តារាចម្រៀងនិងសម្តែងជាច្រើនដួងបាននាំគ្នារៀបការយ៉ាងគំហុក កាលពីឆ្នាំ២០១៩ ប៉ុន្តែសុខ ស្រីនាង នាងមិនជ្រួលជ្រើមចូលរោងការតាមគេឡើយ ព្រោះតែធ្លាប់រៀបការម្តងទៅហើយជាមួយអតីតប្តី លោកស៊ី សុវត្ថិ កាលពីឆ្នាំ២០០៩ ប៉ុន្តែបានចែកផ្លូវគ្នាវិញទាំងចម្រូងចម្រាស កាលពីឆ្នាំ២០១១ ធ្វើឱ្យស្រីនាង ក្លាយទៅជាតារាមេម៉ាយវ័យក្មេងដែលរងាបេះដូងរយៈពេល៩ឆ្នាំមកហើយ។

នៅពេលដែលសុខ ស្រីនាង ទៅចូលរួមមង្គលការមិត្តភក្តិម្តងៗ នាងត្រូវអ្នកចម្រៀងរួមអាជីពជជីកសួរថា ពេលណាទើបគិតគូររៀបការម្តងទៀតដូចគេ? ប៉ុន្តែស្រីនាង បានត្រឹមគ្រវីក្បាល ហើយនាងមិនចង់រៀបការតាមការជំរុញរបស់មិត្តភក្តិនោះទេ។
ពេលខ្លះ គេឃើញស្រីនាង តែងស្រងូតស្រងាត់ទៀតផង នៅពេលដែលនិយាយដល់រឿងរៀបការ ទើបតារារួមអាជីពលែងហ៊ានជជីកសួរតទៅទៀត ព្រោះគ្រប់គ្នាដឹងថា នាងនៅតែស្តាយក្រោយចំពោះមង្គលការអន្ទះសាកន្លងមក ដែលធ្វើឱ្យនាងធ្លាក់ខ្លួនមេម៉ាយទាំងមិននឹកស្មានដល់។

ប៉ុន្តែចំពោះការមិនអាចរក្សាចំណងស្នេហាបានយូរអង្វែងនោះ អតីតស្វាមីសុខ ស្រីនាង គឺលោកស៊ី សុវត្ថិ បានទម្លាក់កំហុសទៅលើស្រីនាង ដោយលោកថែមទាំងមានសារយ៉ាងខ្លីផ្តាំផ្ញើដល់ប្រុសៗទាំងឡាយដែលចង់បានប្រពន្ធចាស់របស់លោកធ្វើជាភរិយា ថា គឺដាច់ខាតត្រូវតែមានរបស់២យ៉ាង ទៅជាមួយ គឺលុយ និងអំណាច ទើបទៅរួច។
ស្រីនាង មិនដែលហ៊ានតតបចំពោះបណ្តាំអតីតប្តីនេះឡើយ ហើយនាងរឹតតែព្យាយាមលាក់គូស្នេហ៍ថ្មីកាន់តែខ្លាំងឡើងៗនៅពេលដែលគ្រប់គ្នាជឿថា នាងមិនទុកបេះដូងឱ្យនៅទំនេរឡើយ រយៈពេល៩ឆ្នាំមកនេះ គឺប្រាកដជាមានម្ចាស់ចិត្តថ្មីទៀត ហើយគ្រាន់តែនាងលាក់បាំងមិនឱ្យគេស្គាល់សង្សារថ្មីប៉ុណ្ណោះ។

សុខ ស្រីនាង ត្រូវបានមន្ត្រីធំៗឆ្វែលស្នេហ៍តាំងពីនាងលែងប្តីភ្លាមៗម៉្លេះ ពិសេសក្រោយការប្រកាសពីអតីតប្តីរបស់នាងថា ប្រុសទាំងឡាយអាចយកបេះដូងនាងបាន បើសិនជាពួកគេមានព្រមគ្នាទាំងអំណាចនិងលុយទៅជាមួយនោះ រឹតតែធ្វើឱ្យមន្ត្រីធំៗជ្រួលជ្រើមស្នេហ៍។ ប៉ុន្តែស្រីនាង រក្សាភាពស្ងប់ស្ងាត់ហើយទុកឱ្យរឿងស្នេហារបស់នាងទៅជាអាថ៍កំបាំងរហូតមក បើទោះជាពេលនេះមិត្តភក្តិរួមទ្រនំជាមួយនាងនៅហង្សមាស ពួកគេសុទ្ធតែមានគូស្នេហ៍រៀងៗខ្លួនអស់ទៅហើយក្តី។

ប៉ុន្តែស្រីនាង នាងបានយកអាជីពចម្រៀងបន្លប់ទុក្ខស្នេហ៍ ហើយពេលខ្លះគេឃើញនាងច្រៀងរាំសប្បាយតែនៅលើឆាកតន្ត្រី ប៉ុន្តែនៅក្រោយឆាកនាងក្រៀមក្រំស្រពោនឱរាតែម្នាក់ឯងក៏មានដែរ។

មិត្តភក្តិដែលស្និទ្ធស្រីនាង ពួកគេនិយាយថា តារាចម្រៀងរូបនេះមានជម្រើសស្នេហ៍ច្រើនណាស់ មានទាំងមន្ត្រីធំៗ និងលោកឧកញ៉ាៗមិនតិចរូបឡើយ ដែលតាមសុំស្នេហាអ្នកមេម៉ាយស្រអែមស្រស់នេះ ព្រមគ្នាតែម្តង។
យ៉ាងណា ស្រីនាង នាងហាក់ខ្លាចក្នុងការទទួលស្នេហ៍ថ្មី ព្រោះនៅបារម្ភច្រើនខ្លាចដើរជាន់ដាន ស្នេហ៍ចាស់ ហេតុនេះហើយបានជានាងមិនហ៊ានបណ្តើរគូស្នេហ៍ថ្មីជាចំហ ដោយសារតែខ្លាចមិនច្បាស់លាស់នាំឱ្យខ្មាសគេ។

សុខ ស្រីនាង ស្ថិតក្នុងចំណោមអ្នកមេម៉ាយដែលលែងប្តីទៅ អាជីពសិល្បៈនៅតែមានទីផ្សារ ដូចជា អ្នកនាង ពេជ្រ សោភា , សុខ សោម៉ាវត្តី ជាដើម។ ស្រីនាង ចេញមុខច្រើនជាងមុននៅពេលដែលនាងរើបង្វេចចេញពីសាន់ដេ ចូលហង្សមាស ហើយល្បីបាន១បទ គឺ “ហត់ទេ ស្រលាញ់គេម្នាក់ឯង?”។

ស្រីនាង ដែលសម្រស់មិនធ្លាក់ចុះក្រោយធ្លាក់ខ្លួនមេម៉ាយនេះ ត្រូវថៅកែហង្សមាស ពេញចិត្តផ្តល់តំណែងតួឯកដល់ទៅ២រឿងព្រមគ្នា គឺរឿង “រាជិនីភូមិគ្រឹះ” និងរឿង “ខ្ញុំមានញាណលើស” ទើបធ្វើឱ្យស្រីនាង ឡើងកូដបានមួយកម្រិតទៀត។
យ៉ាងណា សំណួរដែលមហាជនចង់ដឹងថា តើគូស្នេហ៍ថ្មីរបស់ស្រីនាង ពិតជាដូចអតីតប្តីថា គឺជាប្រុសដែលមានទាំងទ្រព្យ និងអំណាច មែនឬយ៉ាងណា?…៕