Friday, November 21, 2025
Homeព័ត៌មានជាតិរដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់អនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់អនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចហេង សំរិន ប្រធានរដ្ឋសភា បានបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៦ ក្នុងនោះ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានអង្គរដ្ឋសភា អនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងមូល ចំនួន១១៦សំឡេង។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម មាន ៣មាត្រា។ លោកវ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណ:កម្មាធិការចម្រុះកិច្ចការព្រំដែន និងសហការីជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់នេះ។    

ទោះជាយ៉ាងណា លោកអ៊ុំ​ សំអាន អតីតតំណាងរាស្ត្រ និងជាប្រធានគណ:កម្មការកិច្ចការព្រំដែននឹងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសមិនទទួលស្គាល់ការអនុម័ត​យល់ព្រមរបស់រដ្ឋសភា លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម នេះឡើយ ហើយថា ការអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ ដោយរដ្ឋសភាឯកបក្ស នឹងត្រូវទុកជាមោឃៈ ។

លោកអ៊ុំ សំអាន បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “គណបក្សសង្រ្គោះជាតិ សូមថ្កោលទោសនិងបដិសេធ មិនទទួលស្គាល់ការអនុម័តយល់ព្រមរបស់រដ្ឋសភាឯកបក្ស លើសេចក្តីព្រាងច្បាប់​ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម នៅថ្ងៃនេះ។ ការអនុម័តយល់ព្រមរបស់រដ្ឋសភាឯកបក្សនេះ គឺជាការយល់ព្រមកាត់ទឹកដីខ្មែរ ទៅឲ្យប្រទេសវៀតណាម។

យ៉ាងណាក៏ដោយ ការអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ ដោយរដ្ឋសភាឯកបក្សដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ ឬបោះឆ្នោតបង្គ្រប់កិច្ច នឹងត្រូវទុកជាមោឃៈ។ សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងអនុលោមតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាកម្ពុជា ហើយសន្ធិសញ្ញាឆ្នាំ១៩៨៥ នេះត្រូវបានលុបចោលរួចហើយដោយមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ និងមាត្រា១ ចំណុច ២ឃ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។

សមាជិករដ្ឋសភាឯកបក្ស ចំនួន ១១៦រូប ដែលបានលើកដៃអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ នឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្តកម្ពុជា និងក្នុងបញ្ជីខ្មៅ នាពេលអនាគតថាជាជនក្បត់ជាតិ ដូចលោកហ៊ុន សែន ដែរ ដែលបានចូលរួមក្នុងការកាត់ទឹកដីខ្មែរ ទៅឲ្យវៀតណាម។

ជាមួយនេះ នៅថ្ងៃដដែលនោះ អតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ក៏បានចេញសេចក្តីថ្លែងការណ៍ មិនទទួលស្គាល់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម នេះផងដែរ។

ទោះជាយ៉ាងណា ជុំវិញការប្រកាសមិនទទួលស្គាល់របស់អតីតបក្សប្រឆាំង ចំពោះការអនុម័តសេចក្តីព្រាងច្បាប់ខាងលើខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់ បញ្ជាក់ឆ្លើយតបពីអ្នកនាំពាក្យរដ្ឋសភា បានទេ កាលពីម្សិលមិញ៕​

RELATED ARTICLES