Monday, September 22, 2025
Homeតារាខ្មែរអតីត Freshie ម៉េង យៀកលី រៀបការជាមួយអ្នកជំនួញ គ្រោងយកកូន៤នាក់

អតីត Freshie ម៉េង យៀកលី រៀបការជាមួយអ្នកជំនួញ គ្រោងយកកូន៤នាក់

អតីត Freshie Girl លេខ២ កាលពីឆ្នាំ២០១៥​ ជំនាន់ទី១៤ អ្នកនាងម៉េង យៀកលី បានដឹកដៃលោកចន ប្រុស រៀបការតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ដែលកម្មវិធីជប់លៀងធំធ្វើនៅដឺព្រេមៀរ សិនធ័រ សែនសុខ។

មង្គលការនេះមានតែតារាសិល្បករជិតស្និទ្ធយៀកលី តិចតួចប៉ុណ្ណោះ ដែលត្រូវបានអតីតពិធីការិនីរូបនេះអញ្ជើញឲ្យចូលរួម ខណៈដែលអ្នកជំនួញវិញសម្រុកឡើងណែនសាលតែម្ដង។

ម៉េង យៀកលី បានឲ្យដឹងថា នាងនិងស្វាមីមានទំនាក់ទំនងគ្នាតាំងពីនៅរៀនវិទ្យាល័យម្លេះ ហើយស្វាមីនាងតែងតែអប់រំឲ្យនាងខិតខំរៀន ព្រោះនាងជាសិស្សពូកែម្នាក់។ នាងថា ស្វាមីរបស់នាងមិនចេះផ្អែមល្ហែមទេ គឺមានតែនិយាយថា បងនឹងរៀបការជាមួយអូន ឥឡូវគាត់ធ្វើតាមសន្យាមែន។

យៀកលី បន្តថា  កម្មវិធីជប់លៀងធ្វើជាង១០០តុ តែមិនអាចប្រាប់ពីការចំណាយបានឡើយ ហើយក្រោយរៀបការ នាងនឹងនាំស្វាមីទៅដើរកម្សាន្ដក្រេបចន្ទទឹកឃ្មុំនៅក្រៅស្រុក ខណៈដែលស្វាមីរបស់នាងចង់បានកូន៤នាក់ក្នុងគ្រួសារ។

ម៉េង យៀកលី អាយុ២៦ឆ្នាំ ខណៈដែលស្វាមីរបស់នាង លោកចន ប្រុសអាយុ៣៨ឆ្នាំ​ហើយអ្នកទាំងពីរសុទ្ធតែមានមុខជំនួញក្នុងដៃរៀងៗខ្លួន មុនពេលដែលពួកគេសម្រេចចិត្តដឹកដៃគ្នាចូលរោងការនេះ។

អ្នកនាងយៀកលី បាននាំចូលផលិតផលផាត់មុខផ្ដាច់មុខពីប្រទេសអ៊ីតាលី ខណៈដែលស្វាមីរបស់នាងជាអ្នកជំនួញលេចធ្លោម្នាក់ ហើយក្រោយរៀបការភ្លាមៗ លោកនឹងចុះអនុស្សារនៈជាមួយក្រុមហ៊ុនអាមេរិកមួយ មុនពេលនាំភរិយាដ៏ស្រស់ស្អាតទៅកម្សាន្ដនៅប៉ែកអឺរ៉ុប។

គូរបញ្ជាក់ថា ក្រោយជាប់ជា Freshie Girl លេខ២​ អ្នកនាងម៉េង យៀកលី បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកច្បាប់នៅសាកលវិទ្យាល័យមួយ និងបានចូលសិល្បៈរយៈពេលខ្លី ដូចជាធ្វើជាពិធីការិនីនៅទូរទស្សន៍បាយ័ន និង BTV ផងដែរ។

ប៉ុន្ដែដោយសារតែអាជីពសិល្បៈមិនឋិតថេរ ទើបយៀកលី បានងាកទៅលើផ្នែកជំនួញច្រើនជាងការលេងសិល្បៈ ហើយនាងថា នឹងប្រឹងបំពេញបំណងស្វាមី តាមរយៈការបង្កើតកូនឲ្យបាន៤នាក់ ដើម្បីឲ្យគ្រួសារកាន់តែមានសុភមង្គល៕

RELATED ARTICLES