គាត់ដោយសារតែបងប្អូនមួយចំនួនចង់បាន Like និងចង់អោយពត៌មានល្បីដោយសារបំផ្លាញកិត្តិយសគេអី។

មនុស្សកើតមកសំរាប់ស្លាប់ទៅវិញ នៅពេលមានជីវិតរស់យើងម្នាក់ៗត្រូវសាងអំពើល្អអោយបានច្រើនជាជាងសាងអាក្រក់ ត្រូវដណ្តើមគ្នាធ្វើល្អ កុំជាន់ពន្លិចគេ កុំលោភលន់ កុំកាច់បំបាក់កាប់សម្លាប់អ្នកដទៃដើម្បីផលប្រយោជន៍ខ្លួនឯង កើតមកខ្លួនទទេទៅវិញក៏ខ្លួនទទេ អ្នកណាសាងអីទទួលនោះ។ ខាងលើគ្រាន់តែជាមតិយោបល់របស់ខ្ញុំបន្តិចបន្តួចបើខុសត្រូវ សុំទោសទុកជាមុន ដោយក្តីគោរពៈ អុឹម ជីវ៉ា”៕

គួរបញ្ជាក់ថា ស្ត្រីដែលគេអះអាងថាជាម្តាយរបស់ពេជ្រ សូលីកា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីឃាតកម្មសម្លាប់ផ្ទប់មុខនឹងខ្នើយ បណ្តាលឲ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងត្រូវបានអ្នកសារព័ត៌មាន និងមហាជនជាច្រើនយករូបពេជ្រ សូលីកា ភ្ជាប់ជាមួយស្ត្រីជាឃាតករ ដាក់ធំៗនៅផ្ទាំងមុខ។