មុនពេលដែលស្វាមីរបស់អ្នកនាងឡោម លក្ខិណា គឺលោកប៉ា ពិសិដ្ឋ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៤និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ១១៧ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ មហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើការបង្ហោះសាររបស់លោក ហាក់ដូចប្រផ្នូលអាក្រក់មួយ។

កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ លោកប៉ា ពិសិដ្ឋ បានបង្ហោះសារថា “ចាប់ផ្តើមហត់ហើយ” ភ្លាមនោះអ្នកនាងឡោម លក្ខិណា បានចូលទៅខមិនថា “កុំអាលហត់អីប៉ាៗតស៊ូទៀត មិនងាយមានឱកាសទេ”។

ការបង្ហោះសារនេះ រំលងបានតែជាង១អាទិត្យប៉ុណ្ណោះ លោកប៉ា ពិសិដ្ឋ បានជួបគ្រោះថ្នាក់ចរាចរណ៍ លោកបានបើករថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-9139 បុកជាមួយម៉ូតូ១គ្រឿង ពេលនោះលោកមិនបានចុះមកដោះសា្រយទេ ដោយប្រឹងបន្ថែមល្បឿនរត់គេច ក៏ជ្រុលទៅបុករថយន្តដឹកទឹកកក ប្រភេទ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-7485 បណ្តាលឲ្យរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនបានត្រឹមពាក់កណ្តាលផ្លូវ។

ក្រោយដឹងដំណឹងស្វាមីស្លាប់ ឡោម លក្ខិណា បានបង្ហោះសារថា “យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ ទី១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចរាចរ។ សូមជំរាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់អោយបានជ្រាបថា យើងខ្ញុំរៀបចំពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នុង អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយក្កីអនុគ្រោះ៕ ទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា ៣សូមអរគុណ”។

លក្ខិណា បន្ថែមថា “សូមបងទៅកាន់ទីស្ងប់សុខរឿងកូនបងកុំបារម្ភអូននឹងមេីលថែកូនអោយល្អ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញេីរអីអូនមួយម៉ាត់”៕
