បទចម្រៀងដ៏ល្បីល្បាញរបស់អធិរាជសំឡេងមាស លោកតាស៊ិន ស៊ីសាមុត ដែលមានចំណងជើងថា ”ព្រោះតែអូន” ត្រូវបានអ្នកស្រីទ្រី ដាណា ដែលគេស្គាល់ថាជាម្ចាស់ហាងពេជ្រ និងម្ចាស់ប្រេន NNP បានយកមក Cover ឡើងវិញសម្រាប់ជាការស្ដាប់កម្សាន្ដ និងចង់គាស់កកាយបទចម្រៀងមរតកដើមៗ ដែលកប់ចោលឲ្យមានការចាប់អារម្មណ៍ឡើងវិញ ដើម្បីឲ្យយុវវ័យជំនាន់ក្រោយៗបានស្ដាប់ និងនឹករលឹកដល់ម្ចាស់សំនៀងដើមនោះ ទទួលបានការគាំទ្រច្រើនពីអ្នកចូលទស្សនាលើបណ្ដាញ You Tube រហូតដល់ទៅចំនួន៦លាននាក់ (Views 6M) គិតត្រឹមតែ១ខែប៉ុណ្ណោះ។

ទោះយ៉ាងណា អ្នកស្រីទ្រី ដាណា បានបញ្ជាក់ថា ការយកបទពីដើមៗមកច្រៀងឡើងវិញនៅពេលនេះ អ្នកស្រីគ្មានបំណងយកទៅធ្វើអាជីវកម្ម ដើម្បីផលប្រយោជន៍ណាមួយ ឬក៏រកលុយតាម YouTube មួយកាក់មួយសេនណាទេ ។
អ្នកស្រីបន្ថែមថា ការដែលអ្នកស្រីចំណាយថវិកាផ្ទាល់ខ្លួនអស់ជាច្រើន ដើម្បីធ្វើបទចម្រៀងនេះឡើងវិញ គឺគ្រាន់តែជាការស្ដាប់កម្សាន្ដសប្បាយ បន្ធូរអារម្មណ៍ កុំឲ្យតានតឹងនិងអាជីវកម្មរបស់អ្នកស្រីតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត អ្នកស្រីក៏ចង់ផ្ញើបទចម្រៀងដែលជាសំនៀងរបស់លោកស្រី ទៅកាន់ស្រី្ដប្រមាណ៧ម៉ឺននាក់ ដែលជាតំណាងចែកចាយរបស់ផលិតផលគ្រឿងសំអាង NNP នៅទូទាំងប្រទេស ជាការស្ដាប់កម្សាន្ដផងដែរ ។

អ្នកស្រីបញ្ជាក់ថា ការយកបទចម្រៀងរបស់លោកតាស៊ិន ស៊ីសាមុត Cover ឡើងវិញនេះ គឺដោយសារតែចិត្តស្រលាញ់ និងឃើញបទចម្រៀងមរតកដើម ត្រូវបានកប់ចោល មិនសូវមានអ្នកស្ដាប់ច្រើនទេ គឺមានតែមនុស្សវ័យចំណាស់ៗ ដែលស្ដាប់បទចម្រៀងមរតកដើម។ ចំណែកយុវវ័យជំនាន់ក្រោយគឺចូលចិត្តតែបទចម្រៀងបែបបែកស្លុយ ហេតុនេះហើយបានជាអ្នកស្រីច្រៀងបទនេះឡើងវិញ ជាការពញាក់ និងដាស់អារម្មណ៍ដល់ប្អូនៗឲ្យងាកមកស្ដាប់បទចម្រៀងមរតកដើមរបស់យើង។

អ្នកស្រីទ្រី ដាណា ក៍បានថ្លែងអំណរគុណដល់ប្រជាជនទាំងអស់ ដែលបានស្រលាញ់ និងគាំទ្រ អ្នកស្រីទាំងបទចម្រៀងនិងមុខជំនួញ ដោយមានអ្នកខ្លះបានសរសើរថា អ្នកស្រីពូកែទាំងរកស៊ីហើយសំនៀងក៏ពិរោះថែមទៀតផង បើទោះជាលោកស្រីមិនមែនជាអ្នកសិល្បៈក៍ដោយ។

ក្រៅពីបាន Cover បទ ”ព្រោះតែអូន” នេះ អ្នកស្រីទ្រី ដាណា ក៏ធ្លាប់ផលិតបទចម្រៀងមួយចំនួនទៀតដែរ ដូចជា បទ ”ទឹកភ្នែកសម្រាម”, ”ហាងឆេងមេម៉ាយ”, ”យល់ច្រឡំ” និងបទ ”រាំផ្លាស់ឆ្នាំចាស់” ជាដើម។

ចំណែកសម្រាប់ឆ្នាំ២០២០នេះវិញ អ្នកស្រីបានត្រៀមផលិតបទចម្រៀងចំនួន៥០បទបន្ថែមទៀត ដើម្បីបំរើអារម្មណ៍បងប្អូនទាំងអស់ គ្រាន់ជាការស្ដាប់កម្សាន្ដ៕