នៅទីបំផុត ចំណងស្នេហាស្រីស្អាតម៉ាក សែនសូនីតា ហៅតូតា និងលោកប៉ុល វិបូរ ហៅនីត បានឈានដល់ការកំណត់ថ្ងៃរៀបការជាក់លាក់ជាផ្លូវការហើយ ដោយពួកគេនឹងក្រាបសំពះផ្ទឹមតាមប្រពៃណីខ្មែរ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះហើយ។

មង្គលការរបស់តូតា និងលោកនីត ធ្វើនៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញ ដែលនឹងហៅភ្ញៀវតារា ល្បីៗរាប់រយនាក់ឱ្យចូលរួម ខណៈដែលការចំណាយវិញត្រូវបានគេប្រមាណថា មិនក្រោម១០ម៉ឺនដុល្លារឡើយ។
ក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ លោកប៉ុល វិបូរ ហៅនីត បានទទួលស្គាល់ថា ដំណឹងនេះគឺជាការពិតហើយ លោកនិងតូតា បានត្រៀមខ្លួនសម្រាប់ថ្ងៃពិសេសដែលនៅបាំងតែជាង១ខែទៀតនោះហើយ។

លោកនីត បានឱ្យដឹងថា “ខ្ញុំនិងគាត់ រៀបការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ហ្នឹងមែន! កម្មវិធីរបស់ពួកយើងធ្វើនៅសណ្ឋាគារសុខាភ្នំពេញ ហើយធ្វើជាលក្ខណៈកណ្តាលមិនធំដុំណាស់ណាទេ ប៉ុន្តែយើងត្រៀមទទួលភ្ញៀវជាង១០០តុទេ ក្នុងនោះមានទាំងអ្នកសិល្បៈនិងពីខាងក្រៅ។

លោកនីត បន្ថែមថា “ចំពោះការចំណាយវិញ យើងមិនទាន់អាចប្រមាណបានថា នឹងអស់លុយប៉ុន្មានទេ គឺចាំមើសភាពជាក់ស្តែងសិន។ មង្គលការរបស់ពួកយើង គឺស្វាគមន៍ដល់អ្នកកាសែតគ្រប់ ស្ថាប័នទាំងអស់តែម្តង យើងមិនមានរឿងអីត្រូវបិទបាំងទេ!”។
ម៉ាក សែនសូនីតា និងលោកប៉ុល វិបូរ បានភ្ជាប់ស្នេហ៍ជាមួយគ្នាជាង៥ឆ្នាំមកហើយ ដែលថ្មីៗនេះ តូតា បានងាកទៅធ្វើជំនួញជាមួយគូស្នេហ៍ច្រើនជាងលេងសិល្បៈ ដូចជា បើកភោជនីយដ្ឋាន និងហាងលក់សម្លៀកបំពាក់ដែលចំណាយទុនអស់រាប់សែនដុល្លារទៀតផង។

តូតា ក៏បង្ហាញសកម្មភាពរយាលៗពីអាជីពសិល្បៈ ហើយនាងតែងតែនាំគូស្នេហ៍ទៅដើរលេងនៅក្រៅស្រុកជាបន្តបន្ទាប់ ដោយទិញសុទ្ធតែអីវ៉ាន់ម៉ាកល្បីៗទៀតផង។ ប៉ុន្តែយ៉ាងណា លោកនីត បានអះអាងថា ក្រោយរៀបអាពាហ៍ពិពាហ៍រួច លោកនៅតែឱ្យភរិយាបន្តលេងសិល្បៈដដែលទេ ប្រសិនបើចិត្តនាងចង់។
អតីតអគ្គនាយករងទូរទស្សន៍ CTN រូបនេះ បន្ថែមទៀតថា “ខ្ញុំគិតថាសិល្បៈមិនអាក្រក់ទេ គឺល្អតើ! ហើយសំខាន់លើសមត្ថភាពរបស់យើង។ មិនមែនថាមានប្តីមានកូនហើយទស្សនិកជនលែងគាំទ្រនោះទេ។ ដូចជា អ្នកនាងឱក សុគន្ធកញ្ញា អ៊ីចឹង គាត់មានស្វាមីនិងកូន តែគាត់នៅមានអ្នកគាំទ្រច្រើនដដែល។ ចំពោះភរិយាខ្ញុំវិញ បើគាត់ចង់លេងសិល្បៈបន្តទៀតខ្ញុំមិនប្រឆាំងគាត់ទេ គឺធ្វើតាមចិត្តគាត់”។

ម៉ាក សែនសូនីតា មិនលើកទូរស័ព្ទឡើយ ទើបមិនអាចសុំការបំភ្លឺបន្ថែមពីលើគូស្នេហ៍បានទេ។ ប៉ុន្តែ មុនធ្លាយរឿងរៀបការនេះ តូតា បានប្រាប់អ្នកយកព័ត៌មានថា មង្គលការរបស់នាងនឹងយកហាងសម្អាងការដល់ទៅ៣ហាងផ្សេងគ្នា ហើយរាល់កម្មវិធីផ្សេងៗ ប្រើសម្អាងការដាច់ដោយឡែកពីគ្នាតែម្តង។ នាងថា ស្វាគមន៍អ្នកកាសែតណាចង់ទៅថត ឬ Live អី គឺធ្វើបានតាមចិត្តចង់ទាំងអស់។

លោកប៉ុល វិបូរ ហៅនីត បញ្ជាក់ថា ចំណុចដែលលោកសម្រេចចិត្តរៀបការជាមួយតូតា គឺនាងមានចំណុចល្អច្រើនណាស់ តែអ្វីដែលពិសេស គឺចាប់តាំងពីលោកស្គាល់នាងជាង៥ឆ្នាំនេះ តូតា មិនដែលក្បត់លោកឡើយ។

ដោយឡែក គម្រោងទៅក្រេបចន្ទទឹកឃ្មុំវិញ លោកថាទុកឱ្យភរិយាជាអ្នកជ្រើសរើសទីតាំង។ ចំណែករឿងយកកូនវិញ លោកថានឹងត្រេកអរខ្លាំងណាស់ ប្រសិនបើទេវតាប្រទានកូនឱ្យភ្លាមៗនោះ៕