សុគន្ធ និសា មមាញឹកកាន់តែខ្លាំងជាមួយការថតសម្តែងភាពយន្តរឿងថ្មី “ចំណតថ្មីនៃសុភមង្គល” ដែលត្រូវប៉ះជាមួយប្រុសរូបសង្ហា លោកណាខុន។ នេះជាភាពយន្តទី៤ហើយសម្រាប់និសា បន្ទាប់ពីនាងបានថតសម្តែង៣រឿងមកហើយ មានដូចជារឿង “សិសិររដូវក្នុងបេះដូង”, “រាជិនីភូមិគ្រឹះ” និងរឿង “ព្រះវេស្សន្តរជាតក” ដែលនាងលេងសុទ្ធតែតួឯកទាំងអស់។

ដោយឡែក ភាពយន្តថ្មីរឿង “ចំណតថ្មីនៃសុភមង្គល” នេះជាការដឹកនាំដោយលោកសេង សុវណ្ណារ៉ា ហើយមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនដួងទៀត មានដូចជា លោកសាវីន ហ្វីលីព និងតារាកំពូលដើមទ្រូងធំ អ្នកនាងកុល ដាវី ជាដើម។

គេកត់សម្គាល់ថា តាំងពីមានស្វាមីមក សុគន្ធ និសា បានងាកមកសម្រុកថតភាពយន្តជាងផ្តោតលើអាជីពចម្រៀងនៅរយៈពេល ចុងក្រោយនេះ ទើបធ្វើឱ្យទីផ្សារចម្រៀងរបស់នាងប្រឈមភាពស្ងប់ស្ងាត់ជាងមុន។

និសា ទើបចេញបទល្បីបាន១បទប៉ុណ្ណោះ តាំងចេញពីថោន ចូលហង្សមាស វិញ គឺបទ “ឱ្យបង អស់ពីចិត្ត តែមិនដឹងបងអស់ចិត្ត” ខណៈដែលនៅតាមបណ្តាកម្មវិធីប្រគំតន្ត្រីមួយចំនួន នាងបានយកបទល្បីចាស់ៗមកច្រៀងឡើងវិញ ដូចជាបទ “ស្រលាញ់អូនច្រើនៗ”, “អារម្មណ៍ពេលបែកគ្នា”ជាដើម។
ដោយឡែក ការសម្រុកថតរឿងជាបន្តបន្ទាប់នៅរយៈពេលចុងក្រោយនេះ គឺនិសា អាចចង់បន្សល់ស្នាដៃចុងក្រោយរបស់នាង មុនពេលដែលតារារូបនេះ ត្រូវចេញទៅរស់នៅតាមស្វាមីនៅសហរដ្ឋអាមេរិក នាពេលខាងមុខនេះ។

សុគន្ធ និសា ពិបាកប្រជែងទីផ្សារចម្រៀងនៅរយៈពេលចុងក្រោយនេះ ព្រោះផលិតកម្មរស្មីហង្សមាស មានតារាវ័យក្មេងកាន់តែច្រើនដួង ទើបធ្វើឱ្យនាងបាត់មុខពីបណ្តាកម្មវិធីប្រគំតន្ត្រីធំៗមួយចំនួន។
ទោះជាយ៉ាងណា ថៅកែផលិតកម្មរស្មីហង្សមាស នៅតែជឿទុកចិត្តស្នាដៃនាងក្នុងការសម្តែងភាពយន្ត ទើបផ្តល់តំណែងជាតួឯកឱ្យនិសា ជាបន្តបន្ទាប់តែម្តង ដែលធ្វើឱ្យនាង ទោះស្ងប់ស្ងាត់ក្នុងអាជីពចម្រៀងមែន ប៉ុន្តែនៅលេចមុខតាមភាពយន្តជាហូរហែ ដែលអាចទប់លំនឹងនាងមិនឱ្យធ្លាក់ ចុះខ្លាំងបាន។

ប៉ុន្តែអ្វីដែលមហាជនកត់សម្គាល់នោះ គឺតាំងពីសុគន្ធ និសា បាត់បង់តំណែងធំជាគណៈកម្មការ The Voice Kids Cambodia រដូវកាលទី២មក ពេលនេះនាងមិនទាន់បានតំណែងធំណាមួយលួងចិត្តពីថៅកែហង្សមាស ឡើយ ទើបធ្វើឱ្យប្រជាប្រិយភាពរបស់នាងនៅតែមិនទាន់អាចប៉ះប៉ូវមកវិញបានដដែល។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ជាមួយអាណិកជនខ្មែរ មកពីរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក ហើយក្រោយរៀបការជាង២ឆ្នាំនេះ និសា នៅតែមិនទាន់ពពោះនៅឡើយ។

និសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងនឹងអាចយកកូននៅពេលដែលបានវីសាពីស្ថានទូតអាមេរិក នាពេលខាងមុខ ដែលមានន័យថា នាងចង់ផ្តល់កំណើតឱ្យកូនដំបូង គឺកើតមកភ្លាមបានសញ្ជាតិអាមេរិក ភ្លែតតែម្តង។ ដោយឡែក ក្រៅពីអាជីពសិល្បៈពេលនេះ និសា ងាកមកពង្រឹងមុខជំនួញជាបន្តបន្ទាប់ តាមរយៈការបើកហាងគុយទាវខ្ចប់, កាហ្វេ និងចេកឆឹងប្រអប់ ជាដើម៕