ឈិត សុវណ្ណបញ្ញា បានដើរចេញពីផលិតកម្មរស្មីហង្សមាស ចូលថោន ជាង២ឆ្នាំមកហើយ បន្ទាប់ពីនាងបានផ្ញើខ្លួននៅទ្រនំធំនេះរយៈពេល១១ឆ្នាំ។ ចំពោះមូលហេតុដែលឈិត សុវណ្ណបញ្ញា អស់និស្ស័យជាមួយហង្សមាស នេះ ត្រូវបានអតីតម្ចាស់ជ័យលាភី Rock Star របស់ CTN កាលពីឆ្នាំ២០០៥ រូបនេះថា នាងនៅហង្សមាស ១១ឆ្នាំ មិនដែលបានច្រៀង Solo Album (ចេញម្នាក់ឯង)។

ប៉ុន្តែការច្រៀងនៅថោន ជាង២ឆ្នាំនេះ សុវណ្ណបញ្ញា នៅតែមិនទាន់បានចេញ១វ៉ុលសុទ្ធម្នាក់ឯង ដដែល ខណៈដែលកេរ្តិ៍ឈ្មោះរបស់នាងវិញមិនសូវលេចធ្លោឡើយ គឺចុះខ្សោយជាងនៅហង្សមាស ទៅទៀត ទើបធ្វើឱ្យលេចឮថា សុវណ្ណបញ្ញា អាចនឹងដើរតាមគន្លងសុគន្ធ និសា ដែលទៅចូលថោន ហើយវិលត្រឡប់មកចូលហង្សមាស វិញ។

យ៉ាងណា ហង្សមាស ហាក់មិនទាន់មានសញ្ញាភ្លើងខៀវណាមួយដើម្បីឱ្យសុវណ្ណបញ្ញា វិលវិញទេ ព្រោះ អំឡុងពេលដែលចូលថោន នោះ បញ្ញា ក៏ធ្លាប់ប៉ះពាក្យសំដីជាមួយអ្នកគ្រប់គ្រងផលិតកម្ម រស្មីហង្សមាស លោកអ៊ឹង សុខលាភ ផងដែរ ហេតុនេះហើយបានជាឱកាសវិលវិញរបស់បញ្ញា មានភាគរយតិចតួចបំផុត។

ទោះជាឈិត សុវណ្ណបញ្ញា ពិបាកដណ្តើមភាពលេចធ្លោនៅថោន មែន ប៉ុន្តែរយៈពេលចុងក្រោយនេះ គេឃើញស្រីស្រស់មានជីវភាពកាន់តែប្រែប្រួលស្ទុះឡើងសឹងតែមិនគួរឱ្យជឿ ដូចជាផ្លាស់ប្តូររថយន្តទំនើបៗជិះជាបន្តបន្ទាប់ Landcruiser និង Rang Rove ជាដើម ហើយជាញឹកញាប់ គេឃើញស្រីស្រស់ទៅដើរលេងកម្សាន្តនៅក្រៅស្រុកជាច្រើនប្រទេសផងដែរ។

យ៉ាងណា សុវណ្ណបញ្ញា នៅតែមិនហ៊ានបង្ហាញមុខគូស្នេហ៍ថ្មីជាចំហទេ គឺនៅតែជ្រើសផ្លូវលាក់មុខកំណាន់ចិត្តមិនឱ្យគេស្គាល់ឡើយ តាំងពីបុរសអ្នកគួកជេឡានម្នាក់ដែលគេសង្ស័យថា ជាសង្សាររបស់នាងបានក្លាយទៅជាប្អូនថ្លៃនោះ។

ប៉ុន្តែគេជឿថា ពេលនេះ បញ្ញា មិនទុកបេះដូងឱ្យនៅទំនេរឡើយ គឺគ្រាន់តែនាងព្យាយាមលាក់បាំង មិនឱ្យគេស្គាល់គូស្នេហ៍ប៉ុណ្ណោះ។

ឈិត សុវណ្ណបញ្ញា ជាអតីតតារាដែលចេញពីហង្សមាស មករួមរស់ជាមួយថោន ដូចជា អ្នកនាងយក់ ថិតរដ្ឋា, សុន ស្រីពេជ្រ, រ៉ាប៊ី, បាន មុន្នីល័ក្ខ, ម៉ៅ ហាជី និងសៅ ឧត្តម ជាដើម ដែលពេលនេះមានតែកញ្ញារ៉ាប៊ី ម្នាក់គត់ ដែលធ្វើឱ្យទីផ្សារចម្រៀងរបស់នាងមានការស្ទុះឡើងជាងនៅទ្រនំចាស់៕

