ព្រាប សុវត្ថិ អាយុ៤៥ឆ្នាំទៅហើយ ខណៈដែលកូនប្រុសទាំង៣របស់លោក មាន សុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ពេញកំលោះស្រាងតែម្តង។
ទោះជាយ៉ាងណា អ្នកស្រីឡុង ស្រីមុំ ដែលជាភរិយាព្រាប សុវត្ថិ នៅតែបង្ហាញភាពផ្អែមល្ហែម ជាមួយស្វាមីដូចកាលអ្នកទាំង២ទើបរៀបការហើយថ្មោងថ្មី កាលពីឆ្នាំ១៩៩៧ដែរ ទើបធ្វើឱ្យគូស្នេហ៍យុវវ័យមួយចំនួនសុំខ្មាស។

តាមរយៈអាយុកាន់តែជ្រេ រូបរាងនៅតែសង្ហានេះ ព្រាប សុវត្ថិ នៅតែធ្វើឱ្យអ្នកគាំទ្រលង់ស្នេហ៍តារាចម្រៀងកូន៣រូបនេះដោយមិនដឹងខ្លួនឡើយ ខណៈដែលចាប់កាន់ក្បាលមីក្រូជាង២ទសវត្សរ៍ ព្រាប សុវត្ថិ ដែលច្រៀងជាង៣ពាន់បទឱ្យហង្សមាស នៅតែមិនទាន់មានតារាណាអាចផ្តួលលោកបានឡើយ ថ្វីត្បិតតែកន្លងមក ខេមរៈ សិរីមន្ត ធ្លាប់ធ្វើឱ្យតារាជើងចាស់រូបនេះរង្គោះរង្គើតំណែងម្តងៗ អំឡុងពេលដែលសិរីមន្ត ច្រៀងនៅសាន់ដេ ក៏ដោយ។

ប៉ុន្តែអំឡុងពេលដែលសិរីមន្ត ស្ពាយបង្វេចចូលហង្សមាស ធ្វើឱ្យព្រាប សុវត្ថិ នៅតែបន្តឈរក្នុងតំណែងលេខ១ ដោយស្វ័យប្រវត្តិដដែល។

លោកសាស្ត្រាចារ្យ សេង សំអាន មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្លាប់អះអាងថា ព្រាប សុវត្ថិ អាចល្បីបានច្រើនឆ្នាំតទៅទៀត ព្រោះពេលនេះសំឡេងមិនទាន់បែកទេ គឺនៅតែខ្លាំង។

ចំណែកលោកមិញ សុធីវណ្ណ ដែលធ្លាប់អះអាងថា លោកជាអ្នកគាំទ្ររបស់ខេមរៈ សិរីមន្ត នោះ ធ្លាប់និយាយថា ជាទូទៅផលិតកម្មរស្មីហង្សមាស មិនលើកតារាមកពីផលិតកម្មផ្សេងជាងតារារបស់ខ្លួនទេ ព្រោះគេចង់បង្ហាញថា អត់តារាពីខាងក្រៅ ហង្សមាស ក៏ដំណើរការបានដែរ។

ប៉ុន្តែលោកសុធីវណ្ណ ថា រវាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត នៅពេលដែលនៅឈរជើងផលិតកម្ម តែ១បែបនេះ អ្នកណាចេញបទចម្រៀងបានច្រើនជាងអ្នកណា គឺជាអ្នកឈ្នះ។

មហាជនបានចាត់ទុកព្រាប សុវត្ថិ ថាជា តារា “ខ្ញីចាស់កាន់តែហឹរ” ព្រោះរក្សាតំណែងឈានមុខគេបានជាង២០ឆ្នាំហើយ ខណៈថ្មីៗនេះ កំពូលតារាចម្រៀងរូបនេះបានចេញបទ “ខ្ញុំមិនល្អត្រង់ណា ?” សម្តែង MV ជាមួយស្រីស្អាត ជា ស្រីរ័ត្ន ដែលមើលទៅព្រាប សុវត្ថិ នៅតែក្មេងជាងវ័យឆ្ងាយណាស់៕