អតីតតារាចម្រៀងផលិតកម្មរ៉ុក ម៉ូលីកា បានសម្រេចចិត្តដឹកដៃសង្សារសំណព្វចិត្តតារាសម្តែងលោកហុង មានុន ហៅឆានុន រៀបការនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះហើយ ដែលពិធីជប់លៀងធំធ្វើនៅដឺព្រេមៀសេនធ័រ សែនសុខ អគារ B។

មង្គលការរបស់ម៉ូលីកា ត្រូវបានគេចាត់ទុកថា ជាពិធីធំជាងគេសម្រាប់តារាដែលរៀបការនៅដើមឆ្នាំ២០២០នេះ ព្រោះនាងត្រៀមចំណាយលុយ១០ទៅ១៥ម៉ឺនដុល្លារឯណោះ និងទទួលភ្ញៀវជិត១០០តុ។
ដោយឡែក នៅថ្ងៃចូលរោងម្សិលមិញ (១៧ មករា) គេឃើញមង្គលការម៉ូលីកា ក៏មានការរៀបចំពិធីសូត្រមន្ត និងកម្មវិធីតាមក្បួនខ្នាតប្រពៃណីខ្មែរជាច្រើនទៀតផងដែរ។

ម៉ូលីកា បានឱ្យដឹងថា នាងរៀបការឆ្នាំនេះតាមការដេញពេលាពីតាអាចារ្យថា ឆ្នាំនេះល្អ ព្រោះនាងជាអ្នករកស៊ីអ៊ីចឹងក៏ជឿទៅលើហោរាសាស្ត្រផងដែរ។ នាងថា មង្គលការរបស់នាងក៏បានហៅតារាធ្លាប់រួមអាជីព និងរាប់អានគ្នាមួយចំនួនផងដែរ។

ម៉ូលីកា បានសាងស្នេហ៍ជាមួយលោកឆានុន រយៈពេល៣ឆ្នាំទើបដឹកដៃគ្នាក្រាបផ្ទឹមនៅពេលនេះ។ គូស្នេហ៍តារា១គូនេះធ្លាប់មានប្រវត្តិតស៊ូមិនធម្មតាឡើយ ដោយម៉ូលីកា ផ្តើមពីទុនត្រឹម៣០០ដុល្លារប៉ុណ្ណោះ រកស៊ីលក់ជើងមាន់តាមអនឡាញ ហើយលោកឆានុន ជាអ្នកជិះម៉ូតូដឹកទៅឱ្យភ្ញៀវ។
ប៉ុន្តែអ្វីដែលស្ទើរតែមិនគួរឱ្យជឿ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ម៉ូលីកា បានសម្ពោធហាងរក្សាសម្រស់អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ដែលចំណាយទុនដល់ទៅ១០ម៉ឺនដុល្លារ។

ក្រោយដំណើរការហាងលក់គ្រឿងសម្អាងនេះបានតែជាង១ឆ្នាំ ម៉ូលីកា បានឈានមកទិញរថយន្តទំនើបៗជិះ ដូចជា Lexus RX450h , Range ROver និង Juguar ជាដើម ដែលធ្វើឱ្យទាំងអ្នកសិល្បៈនិង មហាជនបានសរសើរនូវភាពវៃឆ្លាតរបស់នាងក្នុងការធ្វើជំនួញតាំងពីមានទុនតិច រហូតដល់មានប្រាក់រាប់សែនដុល្លារ។

ប៉ុន្តែយ៉ាងណា ម៉ូលីកា ធ្លាប់អះអាងថា ទោះជាមហាញឹកនឹងការរកស៊ីយ៉ាងណាក៏ដោយ ប៉ុន្តែនាងនៅតែស្រលាញ់អាជីពចម្រៀង ហើយគ្រោងនឹងធ្វើបទថ្មីដោយចំណាយលុយខ្លួនឯងចេញនៅលើ យូធូប នាពេលខាងមុខនេះទៀតផង។

ចំណែកគម្រោងដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំ និងត្រៀមយកកូនឱ្យបានប៉ុន្មាននាក់នោះ នៅមិនទាន់ត្រូវបានម៉ូលីកា បង្ហើបប្រាប់ឱ្យដឹងឡើយ៕