បន្ទាប់ពីសាងស្នេហ៍ជាមួយគ្នារហូតបានកូនប្រុសម្នាក់ដ៏ស្រស់ស្អាត នៅថ្ងៃខួបកំណើតលោកទិត ថាវរិទ្ធ ឆ្នាំនេះ ភរិយារបស់លោក គឺអ្នកនាងនៅ សុនិតា បានបង្ហោះសារផ្អែមល្ហែមដ៏វែងអន្លាយមួយ ធ្វើឲ្យមិត្តភក្តិក្នុងបណ្តាញសង្គមហ្វេសប៊ុក កោតសរសើរពីចំណងស្នេហ៍មួយនេះយ៉ាងខ្លាំង។

នៅ សុនិតា បានបង្ហោះសារថា “រីករាយថ្ងៃចាប់កំណើតលោកប្តីកំសត់ ជាមនុស្សដែលរឹងមាំគ្រប់រឿងមិនដែលមាត់មិនដែលត្អូញ ទោះជួបបញ្ហាធ្ងន់យ៉ាងណាក៏ដោយ រយះពេលជិតបីឆ្នាំដែលយើងស្គាល់គ្នា បញ្ហាតូចធំយើងបានស៊ូជាមួយគ្នាមិនដែលបោះបង់គ្នា ទ្រាំចាប់ដៃមកដល់ពេលនេះ កាន់តែពិបាកកាន់តែអាណិតស្រលាញ់កាន់តែមានអនុស្សាវរីយកាន់តែខ្លាំង។

សុនិតា បានបន្តថា “បើទោះបីពេលនេះបងមិនសង្ហាដូចមុន មិនមានពេលវេលាច្រើននាំដើរដូចមុន ក៏អូនមិនរសាយចិត្តពីបងទេ បងត្រូវចាំសុខចិត្តលំបាកហត់នឿយជាមួយគ្នា បងត្រូវកាន់ដៃអូនអោយជាប់កុំលែងដៃគ្នា បងត្រូវតស៊ូព្រោះមានក្មេងតូចម្នាក់កំពុងរង់ចាំបងមើលថែ និងភាពកក់ក្តៅពីបងខ្លាំងនោះគឺសង្ក្រាន្ត តាំងពីកូនកើតមកគ្នាមិនទាន់បានអោយប៉ាអោយណែនដូចម្តាយទេ អូន កូន និងគ្រួសារទាំងមូលចាំលើកទឹកចិត្តបងគ្រប់ពេល Thavrith Tith. ស្រលាញ់ និង គោរព”។

សុនិតា ក៏បានបង្ហោះសារបន្ថែមថា “អនុស្សាវរីយកំសត់ពីរនាក់ប្តី្រពន្ធ និងពូភាពម្នាក់ទៀតនៅក្នុង ambulance ពីសៀមរាបទៅប្រទេសថៃ យំលែងគិតពីខ្លួនសរសៃខ្ចីរឺទាស់ទេ ទាំងដឹងថាជិះឡានហ្នឹងប្រាកដជាពុលក្អួត តែទៅជាលែងអី អ្នកណាសួរអីក៏លែងឆ្លើយ អាណិតប្តីខ្លាំងណាស់ដែលមិនអាចកំរើកសូម្បីតែដៃ បើកភ្នែកមឹសៗមើលប្រពន្ធខ្លាចប្រពន្ធពុលឡានអស់កំលាំងឆ្លៀតបារម្មណ៏ពីប្រពន្ធ អោយប្រពន្ធសំងំគេង ទាំងដែលខ្លួនសល់កំលាំងប្រហែល20%”។

នៅ សុនិតា បន្តទៀតថា” ទៅដល់ប្រទេសថៃគេបានដាក់បងនៅបន្ទប់ icu មិនអោយចូលសូម្បីតែប្រពន្ធតែខ្ញុំសុំពេទ្យក្រាលកន្ទេលគេងជិតប្តីក៏បានព្រោះគាត់រកតែខ្ញុំទេដែលអាចដឹងពីគ្រប់យ៉ាងរបស់គាត់ ពេទ្យនៅតែមិនអោយ រយះពេលមួយខែកន្លះដែលខ្ញុំនៅមើលថែគាត់នៅពេទ្យរូបភាពគ្រប់បែបយ៉ាងដែលយើងបានសន្យាគ្នានៅក្នុងបន្ទប់ពេទ្យថា យើងកុំលែងដៃគ្នាទោះក្នុងកាលះទេសះណាក៏ដោយ បងឆ្លៀតផ្តែផ្តាំប្រាប់អូនទៀតទាំងទឹកភ្នែកប្ហែលជាគិតថាខ្លួនគ្មានសង្ឃឹម បណ្តាំអូនចាំមិនភ្លេច ថ្ងៃខ្លះយំនៅលើដៃបងក៏មាន ទឹកភ្នែកហូររាល់ថ្ងៃ យំឡើងលែងទាស់ នៅពេទ្យប្រៀបដូចនៅផ្ទះតែមិនដែលតូចចិត្តព្រោះអូនបានសន្យាថានឹងយកបងមកផ្ទះអោយបាន”។

សុនិតា បន្តទៀតថា “មនុស្សដែលដឹងចិត្តនិងស្គាល់ចិត្តអូនច្បាស់ជាងគេបន្ទាប់ពីម៉ាក់ប៉ា គឺប្តីនេះហើយ អ្នកដទៃបានត្រឹមតែមិនចូលចិត្តខ្ញុំ និងមិនអោយតំលៃត្រឹមសំបកក្រៅ ប្តីកាន់តែលំបាកកាន់តែចង់នៅក្បែរមិនដែលហ៊ានដើរចោលលើកលែងកម្មវិធីរឺប្រជុំខានមិនបាន បងប្អូនមើលរូបនេះទៅបើសិនជាបងប្អូនជាកូនសង្ក្រាន្តខ្ញុំវិញតើមានអារម្មណ៏ក្តុកក្តួលប៉ុណ្ណា នៅពេលឃើញឪពុកខ្លួនស្ថិតក្នុងសភាពបែបនេះ ខ្ញុំមើលរូបហ្នឹងពេលណាគឺទឹកភ្នែកហូររហូត តែពេលនេះការសន្យាយើងក្លាយជាការពិតហើយអូនអាចកាន់ដៃបងមកផ្ទះយើងវិញ”។

នៅ សុនិតា បន្ថែមថា “អរគុណជាពិសេសខ្លាំងដល់មនុស្សម្នាក់ដែលរាល់ពេលជួបការលំបាកគឺមានវត្តមានលោកជានិច្ច គ្មានអ្វីដែលអាចសងលោកវិញបានទេ អរគុណបងសិទ្ធដែលគ្រប់ពេលនៅពេទ្យគឺមានគាត់នៅក្បែរពួកយេីងរហូត និងបងប្អូនក្រុមគ្រួសារដែលទៅលើកទឹកចិត្តគ្រ់ប់ពេលចំណាយពេលនិងថវិកាទិញសំបុត្រផ្ទាល់ខ្លួនដល់ប្រទេសថៃ អរគុណមន្ទីរពេទ្យដែលបំពេញការសន្យាយើងទាំងពីរអោយប្តីខ្ញុំមកជាធម្មតាវិញ រីករាយថ្ងៃកំណើតលោកប្តីសំលាញ់ចិត្ត ត្រូវចាំថាអូនមិនដែលចាកចោលបងទេទោះកាលះទេសះណាក៏ដោយលើកលែងតែបញ្ហាណាមួយផ្សេង Thavrith Tith Sangkranta Thanarith អរគុណទេវតាដែលមើលឃើញពីទង្វើល្អ រឹងមាំ មោះមុតប្តីខ្ញុំ អរគុណបងស្រីសំលាញ់ខ្ញុំមួយទៀត បងVuth Chanmoly ដែលឆាតសួរគ្រប់ពេលគ្រប់ពេលវេលាពីសុខទុក្ខខ្លាំងជាងគេ”។

គួរបញ្ជាក់ថា នៅ សុនិតា និងលោកទិត ថាវរិទ្ធ តែងតែបណ្តើរគ្នាយ៉ាងត្រសងជាមួយនិងកូនយ៉ាងមានសេចក្តីសុខ និងសុភមង្គល។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនចង់ឃើញខ្លាំងនោះ គឺអ្នកទាំងពីរដឹកដៃគ្នាចូលរោងការតាមប្រពៃណី ទំនៀមទម្លាប់ត្រឹមត្រូវ។

យ៉ាងណា បន្ទាប់ពីមានកូនប្រុសម្នាក់ លោកទិត ថាវិទ្ធ បានអនុញ្ញាតឲ្យភរិយាដ៏ស្រស់ស្អាតលេងសិល្បៈបានដូចធម្មតា ពោលគឺលោកមិនមានការប្រចណ្ឌនោះទេ។ ហើយសុនិតា ក៏តែងតែគោរពតាមការណែនាំរបស់ស្វាមីផងដែរ៕