Monday, September 22, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ត កាន់តែស្អិតល្មួតជាមួយភរិយាកូន៣

ខេមរៈ សិរីមន្ត កាន់តែស្អិតល្មួតជាមួយភរិយាកូន៣

បន្ទាប់ពីលាក់ប្រពន្ធកូនជិត១ទសវត្សន៍ នៅទីបំផុត តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត ស្រាប់តែបង្ហាញភាពស្អិតល្មួតជាមួយភរិយាកូន៣ អ្នកនាងកុយ ផល្លី លើសគូស្នេហ៍តារាចម្រៀង ព្រាប សុវត្ថិ និងអ្នកនាងឡុង ស្រីមុំ ទៅទៀត។

សិរីមន្ត បានដឹកដៃប្រពន្ធទៅសាសងស្នេហ៍នៅទឹកដីបារាំង រយៈពេល១៨ថ្ងៃ មុនថ្ងៃឆ្លងឆ្នាំសកល២០១៩ ឈានចូលឆ្នាំ២០២០ ធ្វើឱ្យចំណងស្នេហារបស់តារាចម្រៀងហង្សមាសរូបនេះ មានភាពផ្អែមល្ហែមមិនចាញ់គូស្នេហ៍យុវវ័យឡើយ ពិសេសគឺនៅពេលដែលពួកគេបានឱបគ្នានៅលើភ្នំទឹកកក នោះ។

ដោយឡែក ថ្មីៗនេះដែរ លោកខេម ប៊ុនថៃ បាននាំប្រពន្ធទៅលេងនៅទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគីរី ហើយពួកគេតែងខ្លួនជាកូនក្រមុំកំលោះជនជាតិភាគតិចទៀតផង។

យុវវ័យជាច្រើនបានច្រណែនពីចំណងស្នេហ៍សិរីមន្ត និងប្រពន្ធ ព្រោះទោះជាពេលនេះ ពួកគេមានកូនដល់ទៅ៣នាក់ទៅហើយក្តី ប៉ុន្តែភាពល្អូកល្អិនវិញមិនចាញ់គូស្នេហ៍ក្មេងៗទេ។ ប៉ុន្តែយ៉ាងណា លោកខេម ប៊ុនថៃ នៅតែមិនព្រមបង្ហើបពីគម្រោងអូសដៃប្រពន្ធចូលរោងការជាចំហឡើយ បើទោះជាមុននេះមានតារាប្រុសស្រីជាច្រើនដួងបានសម្រុកដឹកដៃគ្នាចូលរោងការដូចទឹកបាក់ទំនប់ក្តី តែសិរីមន្ត និងប្រពន្ធនៅតែមិនអើពើ។

ខេម ប៊ុនថៃ បានកុហកមហាជន និងអ្នកសារព័ត៌មានជាង៩ឆ្នាំ ដោយអះអាងថា រូបគេមិនដែលមានប្រពន្ធកូនដូចការសង្ស័យឡើយ។ ប៉ុន្តែនៅឆ្នាំ២០១៨ សិរីមន្ត បរាជ័យរឿងលាក់ប្រពន្ធកូនបន្តទៅទៀត ក៏ព្រមសារភាពការពិត ដែលពេលនេះរូបគេមានកូន៣នាក់ (ស្រី២) ទៅហើយ។

សិរីមន្ត ថែមទាំងបានអះអាងថា រូបគេបានរៀបការជាមួយប្រពន្ធ ហើយកាលពីឆ្នាំ២០០៩ ប៉ុន្តែការអត្ថាធិប្បាយបែបនេះត្រូវបានគេសន្និដ្ឋានថា គ្រាន់តែជាការគេចចេញពីការរិះគន់ថា រូបគេមានកូន៣ ទាំងមិនបានរៀបការច្រើនជាង ខណៈដែលរូបថតអាពាហ៍ពិពាហ៍សិរីមន្ត ក្រាបផ្ទឹមជាមួយភរិយា មិនទាន់ត្រូវបានបង្ហាញសូម្បីតែ១ប៉ុស្តិ៍។

ខេមរៈ សិរីមន្ត បានស្ពាយបង្វេចចេញពីសាន់ដេ ចូលហង្សមាស ដែលការប្តូរទ្រនំនេះត្រូវបានមហាជនមើលឃើញថា លោកប៊ុនថៃ មិនទាន់មានទីផ្សារចម្រៀងខ្លាំងដូចកាលនៅសាន់ដេ ឡើយ។ ប៉ុន្តែ សិរីមន្ត បានច្រានចោលយ៉ាងដាច់អហង្ការតែម្តងថា សូមកុំឱ្យមនុស្សទាំងឡាយឆាប់វាយតម្លៃពេក ព្រោះរូបគេទើបតែចូលហង្សមាស រយៈពេលខ្លីទេ អ៊ីចឹងនៅមានពេលវេលាច្រើនទៀត៕

RELATED ARTICLES