Sunday, September 21, 2025
Homeតារាខ្មែរនាយគ្រឿន ប៉ះស្រីស្អាតវ័យក្មេង ពិបាកលេង... ខ្លាចមានអារម្មណ៍

នាយគ្រឿន ប៉ះស្រីស្អាតវ័យក្មេង ពិបាកលេង… ខ្លាចមានអារម្មណ៍

តារាកំប្លែងលោកចែម សារឿន ហៅនាយគ្រឿន បានសារភាពថា ការប៉ះស្រីក្មេងឈិន ស៊ាវម៉ី ដែលមានសម្រស់ស្អាតផូរផង់ពេក ទើបធ្វើឱ្យនាយពិបាកក្នុងការលេងឈុតឱបថើបស្រីស្អាតរូបនេះ ព្រោះខ្លាចតែនាងគ្មានអារម្មណ៍ជាមួយ។

យ៉ាងណា នាយគ្រឿន ថា ឈុតទាំងនេះធ្វើឱ្យនាយពេញចិត្តខ្លាំងណាស់ ហើយនាយផ្ទាល់ បើទោះជាតារាកំប្លែងមែន ប៉ុន្តែអាចសម្តែងបានទៅតាមអ្នកដឹកនាំរឿងចង់បាន ហើយនាយចង់ថតកុនយកលុយមកចាយ តែបើឱ្យថតបានលុយហើយស្លាប់ ក៏នាយមិនលេងជាដាច់ខាត។

ការអះអាងរបស់នាយគ្រឿន បែបនេះ ក្រោយពេលដែលនាយឆក់បានតំណែងតួឯកក្នុងរឿង “កំពូលអ្នកស៊ើបអង្កេតបែកស្លុយ” ចាប់ដៃស្រីក្មេងឈិន ស៊ាវម៉ី របស់ផលិតកម្មវីស៊ីន ភីកឈ័រ ដែលបានធ្វើពិធីសម្ពោធជាផ្លូវការនៅរោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីអន១ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

លោកចែម សារឿន ហៅនាយគ្រឿន ថ្លែងថា “រឿងនេះ ខ្ញុំលេងជាតួអ្នកស៊ើបអង្កេតម្នាក់ ហើយឈ្នះសត្រូវជារៀងរហូត។ នេះជាភាពយន្តខ្ទង់ទី៣០ឬ៤០ហើយសម្រាប់ខ្ញុំ តែខ្ញុំមិនចង់រាប់ចំនួនទេ ព្រោះថា ថតរឿងហើយមិនដែលសល់លុយ”។

នាយគ្រឿន បន្តថា “សម្រាប់ខ្ញុំជាអ្នកកំប្លែងមួយរូប តែខ្ញុំអាចសម្តែងកុនបាន ដោយសារតែវាជារឿងដែលយើងអាចលេងបាន មិនទៅពិបាកដូចរឿងបរទេសទេ ហើយការថតកុន សម្រាប់យកលុយមកចាយ បើថតហើយងាប់ អត់បានលុយចាយ ក៏ខ្ញុំមិនលេងដែរ”។

នាយគ្រឿន បន្តទៀតថា “ក្នុងរឿងថ្មីនេះមានឈុតឱបថើបតួស្រីរហូតហ្នឹង តែខ្ញុំទទួលស្គាល់ថាខ្លួនឯងនៅខ្សោយរឿងឈុតឱបថើបហ្នឹង ពិសេសក្នុងរឿងនេះ តួស្រីក្មេងស្អាតពេកអ៊ីចឹងខ្ញុំចេះតែខ្លាចតួស្រីគេមិនចូលចិត្តយើង ខ្លាចគេប្រកាន់យើងអ៊ីចឹងទៅ ព្រោះថាបើគេស្អាតអីចឹង ប៉ះតួស្អាតដូចគ្នាទៅបានសមគ្នា។ ម៉្យាងទៀតខ្ញុំខ្លាចគេមានគូស្នេហ៍ប្រចណ្ឌអីដែរ ខ្ញុំអត់សូវហ៊ានលេងធ្ងន់ៗទេ”។

ដោយឡែក ស្រីស្អាតសាច់សខ្ចីដូចបណ្តូលចេក នាងឈិន ស៊ាវម៉ី អាយុទើប២៣ឆ្នាំវិញ បានវាចាថា “ខ្ញុំមិនប្រកាន់បងគ្រឿន ដែលសម្តែងឈុតស្នេហាខ្លះជាមួយខ្ញុំទេ ព្រោះជាការថតកុន ហើយថតចប់គឺចប់ដែរ មិនមានអារម្មណ៍អ្វីផ្សេងទេ។ សម្រាប់ខ្ញុំបានថតរឿងជាច្រើនមកហើយ តែនេះជារឿងទី១ ហើយដែលខ្ញុំបានសម្តែងជាតួឯកធំ”។

កញ្ញាស៊ាបមុី បន្តថា “អ្វីដែលខ្ញុំមិនអាចបំភ្លេចបានក្នុងរឿងនេះ គឺគេយកខ្ញុំទៅកប់ផ្ទាល់ដីនៅម៉ោង២ទាំងយប់រំលងអធ្រាត្រ ហើយពេលហ្នឹងមានអារម្មណ៍ថាភ័យមែនទែន ព្រោះឮសំឡេងឆ្កែលូផង។ ចំពោះឈុតឱបថើបជាមួយបងគ្រឿន ហ្នឹងមានតិចតួចទេ ហើយក៏មិនរោលរាលខ្លាំងដែរ”។

ក្រៅពីនាយគ្រឿន និងឈិន ស៊ាវម៉ី រឿង “កំពូលអ្នកស៊ើបអង្កេតបែកស្លុយ” មានការចូលរួមសម្តែងពីតារាល្បីៗប្រុសស្រីជាច្រើនដួងទៀត ខណៈដែលភាពយន្តនេះជាស្នាដៃទី២របស់ផលិតកម្មវីស៊ីន ភីកឈ័រ បន្ទាប់ពីរឿង “ទេសចរណ៍ឋាននរក”។

លោកលី វៀត ហៅលីវេត ចាងហ្វាងផលិតកម្មវីស៊ីន ភីកឈ័រ បានឱ្យដឹងថា “រឿងនេះប្រើពេលថតរយៈពេលខ្លី តែចំណាយប្រាក់អស់៥ម៉ឺនដុល្លារ។ មូលហេតុដែលលោកជ្រើសយកនាយគ្រឿន និងកញ្ញាស៊ាវម៉ី ជាតួឯក ដោយសារសាច់រឿងនេះមានឈុតកំប្លែងអ៊ីចឹង”។

លោកលីវេត គិតថាស័ក្តិសមជាមួយនាយគ្រឿន ព្រោះគាត់ជាតារាកំប្លែងល្បី ទស្សនិកជនចូលចិត្តគាត់ច្រើនស៊ីគ្នានឹងតួឯកស្រីសិចស៊ីស្រស់ស្អាត ត្រូវនឹងរឿងនេះ កញ្ញាស៊ាវម៉ី។ រឿងនេះនឹងដាក់បញ្ចាំងជាផ្លូវការគ្រប់រោងភាពយន្តទាំងអស់ក្នុងស្រុក ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះតទៅ៕

RELATED ARTICLES