Monday, September 22, 2025
Homeតារាខ្មែរមាស សុខសោភា ចេញពីថោន នឹងត្រូវចូលផលិតកម្មមួយណា?

មាស សុខសោភា ចេញពីថោន នឹងត្រូវចូលផលិតកម្មមួយណា?

ការប្រកាសដើរចេញពីផលិតកម្មថោន របស់មាស សុខសោភា ធ្វើឱ្យតារាចម្រៀងទាំងឡាយមានការច្របូកច្របល់ ខណៈដែលផលិតកម្មធំៗស្ទើរតែទាំងអស់សុទ្ធតែចង់បានអ្នកចម្រៀងល្បីល្បាញរូបនេះធ្វើជាសមាជិករបស់ខ្លួន ព្រោះតាំងពីផ្លាស់ប្តូរផលិតកម្មជាច្រើនលើកច្រើនសាមក សោភា ត្រូវបានគេទទួលស្គាល់ថា នាងទៅច្រៀងនៅផលិតកម្មណាក៏ល្បីដែរ។

ប៉ុន្តែរឿងដែលធ្វើឱ្យមានការចាប់អារម្មណ៍ត្រង់ថា ក្រោយការដើរចេញពីថោន ហើយ តើមាស សុខសោភា នឹងអាចរក្សាតំណែងបងប្រុសរបស់នាង លោកមាស សុខរតនៈ ដែលជាអ្នកចាត់ការទូទៅរបស់ថោន បានតទៅទៀតឬយ៉ាងណា?

ស្របពេលដែលបុគ្គលិកភាគច្រើននៅថោន ថា លោករតនៈ ហាក់ដូចកំពុងឈរនៅមាត់ជ្រោះ ប្រសិនបើសោភា ពិតជាចាកចេញ ហើយទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស មែននោះ។

ប៉ុន្តែយ៉ាងណា រហូតមកដល់ពេលនេះ សោភា នៅតែមិនប្តូរចិត្តទេ គឺនាងនៅតែរៀបគោលការណ៍ថា នឹងដើរចេញពីផលិតកម្មថោន នៅដើមឆ្នាំ២០២០នេះ ព្រោះថោន លែងរវីរវល់នាងទៀតហើយ។

អ្នកជំនាញសិល្បៈជាច្រើនសុទ្ធតែយល់ថា សោភា នឹងទៅឈរជើងនៅផលិតកម្មរស្មីហង្សមាស ក្នុងពេលដ៏ខ្លីខាងមុខនេះ ព្រោះនាងមិនអាចដើរចូលផលិតកម្មសាន់ដេ ជាលើកទី២ឡើយ។ ប៉ុន្តែរឿងដែលមានការជជែកគ្នាមិនដាច់ពីមាត់មហាជននោះថា ហេតុអីបានជាថៅកែផលិតកម្មថោន មិនឃាត់ដំណើរនាង? ហើយអ្នកខ្លះឆ្ងល់ថា តើសោភា ចង់ចេញពីផលិតកម្មនេះដោយសារតែនាងមានការអន់ចិត្តថៅកែថោន រឿងអីទៅ ?

មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងច្រៀងនៅផលិតកម្មថោន ដោយគ្មានការកុងត្រាទេ។ ប៉ុន្តែនាងថា ការចូលផលិតកម្មរស្មីហង្សមាស ឬអត់នោះ នាងត្រូវការពិចារណាឱ្យបានច្បាស់លាស់ជាមុនសិន មិនអាចគិតដោយរហ័សពេកបានទេ។

នេះមិនមែនជាលើកទី១ឡើយ ដែលមាស សុខសោភា ចង់ដើរចេញពីផលិតកម្មថោន ប៉ុន្តែកន្លងមក នាងធ្លាប់បង្ហាញសញ្ញាដើរចេញពីទ្រនំនេះជាច្រើនដងមកហើយ។ ប៉ុន្តែគ្រាន់តែឮថា សោភា ចង់ចេញពីថោន ចូលហង្សមាស នោះ ក៏មានអ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីមួយចំនួនបានទូរស័ព្ទទៅឱ្យយោបល់សោភា កុំឱ្យទៅទ្រនំធំនោះ ដោយសំអាងថា ហង្សមាស នឹងមិនលើកសោភា ជាងសុគន្ធកញ្ញា ដែលជាប្អូនថ្លៃលោកថៅកែឡើយ។ ចំណុចនេះហើយដែលធ្វើឱ្យសោភា រារែកចិត្តក្នុងការធ្វើជាសមាជិករបស់ហង្សមាស ប៉ុន្តែពេលនេះនាងលែងមានជម្រើសទៀតហើយ គឺត្រូវតែប្តូរទ្រនំចាស់ផ្លាស់ចូលទ្រនំថ្មី។

គួរបញ្ជាក់ថា មាស សុខសោភា ជាតារាចម្រៀងដែលមហាជនមើលឃើញថា នាងជាកម្លាំងស្នូលដ៏សំខាន់របស់ផលិតកម្មថោន ហើយ បើតារារូបនេះហើរចេញពីថោន បានន័យថា ហង្សមាស នឹងលែងមើលមកថោន ថាគូប្រជែងរបស់ខ្លួនទៀតហើយ។

ប៉ុន្តែការសម្រេចចិត្តមិននៅរួមរស់ជាមួយថោន តទៅទៀតរបស់សោភា នៅពេលនេះ ចំពេលដែលតារាចម្រៀងលេងសម្រស់និងក្បាច់រាំ កញ្ញារ៉ាប៊ី កំពុងឡើងកូដខ្លាំងដែរ ទើបធ្វើឱ្យគេសង្ស័យថា សោភា អន់ចិត្តថោន លើកតែរ៉ាប៊ី តែមិនអើពើនាង រហូតលេចឮថា សោភា និងរ៉ាប៊ី មិនត្រូវគ្នាទៀតផង។ ប៉ុន្តែរ៉ាប៊ី ធ្លាប់បានប្រកែកហើយថា នាងនិងសោភា រាប់អានគ្នាធម្មតា។

រ៉ាប៊ី ទទួលស្គាល់ថា សោភា ច្រៀងបទស្លូវខ្លាំងគ្មានតារាណាអាចប្រៀបជាមួយបានឡើយ។ ប៉ុន្តែ រ៉ាប៊ី ថា នៅថោន ថៅកែមិនដែលហាមឃាត់តារាណាម្នាក់ដែលចង់ចេញនោះទេ ក្នុងនោះ រួមទាំងនាងផងដែរ។

ការតាំងចិត្តប្តូរផលិតកម្មរបស់មាស សុខសោភា នៅពេលនេះ មិនធ្វើឱ្យស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា ដែលជាអ្នកគ្រប់គ្រងផលិតកម្ម Camtrax នោះរារាំងដូចមុនទៀត ទេ ហេតុនេះហើយគេរង់ចាំមើលថា តើសោភា នឹងលេចមុខនៅហង្សមាស នាពេលខាងមុខនេះ មែនឬយ៉ាងណា?៕

RELATED ARTICLES