តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មថោន ដែលពូកែរាំគួរឱ្យក្នក់ក្នាញ់ កញ្ញាផាន វីរ៉ាទី បានឱ្យដឹងថា តាំងពីចុងឆ្នាំ២០១៩ និងនៅដើមឆ្នាំ២០២០ នេះ នាងត្រូវបានបណ្តាក្រុមហ៊ុនទាំងឡាយកក់ស្ទើរតែពេញៗអស់ទៅហើយ រកតែដកឃ្លាសម្រាកមិនបានទេ។ រ៉ាប៊ី ថា តាមរយៈគេត្រូវការបែបនេះ នាងបញ្ជាក់ថា បទចម្រៀងដែលនាងធ្វើកន្លងមក ត្រូវទីផ្សារ ឬបទចម្រៀងរបស់នាងមានការពេញនិយមច្រើនគួរសមផងដែរ។
ប៉ុន្តែរ៉ាប៊ី មិនបញ្ជាក់ថា អំឡុងពេលដែលទីផ្សារចម្រៀងត្រូវប៉ាន់ខ្លាំងជាងមុននេះ នាងរកប្រាក់ចំណូលបានក្នុង១ខែៗប៉ុន្មានឡើយ ខណៈដែលកាលពីដើមឆ្នាំ២០១៩ នាងថា អាចរកលុយបាន១ ម៉ឺនដុល្លារក្នុង១ខែៗ ពីអាជីពចម្រៀងក្រោយការផាត់ចំណាយផ្សេងៗ។

រ៉ាប៊ី មានតម្លៃខ្លួនច្រៀងតាម Concert ធំៗស៊ីថ្លៃ១៥០០ដុល្លារ ហេតុនេះហើយគេអាចសន្និដ្ឋានបានថា នាងរកលុយបានយ៉ាងហោចណាស់ក៏ខ្ទង់៣ម៉ឺនដុល្លារ ក្នុង១ខែៗដែរ នៅរដូវក្តៅនេះ ប្រសិនបើនាងចេញច្រៀងស្ទើរតែ៣០កម្មវិធីក្នុង១ខែ ដូចការអះអាងរបស់នាងមែន។

ភាពមមាញឹករបស់កញ្ញារ៉ាប៊ី នៅពេលនេះ ចំពេលដែលមាស សុខសោភា បានទទួលស្គាល់ថា នៅឆ្នាំនេះនាងមិនសូវចេញច្រៀងតាមបណ្តាខេត្តដូចមុនទេ ព្រោះគេមិនសូវធ្វើកម្មវិធីដូចមុន ទើបធ្វើឱ្យមានអ្នកខ្លះថា រ៉ាប៊ី អាចរកលុយបានច្រើនជាងសោភា ឬកំពុងតែប្រជែងទីផ្សាររៀមច្បងហើយ។

ប៉ុន្តែរ៉ាប៊ី បានទទួលស្គាល់ថា នាងមិនអាចប្រៀបផ្ទឹមជាមួយសោភា បានឡើយ ពិសេសគឺការច្រៀងបទស្លូវ គឺសុំចុះចាញ់តែម្តង ព្រោះគ្មានអ្នកណាច្រៀងលើរៀមច្បងម្នាក់នេះឡើយ។

រ៉ាប៊ី បានបោះបង់អាជីពពិធីការិនីនៅហង្សមាស លោតចូលផលិតកម្មថោន ត្រឹមរយៈពេលជាង២ឆ្នាំនេះ នាងមានទ្រព្យច្រើនស្ទើរមិនគួរឱ្យជឿឡើយ។

ស្រីស្អាតរូបនេះទិញបានផ្ទះល្វែង២ជុង តម្លៃ២០ម៉ឺនដុល្លារ និងវីឡាខ្នងតម្លៃ១៥ម៉ឺនដុល្លារ រួមទាំងរថយន្ត៣គ្រឿង គឺ Lexus Nx200t, Starex និង Lexus Rx300។ ជុំវិញការកើនទ្រព្យយ៉ាងរហ័សបែបនេះធ្វើឱ្យមានការសង្ស័យថា រ៉ាប៊ី មានប្រុសស្នេហ៍ឧបត្ថម្ភក្រោយខ្នង តែម្ចាស់បទ“លុយ លុយ លុយ” នេះថា នាងគ្មានប្រុសណាចិញ្ចឹមឡើយ៕