តារាចម្រៀងថោន កញ្ញាបាន មុន្នីល័ក្ខ បានបើកក្រុមហ៊ុនកម្សាន្តមួយមានឈ្មោះថា BML Entertainment ដែលពេលនេះកំពុងវាយលុកតាមបណ្តាកម្មវិធីមង្គលការមួយចំនួន ហើយនាងថា នេះជាអាជីពថ្មីបន្ថែមពីលើចម្រៀងដែលមានស្រាប់។

មុន្នីល័ក្ខ ថា ក្រុមហ៊ុននេះបានដំណើរការកន្លះឆ្នាំមកហើយ ប៉ុន្តែកន្លងមកអ្នកខ្លះមិនដឹងទេ គឺទើបតែពេលថ្មីៗនេះ ដែលតារាជាច្រើនកាន់តែចាប់អារម្មណ៍សេវាកម្មកម្សាន្តដែលរៀបចំរបស់ក្រុមហ៊ុន នាង ដោយមានទទួលគ្រប់កម្រិតទាំងអស់ អាស្រ័យទៅលើអតិថិជនកុម្មង់ត្រូវការទៅតាមប្រភេទកម្មវិធីនីមួយៗ។

ទោះជាយ៉ាងណា បាន មុន្នីល័ក្ខ មិននិយាយថា នាងចំណាយអស់ទុនប៉ុន្មានដើម្បីដំណើរការក្រុមហ៊ុននេះឡើយ ខណៈដែលកន្លងមកគេឃើញលោកអាឡិច ចាន់ត្រា, យ៉ែម សំអូន និងម៉ារីអូ ជាដើម បានដំណើរការក្រុមហ៊ុនប្រភេទនេះមុននាង។

ប៉ុន្តែថៅកែស្រីរូបនេះមិនបារម្ភពិបាកក្នុងការប្រជែងទីផ្សារនោះទេ ខណៈដែលតាំងពីស្ពាយបង្វេចចេញពីផលិតកម្មហង្សមាស ចូលថោន មក មុន្នីល័ក្ខ កាន់តែលេចមុខលេចមាត់ច្រើនជាងមុន ពិសេសគឺថ្មីៗនេះនាងត្រូវលោកថៅកែថោន ពេញចិត្តផ្តល់តំណែងតួឯករឿង“ព្រហ្មលិខិតដុះស្លាប” ដែលត្រូវចាប់ដៃជាមួយម៉ៅ ហាជី ទៀតផង។

គួរបញ្ជាក់ថា បាន មុន្នីល័ក្ខ បានផ្តាច់ស្នេហ៍ពីអតីតគូដណ្តឹង DJ Cake ហើយពេលនេះមិនអាចផ្សះផ្សាស្នេហ៍ជាថ្មីបានឡើយ។ ប៉ុន្តែនាងថា រវាងនាងនិងលោកខេក ពេលជួបគ្នានៅនិយាយស្តីរកគ្នាជាធម្មតា ដោយគ្មានគំនុំគំកួនអ្វីទាំងអស់។

បាន មុន្នីល័ក្ខ ថា មិនទាន់រកឃើញគូស្នេហ៍ថ្មីទេ ខណៈដែលអាជីពសិល្បៈកាន់តែមមាញឹកជាងមុន នាងបានសម្រេចចិត្តផ្អាកចេញទៅច្រៀងសម្តែងនៅបរទេសមួយអន្លើសិន បើទោះជាពេលនេះមាន Sponsor មួយចំនួនបានទាក់ទងមកក្តី៕

