Sunday, September 21, 2025
Homeតារាខ្មែរអ៊ីវ៉ា លោកថៅកែនៅតែតាមស្អិតគ្រប់ជំហាន

អ៊ីវ៉ា លោកថៅកែនៅតែតាមស្អិតគ្រប់ជំហាន

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងដែរនៅពេលដែលអ៊ីវ៉ា ទៅច្រៀងកម្មវិធីនៅទីណា ថត MV នៅកន្លែងណា ឬទៅចូលរួមមង្គលការអ្នកណា នៅត្រង់ណា លោកថៅកែក្លឹបនិងហាងបញ្ចាំនៅក្រុងសៀមរាប ដឹងគ្រប់សកម្មភាពស្រីស្អាតនេះទាំងអស់តែម្តង។

តើហេតុអ្វីបានជា លោកថៅកែដឹងគ្រប់យ៉ាងពីអ៊ីវ៉ា បែបនេះ ឬមួយលោកមានមនុស្សសម្ងាត់ឱ្យតាមដានស្រីស្អាត?

តាមព័ត៌មានគួរឱ្យទុកចិត្តបានបង្ហើបឱ្យដឹងថា ពេលអ៊ីវ៉ា ថតខារ៉ាអូខេនៅហាងណាមួយ លោកថៅកែបានបើកឡានទៅក្បែរហាងនោះ ប៉ុន្តែមិនឱ្យតារាចម្រៀងសាន់ដេ រូបនេះដឹងថា លោកមានមុខក្បែរកន្លែងនោះឡើយ។

ទោះជាយ៉ាងណា អ្វីដែលប្លែកនោះ កញ្ញាអ៊ីវ៉ា លែងត្រូវបានលោកថៅកែនោះតាមហួងហែងដូចមុនទៀតហើយ ដូចជានាងអាចថតសម្តែងជាមួយតារាប្រុសរូបណាក៏បាន ហើយចង់លេងក្បាច់រាំយ៉ាងម៉េចក៏បានដែរ គឺតាមចិត្តចង់ដែលខុសពីមុនដូចមេឃនិងដីអ៊ីចឹង ព្រោះអំឡុងពេលដែលនាងភ្ជាប់ស្នេហ៍ជាមួយលោកថៅកែក្លឹបនោះ អ៊ីវ៉ា មិនហ៊ានថតសម្តែងឬលេងក្បាច់រាំជាដាច់ខាត ប្រសិនបើនាងគ្មានការអនុញ្ញាតពីលោកថៅកែ។

តាមរយៈការឱ្យគេតាមដានពីអ៊ីវ៉ា គ្រប់ជំហាននេះ បញ្ជាក់ថា តារាចម្រៀងសាន់ដេរូបនេះ នៅតែត្រូវបានលោកថៅកែតាមស្នេហ៍ដូចមុនដដែល គឺមិនបោះបង់ចោលបំណងលោកចង់រៀបការជាមួយតារាសាច់សខ្ចីនេះឡើយ។

ប៉ុន្តែអ៊ីវ៉ា វិញ នាងកាន់តែព្រងើយកន្តើយបែរខ្នងដាក់លោកថៅកែខ្លាំងឡើងៗ រហូតចុងក្រោយនាងព្យាយាមគេចមុខពីលោក “ប” តែម្តង។

អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនដែលបានភ្ជាប់ពាក្យជាមួយលោកថៅកែនៅសៀមរាប នោះទេ ហើយពេលនេះក៏គ្មានអីទាក់ទងគ្នាទៀតទេ គឺចប់អស់ទៅហើយ។ ទោះជាយ៉ាងណា នាងថា គូព្រេងមើលមិនដឹងទេ ហើយបើថ្ងៃណាមួយដល់គូហើយប្រឹងប្រកែកយ៉ាងណាក៏មិនរួចដែរ។

អ៊ីវ៉ា មានអាយុ២៤ឆ្នាំហើយ ដែលនៅពេលនេះនាងថា ឃើញគេមានគូ នាងក៏ចង់បានគូដូចគេដែរ។ ប៉ុន្តែនាងថា នាងនៅក្មេងនៅឡើយ ហើយអាចប្រើពេលច្រើនឆ្នាំទៀតទើបគិតគូររឿងរៀបការដូចរៀមច្បងៗ ព្រោះពេលនេះនាងចង់ផ្តោតលើអាជីពចម្រៀងច្រើនជាងស្នេហា។

ប៉ុន្តែលោកអ៊ូ វ៉ាវ ដែលជាឪពុករបស់អ៊ីវ៉ា វិញថា លោកចង់ឱ្យកូនស្រីរៀបការដោយមិនខ្លាចនាងធ្លាក់កូដនោះទេ ព្រោះបើបានកូនប្រសាទៅ លោកមិនចាំបាច់បើកឡានជូនកូនស្រីទៅច្រៀងគ្រប់ខេត្ត-ក្រុង ដូចពេលនេះទៀតឡើយ។

លោកវ៉ាវ ថែមទាំងបញ្ជាក់ថា លោកផ្តល់សិទ្ធិឱ្យអ៊ីវ៉ា ជ្រើសយកប្តីដោយខ្លួនឯង៦០% ចំណែកលោកសុំតែ៤០%ទេ សម្រេចចិត្តតាមក្រោយកូនស្រី។

យ៉ាងណា អ៊ីវ៉ា ថា នាងត្រូវការស្វែងយល់បុរសណាម្នាក់ឱ្យបានច្បាស់លាស់ជាមុនសិន ទើបគិតគូររៀបការតាមក្រោយ។

ប៉ុន្តែនាងមិនទាន់ចង់យកប្តីនៅពេលឆាប់ៗនេះទេ ព្រោះមិនទាន់ចង់បានប្តី។ នាងថា ចង់មានមុខរបររឹងមាំមួយក្រៅពីសិល្បៈ ខណៈពេលនេះនាងមានហាងលក់សម្លៀកបំពាក់មួយនៅស្រុកកំណើតខេត្តកំពង់ស្ពឺ និងកំពុងសម្លឹងមើលមុខរបរផ្សេងមួយទៀត។

អ៊ីវ៉ា នឹងក្លាយជានារីដែលរស់នៅលើគំនរទ្រព្យមហាសាលជាមិនខាន ប្រសិនបើនាងព្រមផ្សះផ្សាស្នេហ៍ជាមួយប្អូនប្រុសមន្ត្រីធំផ្កាយ២ ហើយពេលនោះកុំថាឡើយនាងចង់ពង្រឹងហាងខោអាវ ទោះជាចង់ពង្រីកបើកក្លឹបនិងហាងបញ្ចាំពេញរាជធានីភ្នំពេញ ក៏លោកថៅកែផ្គាប់ចិត្តតាមនាងគ្រប់យ៉ាងបានដែរ”៕

RELATED ARTICLES