អំឡុងពេលជួបរឿងទុក្ខសោកត្រូវស្វាមីសំណព្វចិត្ត លោកប៉ា ច័ន្ទពិសិដ្ឋ អ្នកនាងឡាយ លក្ខិណា ជាភរិយា បានរៀបរាប់រឿងហេតុមុនពេលដែលស្វាមីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត ថា ស្វាមីបានផ្តាំផ្ញើប្អូនថ្លៃនៅអាមេរិក ឲ្យជួយមើលថែ និងចិញ្ចឹមបីបាច់កូនប្រុសរបស់គាត់ផង។

អ្នកនាងឡោម លក្ខិណា បានរៀបរាប់ទាំងទឹកភ្នែកហូរជោគផែនថ្ពាល់ថា “មុនពេលកើតហេតុស្វាមីរបស់អ្នកនាងបានវិលមកផ្ទះវិញ ហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើង។ ដំបូងឡើយមានគេខលមកប្រាប់នាងថា ស្វាមីរបស់អ្នកនាងបានជួបគ្រោះថ្នាក់ចរាចរណ៍ តែនាងស្មានថា គ្រាន់តែរងរបួសស្រាល ប៉ះពាល់តែរថយន្តប៉ុណ្ណោះ”។

អ្នកនាងលក្ខិណា បន្តថា “បន្ទាប់មកគេក៏បានប្រាប់ទៀតថា ស្វាមីរបស់អ្នកនាងត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ទើបនាងភ្ញាក់ផ្អើល និងបានរៀបចំចេញដំណើរទៅពេទ្យ ស្រាប់តែគេខលមិនប្រាប់ថា ប្តីនាងផុតទៅហើយ ឲ្យមកកន្លែងកើតហេតុវិញ។ នាងក៏មកតាមគេប្រាប់ ក៏ឃើញស្វាមីស្លាប់បាត់ទៅហើយ ពេលនោះអារម្មណ៍នាងរន្ធត់រកពាក្យអ្វីនិយាយមិនបាន”។

អ្នកនាងឡោម លក្ខិណា ក៏បានបន្ថែមថា “មុនពេលកើតហេតុ ស្វាមីរបស់អ្នកនាង បាននិយាយទូរស័ព្ទ (Video Chat) ជាមួយប្អូននៅអាមេរិក ដែលជាទម្លាប់ស្វាមីរបស់អ្នកនាងមិនដែលនិយាយទូរស័ព្ទយូរជាមួយប្អូនប្រុសគាត់ទេ ទើបតែម្សិលមិញនេះ គាត់និយាយយូរដល់ទៅ៣-៤ម៉ោង ហើយគាត់បានផ្តាំផ្ញើឲ្យប្អូនរបស់គាត់មើលថែអាម៉េង (កូនបង្កើត) គឺបំណងគាត់ចង់ឲ្យកូនប្រុសទៅរស់នៅអាមេរិក”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្វាមីរបស់អ្នកនាងឡោម លក្ខិណា បានបើរថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-9139 បុកជាមួយម៉ូតូ១គ្រឿង ពេលនោះលោកមិនបានចុះមកដោះសា្រយទេ ដោយប្រឹងបន្ថែមល្បឿនរត់គេច ក៏ជ្រុលទៅបុករថយន្តដឹកទឹកកក ប្រភេទ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-7485 បណ្តាលឲ្យរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនបានត្រឹមពាក់កណ្តាលផ្លូវ៕

