Sunday, September 21, 2025
Homeតារាខ្មែរម៉ូលីកា ២ថ្ងៃទៀត គ្រងឈុតកូនក្រមុំ លាភាពនៅលីវ

ម៉ូលីកា ២ថ្ងៃទៀត គ្រងឈុតកូនក្រមុំ លាភាពនៅលីវ

កញ្ញាម៉ូលីកា នឹងជំនួសពាក្យដោយ ”អ្នកនាង” វិញ នៅ២ថ្ងៃខាងមុខនេះទៀត ខណៈដែលមង្គលការរបស់អតីតតារាចម្រៀងផលិតកម្ម Rock រូបនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ខាងមុខនេះហើយ នៅដឺព្រេមៀ សេនធ័រ សែនសុខ អគារB។

នេះជាមង្គលការមួយដែលមហាជនចាប់អារម្មណ៍ ព្រោះម៉ូលីកា ដែលជាអ្នករកស៊ីលក់គ្រឿងសម្អាងតាមអនឡាញនោះ អ្នកលេងបណ្ដាញសង្គមមួយណាក៏ស្គាល់នាងដែរ ខណៈដែលស្វាមីរបស់នាងវិញជាបុរសរូបសង្ហា លោកហុង មានុន ហៅឆានុន  ជាតារាសម្ដែងម្នាក់ផងដែរ។

បើទោះជាម៉ូលីកា មិនទាន់ហ៊ាននិយាយមុនថា កម្មវិធីអាពាហ៍ពិពាហ៍របស់នាងនឹងអស្ចារ្យយ៉ាងណានោះ ប៉ុន្ដែមហាជនអាចវាយតម្លៃថា ពិធីនោះអាចចាត់ទុកជាកម្មវិធីពិសេសសម្រាប់តារាសិល្បៈ នៅដើមឆ្នាំ២០២០នេះ ដោយសារតែម៉ូលីកា ធ្លាប់បង្ហើបថា នឹងត្រៀមចំណាយសម្រាប់កម្មវិធីទាំងមូលនូវទឹកប្រាក់ខ្ទង់១០ទៅ១៥ម៉ឺនដុល្លារឯណ្ណោះ។

តាមរយៈការអះអាងបែបនេះ បញ្ជាក់ថា ពិធីមង្គលការរបស់ស្រីស្អាតម៉ូលីកា និងប្រុសសង្ហាឆានុន ត្រូវបានគេសន្និដ្ឋានថា មានទ្រង់ទ្រាយធំស្រដៀងនឹងមង្គលការតារា៣ដួង កាលពីឆ្នាំ២០១៩ គឺអ្នកនាងឱក សុគន្ធកញ្ញា , កែវ សីហា និងសួស វីសា ។

ទោះជាយ៉ាងណា ម៉ូលីកា មិនដែលចង់ឲ្យគេប្រៀបធៀបមង្គលការរបស់នាងទៅតារាផ្សេងនោះទេ ដោយនាងធ្លាប់វាចាថា នឹងធ្វើទៅតាមសមត្ថភាពដែលខ្លួនមាន។

ម៉ូលីកា ដែលមានឈ្មោះដើមថា អឿន ម៉ូលីកា បានសាងស្នេហ៍ជាមួយតារាសម្ដែងឆានុន រយៈពេល៣ឆ្នាំ ទើបពួកគេសម្រេចចិត្តដឹកដៃគ្នាចូលរោងការនៅដើមឆ្នាំ២០២០នេះ។ គូស្នេហ៍យុវវ័យ១គូនេះ ត្រូវបានមហាជនស្ញប់ស្ញែងខ្លាំង ព្រោះម៉ូលីកា បានផ្ដើមពីទុនត្រឹមតែ៣០០ដុល្លារ រកស៊ីលក់ជ្រក់ជើងមាន់តាមអនឡាញ ហើយលោកឆានុន ជាអ្នកជិះម៉ូតូយកជើងមាន់ឲ្យភ្ញៀវ។

ប៉ុន្ដែកាលពី២៧ ខែធ្នូ ឆ្នាំ២០១៨ ម៉ូលីកា បានសម្ពោធហាងរក្សាសម្រស់អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ដែលចំណាយទុនដល់ទៅ១០ម៉ឺនដុល្លារ​ដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង។

នេះជាការជោគជ័យស្ទើរមិនគួរឲ្យជឿរបស់ម៉ូលីកា ដែលជាអ្នករកស៊ីតាម Online ខណៈពេលនេះ នាងសម្រេចក្ដីបំណងព្រមគ្នា ដូចជា ទិញរថយន្ដទំនើបៗជិះតាមប្រាថ្នា និងការរៀបការជាមួយមនុស្សប្រុសដែលនាងស្រលាញ់ ហើយមានប្រវត្តិតស៊ូលំបាកជាមួយនាង។

ម៉ូលីកា បានឲ្យដឹងថា ពិធីមង្គលការរបស់នាងនឹងរៀបចំតាមក្បូនខ្នាតប្រពៃណីខ្មែរទាំងអស់ ហើយក៏មានតារាសិល្បករមួយចំនួនដែលនាងបានអញ្ជើញឲ្យចូលរួមផងដែរ។

ថៅកែដែលទស្សនិកជនថា ស្រីស្អាតចិត្តល្អធ្លាប់បង្ហាញទឹកចិត្តសប្បុរសធម៌ជាច្រើនលើកមកហើយនោះថា ទោះជានាងមានស្វាមីក៏ដោយ ប៉ុន្តែនៅមិនចោលអាជីពសិល្បៈទេ គឺត្រៀមនឹងចេញបទចម្រៀងដែលធ្វើដោយខ្លួនឯងនាពេលវេលាសមស្របណាមួយ។

ដោយឡែក ការត្រៀមដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅទីណានោះ មិនទាន់ត្រូវបានម៉ូលីកា បង្ហើបមុនថ្ងៃរៀបការឡើយ ខណៈដែលនៅលើបណ្ដាញសង្គមវិញ កន្លងមក ម៉ូលីកា តែងតែចែកចាយរូបក្មេងស្រី Cute Cute ដែលទំនងដូចជានាងរៀបគម្រោងយកកូនភ្លាមៗ ហើយកូនដំបូងរបស់នាង គឺចង់បានកូនស្រីតែម្ដង៕

RELATED ARTICLES