លោកអ៊ូ វ៉ាវ ដែលជាឪពុកតារាចម្រៀងសាន់ដេ (អ៊ីវ៉ា) បានចេញមកសម្តែងការកោតសរសើរចេញពីបេះដូងចំពោះថៅកែផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន ថាជាមនុស្សល្អកម្ររកបាន ទើបធ្វើឱ្យកូនចៅជាច្រើនគោរពស្រលាញ់។

លោកថា ថៅកែសាន់ដេ មិនដែលហួងហែង ឬកាត់លុយតារាចម្រៀងពេលចេញច្រៀងតាមបណ្តាកម្មវិធីទាំងឡាយឡើយ។

ឪពុកអ៊ីវ៉ា លោកអ៊ូ វ៉ាវ ថ្លែងថា “ខ្ញុំសូមនិយាយមិនឱ្យប៉ះពាល់ដល់ផលិតកម្មណាមួយទេ គឺនិយាយតែសាន់ដេ ឬថៅកែសាន់ដេ ១គត់។ គាត់ជាថៅកែផលិតកម្មល្អម្នាក់ស្រលាញ់ និងយកចិត្តទុកដាក់កូនចៅ។ គាត់មិនហួងហែងកូនចៅចេញច្រៀងតាមកម្មវិធីណា ឬកាត់លុយភាគរយអីអត់ដែលមានទេ។ កូនចៅនៅសាន់ដេ ស្រលាញ់គាត់ណាស់”។

អ៊ីវ៉ា ជាតារាចម្រៀងវ័យក្មេងដែលមានសមត្ថភាពមិនធម្មតាទេ ព្រោះនាងអាចច្រៀងបានគ្រប់ទម្រង់ទាំងអស់។ អ៊ីវ៉ាបានយកឪពុករបស់នាងឱ្យចូលច្រៀងនៅផលិតកម្មសាន់ដេ ដែរ ប៉ុន្តែកន្លងមក លេចឮថា ផលិតកម្មរស្មីហង្សមាស និងថោន តាមចែចូវនាង ទើបធ្វើឱ្យអ៊ីវ៉ា ចង់ផ្លាស់ប្តូរទ្រនំថ្មី។

លោកអ៊ូ វ៉ាវ ធ្លាប់ប្រាប់ដែរថា កូនស្រីរបស់លោក (អ៊ីវ៉ា) បានចាត់ទុកផលិតកម្មសាន់ដេ ជាឪពុកម្តាយទី២ ជាកន្លែងដែលផ្តល់ឱ្យនាងនូវភាពល្បីល្បាញ និងមហាជនទទួលស្គាល់ រហូតមកដល់ពេលនេះ។ ប៉ុន្តែលោកថា ការផ្លាស់ប្តូរផលិតកម្ម គឺធ្វើទៅតាមពេលវេលា តែពេលនេះកូនស្រីរបស់គាត់ នៅតែជាតារាចម្រៀងសាន់ដេ ដដែលទេ។

អ៊ីវ៉ា សម្រេចចិត្តបន្តច្រៀងឱ្យផលិតកម្មសាន់ដេ ដោយគ្មានការកុងត្រាឡើយ។ នាងថា នៅដើមឆ្នាំ២០២០នេះ នឹងត្រៀមចេញបទចម្រៀងថ្មីៗថែមទៀត ហើយនាងក៏ត្រៀមបង្កើតមុខរបរថ្មីមួយបន្ថែមពីលើហាងសម្លៀក បំពាក់ផងដែរ។

លោកវ៉ាវ ថា កូនស្រីរបស់លោក ឆ្នាំនេះអាយុ២៤ឆ្នាំហើយ ប៉ុន្តែរឿងគម្រោងរៀបការមិនទាន់មានទេ ហើយលោកសូមប្រគល់សិទ្ធិឱ្យកូនស្រី ៦០% ជ្រើសរើសគូដោយខ្លួនឯង ចំណែករូបលោកវិញ សុំតែ៤០% ជាអ្នកសម្រេចតាមក្រោយ៕