Wednesday, July 16, 2025
Homeព័ត៌មានជាតិគេលួចប្រើហ្វេសប៊ុក ឆាតសុំស្រី... ម្ចាស់ពិតភ័យ ចេញមុខប្រកែក

គេលួចប្រើហ្វេសប៊ុក ឆាតសុំស្រី… ម្ចាស់ពិតភ័យ ចេញមុខប្រកែក

ខេត្តកណ្តាល ៖ បុរសម្នាក់បានលក់ទូរស័ព្ទរបស់ខ្លួនជិត១ឆ្នាំមកហើយ ប៉ុន្តែដោយសារមានការធ្វេសប្រហែសភ្លេចលុបគណនីហ្វេសប៊ុកផ្ទាល់ខ្លួនចោល ស្រាប់តែត្រូវអ្នកទិញយកទៅប្រើប្រាស់ រួចបានយកទៅបង្ហោះរូបអាសអាភាស និងឆាតទៅស្រីៗជាច្រើននាក់ ដោយប្រើពាក្យអាសអាភាស ដូចជាចង់ខាំក្បាលដោះ និងសមលិទ្ធប្រដាបភេទ ជាដើម លុះម្ចាស់ដើមប្រទះឃើញភ្ញាក់ខ្លួន ក៏ប្រញាប់ចេញមុខបំភ្លឺនិងបដិសេធ ព្រមទាំងសំណូមពរឱ្យសមត្ថកិច្ចជំនាញជួយស៊ើបអង្កេត វែកមុខជនអនាមិករូបនោះផង។

បុរសរងគ្រោះខាងលើ មានឈ្មោះលឿង លាង អាយុ៥៣ឆ្នាំ មានលំនៅក្នុងភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ជាម្ចាស់ដើមរបស់គណនីហ្វេសប៊ុកឈ្មោះ Hunii Love។

លោកលឿង លាង បានរៀបរាប់ប្រាប់ថា លោកសុំបដិសេធមិនទទួលខុសត្រូវចំពោះគណនីហ្វេសប៊ុកឈ្មោះ Hunii Love ដែលមានតាំងរូបលោកដាក់ប្រូហ្វាល់ ពាក់អាវពណ៌ផ្កាឈូក មួកពណ៌ខ្មៅ ដោយពុំមានតាំងរូបខូវ័រ (Cover) ពីក្រោយនោះឡើយ។ ដោយហេតុថា គណនីហ្វេសប៊ុកមួយនោះ លោកបានឈប់ប្រើប្រាស់រយៈពេលជិត១ឆ្នាំ មកហើយ។

លោកលឿង លាង បានបន្តថា កាលពីចុងឆ្នាំ២០១៩ លោកបានលក់ទូរស័ព្ទស្មាតហ្វូន ១គ្រឿង នៅហាងចំណាន ផ្សារកំពង់ពពិល ស្រុកពារាំង ដោយពុំបានលុបគណនីហ្វេសប៊ុកឈ្មោះ Hunii Love ចេញទេ ជាហេតុនាំឱ្យជនអនាមិកដែលទិញទូរស័ព្ទនោះ មានឱកាស គ្រប់គ្រងគណនី  Hunii Love ដោយលោកពុំដឹងខ្លួនទាល់តែសោះ។ បន្ទាប់មកលោកបានទិញទូរស័ព្ទថ្មី និងបង្កើតគណនីថ្មី ឈ្មោះ Hunii Love ដូចគ្នា ប៉ុន្តែតាំងរូបប្រូហ្វាល់ និងខូវ័រ ខុសគ្នា។

លោកលឿង លាង បានបញ្ជាក់ថា  គណនីដែលលោកកំពុងប្រើប្រាស់ គឺឈ្មោះ Hunii Love “ អក្សរអង់គ្លេសដូចគ្នា ប៉ុន្តែរូបខុសគ្នា ដោយគណនីដែលលោកកំពុងប្រើប្រាស់ មានតាំងរូបលោកដាក់ (ប្រូហ្វាល់) ពាក់អាវពណ៌ស មួយពណ៌ខ្មៅ និងតាំងរូបផ្ទះ ជាខូវ័រ ពីក្រោយ ហេតុនេះសូមឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ដែលត្រូវគណនីហ្វេសប៊ុកចាស់របស់លោក ចូលទៅខមិនជេរប្រមាថ បង្ហោះរូបអាសអាភាស និងធ្វើទង្វើអសីលធម៌ផ្សេងៗ កុំមានការយល់ច្រឡំមកលើរូបលោក ព្រោះលោកពិតជាមិនបានដឹងខ្លួនទាល់តែសោះ និងទើបភ្ញាក់ខ្លួន ក្រោយពីមានការបង្ហោះចែកចាយនូវពាក្យពេចន៍មិនសមរម្យទៅលើនារីភេទ ព្រមទាំងការបង្ហោះរូបអាសអាភាសមួយចំនួនផ្សេងទៀត នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក។

ជាមួយនេះ លោកលឿង លាង ក៏បានសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ វែកមុខជនអនាមិកដែលបង្កបញ្ហាទាំងប៉ុន្មានខាងលើ យកមកទទួលខុសត្រូវចំពោះមុខច្បាប់ផង៕

RELATED ARTICLES