Sunday, September 21, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា កូនជាទ្រព្យជីវិត

ឱក សុគន្ធកញ្ញា កូនជាទ្រព្យជីវិត

ឱក សុគន្ធកញ្ញា បានវិលត្រឡប់មកវិញហើយក្រោយបាត់ខ្លួនជាង២ខែ តាមវេទិកាសិល្បៈ និងបណ្តាកម្មវិធីផ្សេងៗ បន្ទាប់ពីនាងបានសម្រាលកូនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៩។ ប៉ុន្តែការត្រឡប់រកអាជីពចាស់នៅពេលនេះ សុគន្ធកញ្ញា មិនទាន់ហ៊ានឡើងកញ្ជ្រោកលេងក្បាច់រាំលើឆាកតន្ត្រីនោះទេ ព្រោះនៅសរសៃខ្ចីពេកខ្លាចទាស់។

ប្អូនថ្លៃលោកថៅកែហង្សមាស រូបនេះ បានត្រឹមទៅចូលរួមតាមកម្មវិធីសម្ពោធភេសជ្ជៈមួយចំនួន ដែលរូបនាងជាទូតសុច្ឆន្ទៈ និងការថតស្ពតឃោសនាផលិតផលទារក ភ្ជាប់ជាមួយកូនប្រុសរបស់នាង រួមទាំងស្ពតពីវិធីសម្រកទម្ងន់ផងដែរ។

ដោយឡែក ការចាប់កាន់ក្បាលមីក្រូឡើងឆាកវិញមិនទាន់ត្រូវបានសុគន្ធកញ្ញា កំណត់នោះទេ បើទោះជាមានបណ្តាក្រុមហ៊ុនមួយចំនួននៅតែត្រូវការឱ្យនាងដូចមុនក្តី។

ឱក សុគន្ធកញ្ញា បានបញ្ចេញរូបភាពថ្មីកាលពីថ្ងៃទី១៣ ខែមករា ជាមួយស្ពតពាណិជ្ជកម្មមួយដែលធ្វើឱ្យក្រុមអ្នកគាំទ្ររបស់នាងមានការសរសើរនូវវិធីថែរក្សាសម្រស់របស់អ្នកចម្រៀងហង្សមាស រូបនេះថា រក្សាបានរាងស្វែលដូចមិនទាន់មានកូនអ៊ីចឹង។

ទោះជាយ៉ាងណា នៅពេលដែលអ្នកគាំទ្រសួរថា ពេលណាសុគន្ធកញ្ញា ចេញបទថ្មី និងឡើងឆាកច្រៀងឡើងវិញ ប្អូនថ្លៃថៅកែហង្សមាស រូបនេះ មិនកំណត់ពេលវេលាត្រូវឡើងច្រៀងរាំដូចមុននោះទេ។

ប៉ុន្តែអ្នកដឹកនាំការប្រគុំតន្ត្រីនៅទូរទស្សន៍ហង្សមាស ថា សុគន្ធកញ្ញា នឹងឡើងឆាកវិញ នៅដើមឆ្នាំ ២០២០នេះហើយ ព្រោះមិនអាចពន្យារពេលតទៅទៀតបានទេ ដោយសារតែមានបណ្តាក្រុមហ៊ុនច្រើនណាស់ដែលត្រូវការនាងច្រៀងសម្តែង។

ឱក សុគន្ធកញ្ញា អាចនឹងក្លាយជាតារាចម្រៀងស្រីក្នុងស្រុកដំបូងគេ ដែលមានប្តីនិងកូន ហើយនៅតែមានទីផ្សារចម្រៀង ខណៈដែលតារាមួយចំនួនទៀតពិបាកក្នុងការស្តារមុខមាត់ណាស់ឱ្យតែពួកគេរៀបការហើយ។

ប៉ុន្តែសុគន្ធកញ្ញា មានចំណុចពិសេសត្រង់ថា នាងមានប្តី លោកអ៊ឹង សុខលី ជាអ្នកគ្រប់គ្រង ទូរទស្សន៍ហង្សមាស ហើយបងថ្លៃរបស់នាង លោកឧកញ៉ាអ៊ឹង ឆៃងួន ជាថៅកែហង្សមាស ហេតុនេះហើយ សុគន្ធកញ្ញា នៅតែមានប្រៀបជាងតារាផ្សេងៗទៀតរបស់ហង្សមាស ដដែល ហើយគេជឿថា ទាំងប្តី និងបងថ្លៃរបស់សុគន្ធកញ្ញា និងមិនបណ្តោយឱ្យនាងបាត់បង់ទីផ្សារ ហើយទៅលើកតារាផ្សេងជំនួសនាងឡើយ។

លោកគួច ខេវិន អ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ម្នាក់ ធ្លាប់បាននិយាយដោយទទួលស្គាល់ចំណុចនេះ លោកយល់ស្របថា ហង្សមាស នឹងមិនបណ្តោយឱ្យសុគន្ធកញ្ញា ជាប្អូនថ្លៃធ្លាក់នោះទេ។

ឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ជាមួយលោកអ៊ឹង សុខលី ហើយនាងសម្រាលកូនកាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅឆាលី។

សុគន្ធកញ្ញា បានឡើងឆាកច្រៀងចុងក្រោយឱ្យក្រុមហ៊ុន R&F មុនពេលសម្រាលកូនកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩ ដែលពេលនេះនាងផ្អាកឡើងឆាកជាង៣ខែទៅហើយ ដែលប្រឈមការបាត់ប្រាក់ចំណូលក្បែរ២០ម៉ឺនដុល្លារ ព្រោះក្នុងរដូវត្រូវប៉ាន់នេះ សុគន្ធកញ្ញា អាចរកប្រាក់ចំណូលបានក្នុង១ខែៗមិនក្រោម៦ម៉ឺនដុល្លារ ឡើយ ដោយសារតែនាងច្រៀង១កម្មវិធី ស៊ីថ្លៃ៣ពាន់ដុល្លារ ហើយ១ខែនាងចេញច្រៀងមិនក្រោម២០កម្មវិធីនោះទេ។

ប៉ុន្តែសុគន្ធកញ្ញា និយាយទាំងមោទកភាពថា ឆ្នាំ២០១៩ ជាឆ្នាំដែលនាងបានសម្រេចកិច្ចការធំៗជាច្រើនដែលបានគិតទុកពីមុន ពិសេសការទទួលបានកូនប្រុសម្នាក់ គឺជាទ្រព្យជីវិតដែលមិនអាច កាត់ថ្លៃបានឡើយ៕

RELATED ARTICLES