តារាចម្រៀងផលិតកម្មរស្មីហង្សមាស សុខ សីឡាលីន ត្រូវបានគេសង្ស័យថា នាងបានភ្ជាប់ស្នេហ៍ជាមួយពិធីកររូបសង្ហា ពិធីការិនីនៅទូរទស្សន៍ PNN លោកជីមមី ក្រោយពេលដែលសីឡាលីន ត្រូវអតីតសង្សារអ៊ុក មិន្ទណារិទ្ធ រៀបការចោល…។
យ៉ាងណា នៅពេលត្រូវសួររឿងទំនាក់ទំនងស្នេហាជាមួយប្រុសស្អាត សុខ សីឡាលីន ថា នាងនិងលោកជីមមី ត្រឹមជាមិត្តភក្តិគ្នា ហើយក៏គ្មានគម្រោងរៀបការជាមួយគ្នាដែរ…។

សុខ សីឡាលីន ចាត់ទុករឿងដែលគេនិយាយថា នាងជាសង្សារពិធីកររូបសង្ហារបស់ទូរទស្សន៍ PNN លោកជីមមី ជាការយល់ច្រឡំ ព្រោះតែនាងនិងប្រុសខ្ពស់ស្រឡះរូបនោះធ្លាប់បង្ហាញភាព ស្និទ្ធស្នាលជាមួយគ្នាជាញឹកញាប់ ប៉ុន្តែបើថា ស្និទ្ធគ្នាមានស្នេហាជាមួយគ្នានោះ នាងសូមធ្វើការច្រានចោលតែម្តង ហើយក៏គ្មានគម្រោងរៀបការជាមួយលោកជីមមី ដែរ។

ការអះអាងបែបនេះ ធ្វើឱ្យអ្នកខ្លះនៅតែសង្ស័យថា សុខ សីឡាលីន កំពុងព្យាយាមលាក់ស្នេហ៍ជាមួយប្រុសស្អាតច្រើនជាងវាចាការពិត។

សុខ សីឡាលីន វាចាថា “អូ! រឿងជាមួយលោកជីមមី ហ្នឹង! តាមពិត មកពីខ្ញុំនិងគាត់ធ្លាប់រួមការងារជាមួយគាត់ច្រើនដងដែរ ដូចជា កម្មវិធីរបស់ក្រសួងទេសចរណ៍ ជាដើម បានជាធ្វើឱ្យគេគិតថា ខ្ញុំនិងគាត់សង្សារគ្នាហ្នឹង។ ខ្ញុំនិយាយតាមត្រង់ទៅ រឿងហ្នឹងមិនអាចទៅរួចទេ ព្រោះខ្ញុំនិងគាត់ស្និទ្ធគ្នាតែពេលមានកម្មវិធីជួបគ្នាហ្នឹង។ នៅក្រៅឆាក ខ្ញុំនិងគាត់អត់ដែលទាក់ទងគ្នាទេ អ៊ីចឹងមានអីត្រូវជាសង្សារគ្នាទៅ? សម្រាប់ខ្ញុំដូចគាត់ដឹងហើយថា មិនសូវចេះទេរឿងលាក់បាំងគូស្នេហ៍អីហ្នឹង បើមានអត់ដែលបិទបាំងទេ ដូចជាកន្លងមករឿងស្នេហាខ្ញុំគេចុះផ្សាយគ្រប់គ្នា អ្នកណាៗក៏គេដឹងដែរ”។

សុខ សីឡាលីន ធ្លាប់ភ្ជាប់ស្នេហ៍ជាមួយតន្ត្រីករអ៊ុក មិន្ទណារិទ្ធ ប៉ុន្តែបានចែកផ្លូវគ្នាវិញ កាលពីឆ្នាំ២០១៨ ដោយលេចឮថា ម្តាយរបស់សីឡាលីន មិនពេញចិត្តលោកណារិទ្ធ ហើយបានជំទាស់ស្នេហ៍ ទើបធ្វើឱ្យតន្ត្រីករនៅក្រុមចចកសមុទ្ររូបនោះងាកទៅរៀបការប្រពន្ធថ្មី អ្នកនាងលឹម ហួ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

ក្រោយប្រេះឆាសង្សារចាស់នេះ សុខ សីឡាលីន បង្ហាញការស្នេហ៍ស្និទ្ធជាមួយលោកជីមមី ដូចគូសង្សារ ធ្វើឱ្យមិត្តរួមអាជីពថែមទាំងសរសើរថា ពួកគេស័ក្តិសមគ្នាទៀតផង។
សុខ សីឡាលីន បន្ថែមថា “រឿងគេថា ខ្ញុំនិងគាត់ (ជីមមី) សមគ្នាហ្នឹង ដោយសាតែពួកយើងលេងស្ទីលរបៀបអឺរ៉ុបដូចគ្នា អ៊ីចឹងហើយបានជាគេចូលចិត្តផ្គូរផ្គងយើងទាំង២។ ប៉ុន្តែដូចខ្ញុំប្រាប់ អ៊ីចឹងថា មិនមែនជាស្នេហាទេ គឺជាមិត្តភក្តិរួមអាជីព ហើយបើគាត់ជាសង្សារខ្ញុំមែន រឿងអីដែលខ្ញុំត្រូវប្រកែក ឬលាក់បាំង?”។

សុខ សីឡាលីន ថា ពេលនេះនាងមិនទាន់អាចកំណត់បានថា ពេលណាទើបចូលរោងការឡើយ បើទោះជាមុននេះ ប្អូនស្រីរបស់នាង សុខ ស្រីលក្ខណ៍ បានរៀបការមុន ហើយឥឡូវជិតបានកូនស្រីមួយទៅហើយក្តី ប៉ុន្តែសម្រាប់រូបនាងជាបងវិញនៅតែរកគូមិនទាន់ឃើញ៕