ខេត្តរតនគិរី ៖ គួរឲ្យសង្វេគណាស់ ប្តីប្រពន្ធវ័យក្មេងមួយគូបានព្រាត់គ្នាគ្មានថ្ងៃជួប ដោយនារីជាប្រពន្ធបានឈឺស្លាប់ បន្ទាប់ពីរៀបការបាន២ឆ្នាំ ធ្វើឲ្យបុរសជាប្តីដែលទួញសោកឱសពប្រពន្ធ រៀបរាប់ថា ២ឆ្នាំមុន បងមកស្រុកអូន រៀបការ ឆ្នាំនេះបងមកស្រុកអូន ធ្វើបុណ្យសពប្រពន្ធ ជាមួយដៃដាស់អង្រួនសពប្រពន្ធ “ងើបឡើងអូន គេងយូរម៉្លេះ យើងចាប់ដៃគ្នាដើទៅមុខទៀត”។

បុរសជាប្តីដែលទួញសោកឱបសពប្រពន្ធនោះ មានឈ្មោះ ពៅ វិរ:បុត្រ អាយុជាង២០ឆ្នាំ មុខរបរបោះពុម្ពធៀបការ រស់នៅស្រុកវើនសៃ ខេត្តរតនគិរី ។ ចំណែកនារីជាប្រពន្ធ ឈ្មោះសោម ស្រីពៅ អាយុ ១៩ឆ្នាំ មុខរបរលក់ផលិតផលអនឡាញ រស់នៅស្រុកវើនសៃ ខេត្តរតនគិរី។

តាមប្រភពបុរសជាប្តី បានឲ្យដឹងថានារីជាប្រពន្ធ (សព) បានធ្លាក់ខ្លួនឈឺជាងមួយឆ្នាំមកហើយ មុននឹងទទួលមរណភាពទាំងវ័យក្មេង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ហើយសពរបស់នាងត្រូវបានធ្វើពិធីបូជា នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ធ្វើឲ្យគេសោកស្តាយជាពន់ពេក ព្រោះនាងធ្លាប់បានសន្យាជាមួយគេថា នឹងកាន់ដៃគ្នា កសាងគ្រួសារមួយដ៏កក់ក្តៅ តែឥឡូវ ប្រពន្ធទៅចោលគេជារៀងរហូតហើយ។

បុរសជាប្តី បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ថា “បងមកស្រុកអូន ២ឆ្នាំមុន យើងសង់រោងការ បងមកឆ្នាំនេះ សង់រោងបុណ្យសព …។ ខ្ញុំតឹងទ្រូងណាស់… បើមានជាតិក្រោយពិត បងផ្សងជួបអូនទៀតណាអូនណា! សូមវត្ថុស័ក្តិសិទ្ធិ តាមថែរក្សាប្រពន្Fខ្ញុំ ទៅកាន់សុគតិភពផងចុះ! សាធុៗៗ»។

បុរសជាប្តី បានសរសេរបន្ថែមថា «ងើបឡើងអូន! គេងយូរម៉្លេះ? យើងចាប់ដៃគ្នាដើទៅមុខទៀត … សន្យានឹងគ្នាហើយថា កសាងគ្រួសាមួយ ម្តេចអូនធ្វើមិនបាន? យើងស្រលាញ់គ្នាណាស់ ប្រពន្ធសម្លាញ់ ម្តេចអូនសង្ខារខ្លីម្លេះ?…”៕


