Monday, September 22, 2025
Homeតារាខ្មែរទៀង មុំសុធាវី ចូលរោងការជាមួយអាណិកជនខ្មែរនៅបារាំង ឪពុកជាឯកឧត្តម

ទៀង មុំសុធាវី ចូលរោងការជាមួយអាណិកជនខ្មែរនៅបារាំង ឪពុកជាឯកឧត្តម

តារាចម្រៀងផលិតកម្មក្រៅស្រុក កញ្ញាទៀង មុំសុធាវី បានចូលរោងការជាមួយអាណិកជនខ្មែរ មកពីបារាំង លោកជួន សុកាន់ណារិទ្ធ នៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលពិធីមង្គលនិងជប់លៀងធំធ្វើនៅសណ្ឋាគារ សុខាភ្នំពេញ ដោយសុធាវី ហៅតារាល្បីៗរាប់រយនាក់ និងមានអាណិកជនខ្មែរ មកពីបារាំងមួយចំនួនផងដែរ ដែលជាភ្ញៀវខាងកូនប្រុស។

អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅទៀង មុំសុធាវី កាលពីថ្ងៃទី៥ ខែមករា ប៉ុន្តែទូរស័ព្ទចូល២ដង នាងមិនលើកឡើយ ទើបមិនអាចសុំការបំភ្លឺបានទេ។

ប៉ុន្តែយោងតាមធៀបការដែលនាងបានហៅតារារួមអាជីព បញ្ជាក់ថា ឪពុកក្មេករបស់នាងជាឯកឧត្តមសុន គន្ធរ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ចំណែកម្តាយក្មេករបស់នាង លោកជំទាវកុយ ម៉ារី។

ដោយឡែក ប្រភពពីតារាសិល្បៈរួម អាជីពបានបង្ហើបឱ្យដឹងថា ស្វាមីរបស់សុធាវី គឺជាអាណិកជនខ្មែរ ដែលមានទ្រព្យស្តុករស់នៅប្រទេសបារាំង ហើយពួកគេបានស្គាល់គ្នានិងមានទំនាក់ទំនងស្នេហា ក្រោយពីសុធាវី ទៅច្រៀងសម្តែងនៅទីនោះ។

ប្រភពបានឱ្យដឹងថា ក្រោយរៀបការរួច សុធាវី អាចនឹងចេញទៅរស់នៅតាមស្វាមីនៅបារាំង ហើយ ទំនងជាអាជីពចម្រៀងរបស់នាងអាចនឹងដល់ពេលបញ្ចប់ដូចអតីតតារាមួយចំនួនទៀត ដែលមានស្វាមីជាអាណិកជនដែរ។

កញ្ញាទៀង មុំសុធាវី មានទឹកដមសំឡេងក្រអួនក្រអៅ ពិសេសនាងត្រូវប៉ាន់ក្នុងការច្រៀងបទពីដើមៗឡើងវិញ ហើយកន្លងមកនាងថតសម្តែងឱ្យផលិតកម្មតោមាស និងរៃមាស ជាច្រើនផងដែរ។ ប៉ុន្តែដោយសារផលិតកម្មក្រៅស្រុកបិទទ្វារជាបន្តបន្ទាប់ ទើបធ្វើឱ្យសុធាវី ស្ងប់ស្ងាត់នៅរយៈពេលចុងក្រោយនេះ។

មុនសម្រេចចិត្តបើកបេះដូងទទួលយកគូស្នេហ៍នៅក្រៅស្រុកនេះ សុធាវី ធ្លាប់ត្រូវបានមន្ត្រីធំៗមួយចំនួនតាមឆ្វែលស្នេហ៍តារាស្រអែមស្រស់នេះ ប៉ុន្តែនៅទីបំផុត សុធាវី បានជ្រើសផ្លូវស្នេហ៍ “ជួញឆ្ងាយប្រសើរជាងជួញជិត” ទៅវិញ ទើបធ្វើឱ្យប្រុសៗមិនតិចរូបទេដែលខកស្នេហ៍អ្នកចម្រៀងសំនៀងស្រួយរូបនេះ។

ក្រៅពីទៀង មុំសុធាវី តារាដែលយកស្វាមីជាអាណិកជននៅប្រទេសបារាំង មានដូចជា អ្នកស្រីសូ សាវឿន, ជិន សិរីយ៉ា និងឈាន នីហ្សា ជាដើម។

ដោយឡែក មង្គលការរបស់សុធាវី នៅសណ្ឋាគារលំដាប់ផ្កាយ៥នេះ ត្រូវបានគេប្រមាណថា នឹងចំណាយលុយមិនក្រោម១០ម៉ឺនដុល្លារឡើយ ហើយក៍ជាមង្គលការដ៏ធំរបស់តារានៅដើមឆ្នាំ២០២០ នេះ បន្ទាប់ពីម៉ូលីកា រៀបការថ្ងៃទី១៨ ខែមករា និងម៉ាក សែនសូនីតា ដែលនឹងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ៕

RELATED ARTICLES