ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យសោកសង្រេងនិងរន្ធត់ចិត្តបំផុតសម្រាប់តារាចម្រៀងស្រី ឡោម លក្ខិណា ដែលបានបាត់បង់ស្វាមីជាទីស្រលាញ់ត្រឹមតែមួយប៉ប្រិចភ្នែក បន្ទាប់ពីជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើករថយន្តទៅបុករថយន្តដឹកទឹកកកយ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ និងបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ ធ្វើឱ្យភរិយា (ឡោម លក្ខិណា) រន្ធត់ចិត្តទួញយំបោកខ្លួនរៀបរាប់ប្តីទៅចោលដោយគ្មានលាមួយម៉ាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានឆក់យកជីវិតស្វាមីតារាចម្រៀងឡោម លក្ខិណា ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រៃក្រឡា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តខាងលើនេះ មានឈ្មោះប៉ា ចាន់ពិសិដ្ឋ អាយុ៣៣ឆ្នាំ ត្រូវជាស្វាមីរបស់តារាចម្រៀងឡោម លក្ខិណា មានលំនៅក្នុងបុរីឈូកវ៉ា១ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើ (ស្វាមីឡោម លក្ខិណា) បានបើករថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-9139 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង រួចក៏បានប៉ះជាមួយនឹងម៉ូតូ១គ្រឿងបណ្តាលឱ្យដួល និងរងរបួសបន្តិចបន្តួច។

ប៉ុន្តែបុរសជាអ្នកបើករថយន្តព្រូស មិនព្រមឈប់ដោះស្រាយ បែរជាព្យាយាមបើករត់គេចទៅវិញ ទើបត្រូវបានគេដេញតាមពីក្រោយ ធ្វើឱ្យបុរសរូបនោះភ័យស្លន់ស្លោក៏ព្យាយាមបន្ថែមល្បឿនយ៉ាងលឿន។
លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តដឹកទឹកកក១គ្រឿង ជាប្រភេទរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-7485 ដែលបើកតាមបណ្តោយផ្លូវបេតុង ទិសដៅពីជើងមកត្បូង បញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យភាគីខាងរថយន្តព្រូស រងរបួសធ្ងន់។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះជា អ្នកបើករថយន្តព្រូសត្រូវបានដឹកតាមរថយន្តសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសលដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបបណ្តាលឱ្យជនរងគ្រោះត្រូវបាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវ និងត្រូវបានដឹកយកមកកន្លែងកើតហេតុវិញ ដើម្បីប្រគល់ទៅឱ្យសាច់ញាតិក្រុមគ្រួសារ។
ចំណែកភាគីរថយន្តដឹកទឹកកក ឃើញសភាពមិនស្រួលក៏បានចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តដឹកទឹកកកនៅនឹងកន្លែងកើតហេតុ។

បន្ទាប់ពីសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរួចរាល់ ក៏បានអូសយរថយន្តទាំង២គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក តារាចម្រៀងឡោម លក្ខិណា ត្រូវជាភរិយាសពនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក៏បានបង្ហោះសារទុក្ខសោកមួយតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានរៀបរាប់ថា “សូមបងទៅកាន់ទីស្ងប់សុខ រឿងកូនបង កុំបារម្ភ អូននឹងមើលថែកូនឱ្យល្អ បងដាច់ចិត្តណាស់ ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញើអីអូនមួយម៉ាត…”។

តារាចម្រៀងឡោម លក្ខិណា ក៏បានបន្តថា “យើងខ្ញុំជាក្រុមគ្រួសារនៃសពលោក Piseth Pa ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថ្នាក់ចរាចរណ៍។
សូមជម្រាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់ឱ្យបានជ្រាបថា យើងខ្ញុំរៀបចំពិធីបុណ្យសពស្ថិតនៅវត្តក្រាំងធ្នង់ អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយ មេត្តាចូលរួមដោយក្កីអនុគ្រោះ។ ទីតាំងវត្តក្រាំងធ្នង់ ជិតបុរីឈូកវ៉ា៣ សូមអរគុណ…”៕